រដ្ឋធានីណៃពិដោរ ៖ ស្របពេលចលនាបះបោរប្រដាប់អា.វុធ វា.យប្រ.ហារប្រឆាំងតបតយ៉ាងខ្លាំងទៅលើកងទ័ពរបបសឹកមីយ៉ាន់ម៉ា ស្ទើរពាសពេញផ្ទៃប្រទេស នោះ មេដឹកនាំរដ្ឋប្រហារយោធា ទំនងជាមិនអាចទប់ទល់នឹងស្ថានការណ៍បាន ក៏ចាប់ផ្ដើមបន្ទន់ឥរិយាបថរបស់ខ្លួន ហើយប្រកាសថា គាត់ព្យាយាមធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ ដើម្បីបើកផ្លូវឲ្យលោកស្រី អ៊ោង សាន់ស៊ូជី ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា។

បើតាមសារព័ត៌មានរបស់មីយ៉ាន់ម៉ា Irrawaddy បានផ្សាយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានអះអាង កាលពីថ្ងៃសុក្រ ទី២១ ខែមករា ថា គាត់បានព្យាយាមចរចា ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ ដែលដាក់បម្រាមដល់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ក្រុមប្រឹក្សារដ្ឋ ឲ្យក្លាយជាប្រធានាធិបតី ក្រោមរដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី។ លោកឧត្ដមសេនីយ៍ បានអះអាងបែបនេះ ស្របពេលស្ថានការណ៍វឹកវរ នៅក្នុងប្រទេស កាន់តែខ្លាំងឡើង ក្រោយអំពើរដ្ឋប្រ.ហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
លោកឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានប្រាប់ដល់គណៈរដ្ឋមន្ត្រីរបស់គាត់ នៅក្នុងទីក្រុងណៃពិដោរ (Naypyitaw) កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា គាត់កំពុងតែព្យាយាមចរចា ធ្វើវិសោធនកម្ម នៃច្បាប់រដ្ឋធម្មនុញ្ញ លើមាត្រា 59 (F) ដែលជាមាត្រាដ៏សំខាន់ ក្នុងការបើកផ្លូវឲ្យលោកស្រី អ៊ោង សាន់ស៊ូជី អាចនឹងក្លាយជាប្រធានាធិបតី។ ទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍ មិនបានបញ្ជាក់ថា គាត់ចរចាជាមួយនឹងអ្នកណានោះឡើយ។

បើតាមមាត្រា ៥៩ (F) នៃរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា បានតាក់តែងឡើង ដោយពួកយោធា ហាមឃាត់ដល់បេក្ខភាពណាមួយ ក្លាយជាប្រធាធិបតី នៃប្រទេសមីយ៉ាន់ម៉ា ប្រសិនបើប្ដីប្រពន្ធរបស់ពួកគេ ឪពុម្ដាយរបស់ពួកគេ ឬកូនណាមួយរបស់ពួកគេ ឬក៏ប្ដីប្រពន្ធកូនរបស់ពួកគេ ជាពលរដ្ឋ នៃប្រទេសផ្សេង។ មាត្រានេះ ត្រូវបានគេមើលយ៉ាងទូលំទូលាយ ថា បានកំណត់គោលដៅទៅលើលោកស្រី អ៊ុង សាន់ស៊ូជី ដែលកូនរបស់គាត់ ជាជនជាតិអង់គ្លេស ដូចប្ដីក្រោយរបស់គាត់ដែរ។ ពួកយោធា លើកយកករណីនេះ មកធ្វើជាលេស អះអាងថា ពួកគេការពារប្រទេសមីយ៉ាន់ម៉ា គេចឲ្យផុតពីឥទ្ធិពលរបស់បរទេស។

ការអត្ថាធិប្បាយរបស់មេដឹកនាំរដ្ឋប្រ.ហារយោធាមីយ៉ាន់ម៉ា ដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ បានកើតឡើង បន្ទាប់ពីមានរបាយការណ៍ជាច្រើន អះអាងថា ការធ្វើរដ្ឋប្រ.ហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នោះ បានកើតឡើង ដោយសារលោក Min Aung Hlaing ចង់កាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីគណបក្សនយោបាយសម្ព័ន្ធមិត្តរបស់លោកឧត្ដមសេនីយ៍ បានចាញ់គណបក្ស NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី យ៉ាងអាម៉ាស់ នៅក្នុងការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្ដែមហិច្ឆតារបស់លោកឧត្ដមសេនីយ៍ ត្រូវបានតែលោកស្រី Aung San Suu Kyi បដិសេធ ទើបលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង ដឹកនាំកងទ័ពធ្វើរដ្ឋប្រ.ហារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










