Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និង រុស្ស៊ី ជជីកដេញដោល ជុំវិញវិបត្ដិអ៊ុយក្រែន ចំពេលស្ថានការណ៍កាន់តែតានតឹង

បរទេស ៖ សហរដ្ឋអាមេរិក និង រុស្ស៊ី នៅតែបន្ដជជីកដេញដោលគ្នាទៅវិញទៅមក អំពីការបង្កើនកម្លាំងយោធា ជាង១០០ ០០០នាក់ ដាក់ពង្រាយនៅជិតព្រំដែនអ៊ុយក្រែន ហើយរហូតមកដល់ពេលនេះ មិនសញ្ញាណាមួយ បង្ហាញពីការដកកងទ័ពចេញ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ហើយករណីនេះ កំពុងតែបង្កើនការភ័យខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន និង ការផ្ទុះសង្រ្គាមជាថ្មី នៅតំបន់អឺរ៉ុប។

សារព័ត៌មាន The News & Observer បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ថា នៅមុនកិច្ចពិភាក្សាដ៏សំខាន់ នៅថ្ងៃសុក្រ ទី២១ ខែមករា រវាងលោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងសមភាគីរុស្ស៊ី លោក Sergey Lavrov នោះ មហាអំណាចទាំងពីរនេះ ហាក់មិនអាចឈានដល់ការសម្របសម្រួលគ្នាណាមួយ ដើម្បីបន្ធូរបន្ថយនូវភាពតានតឹង និង ទប់ស្កាត់រាល់ការគំ.រាមកំ.ហែង ពីការឈ្លានពានរបស់រុស្ស៊ី នោះឡើយ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៩ ខេមករា ឆ្នាំ២០២២ លោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី អំពីការរៀបចំគម្រោងបង្កើនកងទ័ពជាង១០០ ០០០នាក់ ដាក់ពង្រាយ នៅតាមព្រំដែនអ៊ុយក្រែន ដើម្បីត្រៀមរៀបចំ ធ្វើសង្រ្គាមឈានពាន។

ទោះជាយ៉ាងណា លោក Blinken មិនបានបញ្ជាក់លម្អិតនោះឡើយ ប៉ុន្តែរុស្ស៊ីបានបញ្ជូនទាហាននៅក្នុងចំនួនមិនជាក់លាក់ ចេញពីតំបន់ Far East របស់រុស្ស៊ី ទៅកាន់ប្រទេសបេឡារុស ដែលជាសម្ពន្ធមិត្តរបស់ខ្លួន មានព្រំដែន ជាប់នឹងអ៊ុយក្រែន សម្រាប់ល្បែងសង្រ្គាមដ៏ធំ នៅខែក្រោយ។

ថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីល្ងាច ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា រុស្ស៊ី នឹងចំណាយប្រាក់យ៉ាងក្រៃលែង សម្រាប់ការឈ្លានពាននេះ ហើយអាជីវកម្មរបស់រុស្ស៊ី អាចនឹងបាត់បង់សិទ្ធិប្រើប្រាស់ ជាប្រាក់ដុល្លារអាមេរិក។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «រុស្ស៊ីនឹងទទួលខុសត្រូវ ប្រសិនបើរុស្ស៊ីឈ្លានពាន …ទៅលើប្រទេសអ៊ុយក្រែន ហើយករណីនេះ អាស្រ័យលើ អ្វីដែលរុស្ស៊ីធ្វើ។ វាជារឿងមួយ ប្រសិនបើជាការញុះញង់តិចតួច យើងត្រូវតែតស៊ូ អំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនគួរធ្វើ… ជាដើម។

កាលពីពេលកន្លងមក លោក ចូ បៃដិន ប្រធានាធិបតី ធ្លាប់ព្រមានដោយត្រង់ទៅដល់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់លោក ពូទីន ថា រុស្ស៊ី នឹងជួបផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត លើផ្នែកហិរញ្ញវត្ថុ ប្រសិនបើក្រុងមូស្គូ សម្រេចលើកទ័ព វាយលុកចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×