Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម រកចំណូលបានរាប់រយលានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី ចូលទីផ្សារអឺរ៉ុប

រដ្ឋធានីហាណូយ៖ ថ្វីបើបច្ចុប្បន្ន ពិភពលោកកំពុងតែប្រឈមមុខនឹងវិបត្ដិសុខភាពជាសកល ដែលបង្កឡើង ដោយកូវីដ-១៩ក្ដី តែវៀតណាម នៅតែរំពឹងថា នឹងរកប្រាក់ចំណូលបាន រហូតដល់ទៅ៩០០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងការនាំចេញផលិតផលពីគ្រាប់ស្វាយចន្ទីរបស់ខ្លួន ចូលទៅកាន់ទីផ្សារអឺរ៉ុប។

សារព័ត៌មាន Vietnamplus បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា នាយកដ្ឋានអាហរ័ណ នីហរ័ណ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា បច្ចុប្បន្ន សហភាពអឺរ៉ុប ហៅកាត់ «EU» ក្លាយជាអ្នកនាំចូលគ្រាប់ស្វាយចន្ទីដ៏ធំ លំដាប់ទី២របស់ប្រទេសវៀតណាម ដែលស្មើនឹង២៣ភាគរយ នៃបរិមាណសរុប និង២២ភាគរយ នៃតម្លៃសរុប។

ប្រភពព័ត៌មានដដែល បានបន្ដថា វៀតណាម បាននាំចេញគ្រាប់ស្វាយចន្ទី ប្រហែល ១៣៥ 000 តោន ចូលទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុប ដោយទទួលបានប្រាក់ចំណូល ចំនួន៨១៦លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១។ ចំនួននេះ បានកើនឡើង ១៦,៥ភាគរយ នៅក្នុងបរិមាណសរុប និង ៧,៩ភាគរយ នៅក្នុងតម្លៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ន វៀតណាម បាននាំគ្រាប់ស្វាយចន្ទី ចូលទីកាន់ទីផ្សារ នៅតាមបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ចំនួន២៣ ហើយប្រទេសហូល្លង់ដ៍ និង អាល្លឺម៉ង់ ក្លាយជាទីផ្សារដ៏ធំបំផុត នៅប្លុកនេះ។

ជាងនេះទៅទៀត ហូល្លង់ដ៍ និង អាល្លឺម៉ង់ ក៏ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ការនាំចូលគ្រាប់ស្វាយចន្ទី នៅក្នុងសហភាពអឺរ៉ុប ដោយសារប្រទេសទាំង២នេះ មិនត្រឹមតែនាំចូល សម្រាប់ការប្រើប្រាស់ក្នុងស្រុកទេ គឺជួយនាំចូលទៅកាន់ទីផ្សារផ្សេងៗទៀត នៅក្នុងសហភាពអឺរ៉ុប ថែមទៀតផង៕រក្សាសិទ្ធិដោយ៖សារាយSN