Sunday, May 22, 2022

ប្រធានាធិបតីបៃដិន ព្រមានដាក់ទណ្ឌកម្មលើលោកពូទីន ចំពេលក្រុងវ៉ាស៊ីនតោន បញ្ជូនគ្រឿងចម្បាំងទៅឲ្យកងទ័ពអ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន ៖ ដោយសារតែរុស្ស៊ី បញ្ជូនកងទ័ពជាង១០០ ០០០នាក់ទៅកាន់ព្រំដែនអ៊ុយក្រែន បង្កឲ្យលោកខាងលិច ព្រួយបារម្ភពីក្រុងមូស្គូរៀបចំកម្លាំងឈ្លានពានប្រទេសជិតខាងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានការដាក់ទណ្ឌកម្មទៅលើសមភាគីរុស្ស៊ី ហើយថែមទាំងបញ្ជូនគ្រឿងសព្វាវុធ មានតម្លៃប្រហែល២០០លានដុល្លារសហរដ្ឋអាមេរិក យកទៅជួយដល់កងទ័ពអ៊ុយក្រែន សម្រាប់ត្រៀមរៀបចំការពារខ្លួន។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកនឹងពិចារណាលើការដាក់ទណ្ឌកម្មជាបុគ្គលផ្ទាល់លើសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រសិនបើរុស្ស៊ីឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា វានឹងមាន «ផលវិបាកដ៏ធំសម្បើម» សម្រាប់ពិភពលោក ប្រសិនបើរុស្ស៊ីផ្លាស់ប្តូរប្រទេសដែលស្ថិតនៅតាមព្រំដែនភាគនិរតីរបស់ខ្លួន។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតឡើង ចំពេលមេដឹកនាំលោកខាងលិច បានព្រមានម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ីនឹងចំណាយប្រាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ការឈ្លានពានមកលើប្រទេសអ៊ុយក្រែន។

ដោយឡែក រុស្ស៊ីវិញ បានចោទសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ថា កំពុងតែបង្កើនភាពតានតឹង ជុំវិញបញ្ហានេះ ហើយរុស្ស៊ីនៅតែលើកឡើងដដែលថា ខ្លួនមិនមានគម្រោងឈ្លានពានអ៊ុយក្រែននោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបង្កើនកងទ័ព នៅតាមព្រំដែន រហូតដល់ប្រហែល ១00 000 នាក់។

ជាមួយនឹងការព្រមានប្រធានាធិបតី ចូ បៃដិន នោះ យន្ដហោះយោធារបស់សហរដ្ឋអាមេរិក បានដឹកជំនួយជាគ្រឿងសព្វាវុធ មានតម្លៃ ២០០លានដុល្លារ បញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលទីក្រុងវ៉ាស៊ីនតោន និង លោកខាងលិច ព្រួយបារម្ភកាន់តែខ្លាំងឡើង ពីការឈ្លានពានរបស់រុស្ស៊ី មកលើទឹកដីអ៊ុយក្រែន។

លោក Oleksii Reznikov រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនយន្តហោះយោធារបស់សហអាមេរិក ចុះចតនៅទីក្រុងគៀវ កាលពីថ្ងៃអង្គារ ទី២៥ ខែមករា ថា «សម្ពន្ធមិត្តរបស់យើងកំពុងតែបង្កើននូវចំនួនផ្តល់ជំនួយសម្ភារយោធា ហើយនៅថ្ងៃនេះដែរ យើងក៏កំពុងត្រៀមទទួលយន្តហោះទី៣របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។

សហរដ្ឋអាមេរិក បានដឹកជញ្ជូនគ្រឿងសឹកជាច្រើន តាមយន្ដហោះយោធា ទៅដល់អាកាសយានដ្ឋានអន្តរជាតិ បូរីស្ពីល (Boryspil) ប្រទេសអ៊ុយក្រែន រួមមាន គ្រាប់មីស៊ីលចាវេលីន (Javelin) និង ជើងទម្របាញ់។ សកម្មភាពរបស់សហរដ្ឋអាមេរិក បានកើតឡើងចំពេល មានសេចក្ដីរាយការណ៍ថា រុស្ស៊ី កាលពីថ្ងៃទី២៥ ខែមករា បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅតំបន់ក្បែរព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

បើគិតចាប់តាំងពីរុស្ស៊ី បានដាក់ឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន បញ្ជូលទៅក្នុងទឹកដីរបស់ខ្លួននោះមក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាង២,៧ពាន់លានដុល្លារដល់ប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀតមួយនេះ។ កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយគាំទ្រផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន ប្រមាណ៦៥០លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN