Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងវ៉ាស៊ីនតោន ព្រមានធ្ងន់ដល់រុស្ស៊ី ចំពេលអ្នកនយោបាយអាមេរិក ជំរុញឲ្យធ្លាក់គ្រឿង សឹកតាមអាកាសជួយទ័ពអ៊ុយក្រែន

spot_img

រដ្ឋធានីហ្ស៊ឺណែវ៖ ស្របពេលអ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក ជំរុញឲ្យប្រធានាធិបតី ចូ បៃដិន ទម្លាក់គ្រឿងសព្វាវុធទំនើបៗ ជួយដល់កងទ័ពអ៊ុយក្រែន នោះ ប្រមុខការទូតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែមករា បានព្រមានធ្ងន់ៗដល់សមភាគីរុស្ស៊ី នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកដំណោះស្រាយ បន្ធូរបន្ថយនូវភាពតានតឹង រវាងរុស្ស៊ី-អ៊ុយក្រែន។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា លោក Antony Blinken រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក បានព្រមានទៅកាន់សមភាគីរុស្ស៊ី លោក Sergei Lavrov នៅក្នុងជំនួបពិភាក្សាបន្ថយកម្ដៅ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា ទីក្រុងម៉ូស្គូ នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស ពីកម្លាំងរួមគ្នារបស់សហរដ្ឋអាមេរិក និង លោកខាងលិច ប្រសិនបើរុស្ស៊ី សម្រេចចិត្តទាំងប្រថុយប្រថាន វាយលុកចូលឈ្លានពានទៅលើទឹកដីអ៊ុយក្រែន។

ប្រមុខការទូតសហរដ្ឋអាមេរិក បានព្រមានខ្លាំងដល់សមភាគីរុស្ស៊ី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមផ្តល់លិខិតសរសេរ ដោយផ្ទាល់ដៃ ជូនដល់រដ្ឋាភិបាលទីក្រុងមូស្គូ ដោយបញ្ជាក់អំពីការយល់ព្រម ធានាសន្តិសុខ តបតាមការចង់បានរបស់រុស្ស៊ី គឺ «ការប្តេជ្ញាមិនឲ្យប្រទេសអ៊ុយក្រែន ក្លាយជាសមាជិកមួយ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO »។

លោក Antony Blinken រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក បានបន្ថែមថា «យើងបានបញ្ជាក់ច្បាស់ហើយ… ប្រសិនបើកងកម្លាំងទ័ពណាមួយរបស់រុស្ស៊ី ចល័តឆ្លងកាត់ព្រំដែនអ៊ុយក្រែន គឺបង្ហាញអំពីការឈ្លានពានរបស់រុស្ស៊ី។ ជាមួយគ្នានេះ រុស្ស៊ីក៏នឹងត្រូវទទួលបាន ការឆ្លើយតបត្រឡប់មកវិញភ្លាមៗ យ៉ាងធ្ងន់ធ្ងរ និងជាលក្ខណៈរួបរួម ពីសំណាក់សហរដ្ឋអាមេរិក ដៃគូ និងសម្ព័ន្ធនានារបស់យើង»។

ដោយឡែក លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញនូវការទាមទារទៅកាន់លោកខាងលិច ដោយរួមទាំងអ៊ុយក្រែ ថា ត្រូវតែបញ្ឈប់ការចូលរួមជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ។ លោកប្រធានាធិបតី ចង់ឱ្យសម្ព័ន្ធភាពការពារ លោកខាងលិចបោះបង់សកម្មភាពយោធា នៅអឺរ៉ុបខាងកើត ប៉ុន្តែរុស្ស៊ី ក៏មិនបានធានាឡើងវិញ ចំពោះសកម្មភាពរបស់ខ្លួននោះដែរ។

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏កំពុងប្រឈមមុខនឹងការអំពាវនាវ កាន់តែខ្លាំងឡើង ពីគ្រប់មជ្ឈដ្ឋាននយោបាយរបស់សហរដ្ឋអាមេរិក ជំរុញឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ជាមុន ប្រឆាំងនឹងរុស្ស៊ី។ ចំណែកអ្នកនយោបាយមួយចំនួន របស់សហរដ្ឋអាមេរិក កំពុងតែទាមទារឲ្យលោកប្រធានាធិបតី បៃដិន ទម្លាក់គ្រឿងសព្វាវុធតាមអាកាស ជួយដល់កងទ័ពរបស់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×