រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេល ចិនបានលើកយកបញ្ហាព្រួយបារម្ភ អំពីកូវីដ-១៩ ហើយផ្អាកជើងហោះហើរ មកពីសហរដ្ឋអាមេរិកនោះ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែមករា ក៏បានសងសឹកទៅក្រុងប៉េកាំងវិញ ដោយបានប្រកាសផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៤ ដែលហោះមកកាន់ទឹកដីអាមេរិក។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នឹងផ្អាកជើងហោះហើរ ចំនួន៤៤ជើងរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ចិនចំនួន៤ ដែលនឹងហោះហើរមកកាន់សហរដ្ឋអាមេរិក។ នេះជាការសម្រេចចិត្តឆ្លើយតប ចំពោះការសម្រេចចិត្តរបស់ក្រុងប៉េកាំង ដែលបានផ្អជើងហោះហើរមួយចំនួន របស់ក្រុមហ៊ុនអាកាសចរណ៍ របស់សហរដ្ឋអាមេរិក ជុំវិញការព្រួយបារម្ភ អំពីករណីកូវីដ-១៩។

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន៤ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Xiamen, Air China, China Southern Airlines និង China Eastern Airlines នឹងត្រូវផ្អាកជើងហោះហើរ ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២តទៅ។ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ គឺក្រុមហ៊ុនអាកាសចរណ៍សៀមិន (Xiamen Airlines) គ្រោងនឹងហោះហើរ ចេញពីទីក្រុងឡូសអាន់ជែលែស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Xiamen របស់ចិន ក៏នឹងត្រូវផ្អាក រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

សហរដ្ឋអាមេរិក បានធ្វើសកម្មភាពបែបនេះ គឺជាការសងសឹកទៅលើចិន ដែលបានផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ចំនួន ២០ជើង, អាកាសចរណ៍ American Airlines ចំនួន ១០ជើង និងអាកាសចរណ៍ Delta Air Lines ចំនួន ១៤ជើង ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១មក។ ចិន បានលើកយកហេតុផល ទប់ស្កាត់ការរាតត្បាតវីរុសបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាត នៅលើពិភពលោក ជាពិសេស នៅសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN






