រដ្ឋធានីវ៉ាស៊ីតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាង ថា គាត់មានជំនឿ ថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងប្រើប្រាស់កម្លាំងទ័ព ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន ប៉ុន្ដែសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបរបស់វ៉ាស៊ីនតោន នឹងឆ្លើយតបយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរបំផុត ទៅលើទីក្រុងមូស្គូវិញ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយ ថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងផ្តល់ «តម្លៃយ៉ាងធ្ងន់ និងជាទីស្រឡាញ់» សម្រាប់ការលុកលុយចូលលើទឹកដីអ៊ុយក្រែន។ ប៉ុន្ដែសេតវិមាន បានសង្កត់ធ្ងន់ថា រាល់សកម្មភាពយោធារបស់រុស្ស៊ី នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ ពីលោកខាងលិច។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ថា
សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួន បានលើកឡើងថា ពួកគេនឹងរួបរួមគ្នា ក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការលុកលុយរបស់រុស្ស៊ី ចូលទៅលើទឹកដីរបស់អ៊ុយក្រែន។ សកម្មភាពរបស់បណ្ដាមហាអំណាចលោកខាលិច បានកើតឡើង មុនពេលកិច្ចពិភាក្សា រវាងប្រមុការទូតរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ជួបគ្នា ដោះស្រាយ ជុំវិញវិបត្តិអ៊ុយក្រែន។

លោក អែនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា បានបញ្ជាក់ថា «សកម្មភាពឈ្លានពានណាមួយ បង្កឡើងដោយទីក្រុងមូស្គូ ចូលទៅប្រទេសជិតខាងរបស់ខ្លួន នឹងត្រូវប្រឈមមុខជាមួយនឹង ការឆ្លើយតបយ៉ាងរហ័ស ធ្ងន់ធ្ងរ និងរួបរួម ពីសេតវិមាន និងសម្ពន្ធមិត្ដរបស់ខ្លួន។
ការអត្ថាធិប្បាយគួរកត់សម្គាល់របស់លោក Blinken ទៅកាន់អ្នកសារព័ត៌មាន បានធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្រ្ដី បានជួបពិភាក្សា ជាមួយ អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស នៅទីក្រុងប៊ែរឡាំង។
ជាមួយគ្នានេះ សម្ពន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ក៏បានសង្កត់ធ្ងន់ថា អឺរ៉ុប នឹងនៅតែឈរនៅជាមួយនឹងសហរដ្ឋអាមេរិក។ ការលើកឡើងរបស់អឺរ៉ុប បានកើតឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃទី១៩ ខែមករា បានលើកឡើងថា អាចនឹងមានការបែកបាក់គ្នា រវាងមេដឹកនាំលោកខាងលិច អំពីរបៀបប្រតិកម្ម នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារមួយរបស់រុស្ស៊ី។

លោកស្រី អ៊ូស៊ូឡា វ៉ន ឌឺ ឡេយេន (Ursula von der Leyen) នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា «ប្លុកនេះនឹងឆ្លើយតបទៅនឹងរុស្ស៊ី ចំពោះការវាយលុកណាមួយ ចូលទៅលើទឹកដីអ៊ុយក្រែន។ ក្រៅពីនេះ សហភាពអឺរ៉ុប ក៏នឹងបន្ថែមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំងក្លាបន្ថែមទៀតផងដែរ» ។
លោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី ពីការដាក់ពង្រាយកងទ័ព ជាង១០០ ០០០នាក់ នៅជិតព្រំដែនជាមួយនឹងអ៊ុយក្រែន ដើម្បីវាយលុកចូលឈ្លានពានប្រទេសនេះ។ ប៉ុន្ដែរុស្ស៊ី បានប្រកែកជាដដែលៗថា ខ្លួនមិនមានគម្រោងឈ្លានពាននោះឡើយ។
ដោយឡែក លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទាមទារជាបន្ដបន្ទាប់ទៅកាន់លោកខាងលិច ដោយសុំឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO កុំទទួលយកអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការនេះ ហើយណាតូ ត្រូវតែបោះបង់ចោលសកម្មភាពយោធា នៅតំបន់អឺរ៉ុបខាងកើត ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN









