រដ្ឋធានីហ្សាការតា ៖ សមាជិកសភាជាតិរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ បានអនុម័តច្បាប់ដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូររដ្ឋធានី ចេញពីទីក្រុងហ្សាការតា ទៅតាំងនៅទីកន្លែងថ្មី ស្ថិតនៅភាគខាងកើត តំបន់កាលីម៉ាន់តាន់ (Kalimantan) កោះប័រណេវ (Borneo) ហើយរដ្ឋធានីថ្មីនោះ ត្រូវដាក់ឈ្មោះ ជាទីក្រុង «Nusantara» ដែលមានន័យ តាមភាសាឥណ្ឌូណេស៊ី ថា «ប្រជុំកោះ» ។

សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ថា សមាជិកសភាជាតិ កាលពីថ្ងៃអង្គារ ទី១៨ បានយល់ព្រមដល់ការផ្លាស់ប្ដូររដ្ឋធានី ចេញពីទីក្រុងហ្សាការតា ទៅតាំងនៅកន្លែងថ្មី នាភាគខាងកើត តំបន់ Kalimantan ស្ថិតក្នុងកោះប័រនីវ (Borneo) ។
កោះ Borneo មានផ្ទៃដីទំហំ ៧៤៣ ៣៣០គីឡូម៉ែត្រការ៉េ ហើយវាជាកោះមួយដ៏ធំជាងគេបំផុត លំដាប់ទី៣ របស់ពិភពលោក។ កោះ Borneo គ្រប់គ្រង៧៣ភាគរយ ដោយឥណ្ឌូណេស៊ី និងផ្ទៃដី២៦ភាគរយ នៅភាគខាងជើង នៃកោះនេះ គ្រប់គ្រងដោយប្រទេសម៉ាឡេស៊ី និង ១ភាគរយ គ្រប់គ្រង ដោយប្រទេសប៊្រុយណេ។

លោកស្រី Sri Mulyani រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ថា ការអភិវឌ្ឍន៍រដ្ឋធានីថ្មីនេះ នឹងមាន៥ដំណាក់កាល។ ដំណាក់កាលដំបូង នឹងចាប់ផ្ដើម នៅឆ្នាំ២០២២ ហើយរៀបចំរហូតដល់ឆ្នាំ២០២៤។ ចំណែកការអភិវឌ្ឍន៍ទីក្រុងថ្មីនេះ នឹងបន្ដធ្វើ រហូតដល់ឆ្នាំ២០៤៥ ដោយការប៉ាន់ប្រមាណ មុនដំបូង អាចនឹងចំណាយ រហូតដល់៤៦៦ពាន់ពាន់លានរូពី(Rupiah លុយឥណ្ឌូណេស៊ី) ឬស្មើនឹង៣២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោក Suharso Monoarfa រដ្ឋមន្រ្ដីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី បានបញ្ជាក់នៅតាមបណ្ដាញទូរទស្សន៍សភាជាតិឥណ្ឌូណេស៊ី ថា «ការផ្លាស់ប្តូររដ្ឋធានី ទៅតំបន់ Kalimantan ដោយផ្អែកលើការពិចារណាយ៉ាងល្អិតល្អន់ អត្ថប្រយោជន៍ក្នុងតំបន់ និងសុខុមាលភាព ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី នៃទំនាញផែនដីនៅកណ្តាលប្រជុំកោះនោះថែមទៀតផង» ។

ដោយសារតែការព្រួយបារម្ភ អំពីការកកស្ទះចរាចរណ៍ និងការលិចលង់ ដោយសារទឹកជំនន់ នៅក្នុងទីក្រុងហ្សាការតា ដែលជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច …នោះ ទើបជំរុញឱ្យផ្ដាស់ប្ដូររដ្ឋធានី ទៅកាន់ទីតាំងថ្មី។ ជាមួយគ្នានេះ សភារបស់ឥណ្ឌូណេស៊ី ក៏បានអនុម័តជាផ្លូវការនូវច្បាប់មួយ កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ទាក់ទងនឹងការផ្លាស់ប្តូរទីតាំងរដ្ឋធានី នៅកាន់ទីកន្លែងថ្មីនេះផងដែរ។
លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសជាលើកដំបូង ថា រដ្ឋធានី នឹងត្រូវផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី តាំងពីឆ្នាំ២០១៩។ បញ្ហានេះ ក៏ដោយសារតែការព្រួយបារម្ភ អំពីនិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចរបស់ទីក្រុងហ្សាការតា។
បើតាមវេទិកាសេដ្ឋកិច្ចពិភពលោក បានឲ្យដឹងថា រដ្ឋធានីហ្សាការតា បច្ចុប្បន្ន ស្ថិតនៅលើដីវាលភក់ នៅក្បែរមាត់សមុទ្រ អាចនឹងងាយរងគ្រោះ ដោយសារទឹកជំនន់ ហើយក៏ជាទីក្រុងមួយ ស្ថិតក្នុងចំណោមទីក្រុង ដែលងាយនឹងលិចលង់លឿនបំផុត នៅលើផែនដីថែមទៀតផង។ អតីតរដ្ឋធានីមួយនេះ អាចនឹងធ្លាក់ចូលទៅក្នុងសមុទ្រជ្វា ដែលស្ថិតក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភមួយ ដោយសារតែការទាញយកទឹក ពីក្រោមដីច្រើនពេក៕ រក្សាសិទ្ធិដោយ ៖ សារាយSN





















