ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍កាលពីថ្ងៃពុធ (១៩ មករា) ថា ប្រទេសវៀតណាមបានរកឃើញករណីកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនៅក្នុងសហគមន៍ ខណៈដែលអាជ្ញាធរសុខាភិបាលបានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេដោយសារតែការគំរាមកំហែងពីកូវីដ១៩បំប្លែងថ្មីអូមីក្រុង។

កាសែត Tien Phong បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរសុខាភិបាលថា ករណីវិជ្ជមានចំនួន០៣ករណីត្រូវបានរកឃើញកាលពីចុងសប្តាហ៍នៅទីក្រុងហូជីមិញ ហើយត្រូវបានបញ្ជាក់ថាជា ប្រភេទអូមីក្រុងកាលពីល្ងាចថ្ងៃអង្គារ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាប់បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងជាង 70 ករណីក្នុងចំណោមអ្នកដែលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចូលមកប្រទេសវៀតណាមដែលធ្វើដំណើរមកពីបរទេស។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា “សហគមន៍ចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេប្រឆាំងនឹង អូមីក្រុង (Omicron) ដោយមិនប្រមូលផ្តុំនៅកន្លែងដែលមានមនុស្សច្រើន និងទទួលបានវ៉ាក់សាំងពេញលេញ” ។

សរុបមក វៀតណាមបានរកឃើញការឆ្លងជំងឺ COVID-19 ជាងពីរលាននាក់ និងមានអ្នកស្លាប់ជិត ៣៦,០០០នាក់។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ជាង 74 ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស 98 លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ពីរ។
ប្រទេសវៀតណាមក៏បានបើកដំណើរការការចាក់វ៉ាក់សាំងជំរុញដោយអាជ្ញាធរបានសន្យាថាមនុស្សពេញវ័យទាំងអស់គួរតែទទួលបានវ៉ាក់សាំងបន្ថែមនៅចុងខែមីនា៕ ប្រភព៖រ័យទ័រ


