Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ទាត់ចោលការទាមទារ របស់រុស្ស៊ី ជុំវិញណាតូពង្រីកខ្លួន នៅអឺរ៉ុបខាងកើត

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ រុស្ស៊ីនៅតែទទូចចង់ឲ្យអង្គការណាតូ បញ្ឈប់នូវការពង្រីកខ្លួនទៅកាន់តំបន់អឺរ៉ុបខាងកើត ជាពិសេស លើប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត ប៉ុន្ដែការទាមទារនេះ ត្រូវបានសហរដ្ឋអាមេរិកច្រានចោល។

បើតាមសារព័ត៌មានអូស្រ្ដាលី ABC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក បានបញ្ជូនលិខិតជាផ្លូវការ ឆ្លើយតបជាលាយលក្ខណ៍អក្សរ ជូនចំពោះការទាមទាររបស់រុស្ស៊ី អំពីការពង្រីកខ្លួនរបស់អង្គការ «NATO» នៅតំបន់អឺរ៉ុបខាងកើត។

ទោះជាយ៉ាងណ ឯកសារនោះនឹងមិនត្រូវបានបង្ហាញជាសាធារណៈទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស Antony Blinken ដែលបង្ហាញថា មិនមានសម្បទានត្រូវបានធ្វើឡើង ចំពោះទីក្រុងម៉ូស្គូទេ។ អាមេរិកនៅតែនិយាយ អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ដែលជិតមកដល់អ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែននិយាយថា ទីក្រុងម៉ូស្គូមិនទាន់ត្រៀមខ្លួនរួចរាល់ទេ។

សហរដ្ឋអាមេរិក និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ «NATO» បានបញ្ជូនលិខិតឆ្លើយតប ដាច់ដោយឡែកពីគ្នា ជូនចំពោះការទាមទារលើសន្ដិសុខរបស់រុស្ស៊ី។ ក្រុងវ៉ាស៊ីនតោន ហើយ ណាតូ បាន និង កំពុងបង្កើននូវកិច្ចខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្ដិអ៊ុយក្រែន។

លោក អែនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ថា លោក John Sullivan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរុស្ស៊ី បានផ្ដល់លិខិតឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់ទីក្រុងមូស្គូ ដែលកំពុងតែស្វែងរកនូវការធានាលើសន្ដិសុខ ថា ណាតូនឹងបញ្ឈប់នូវការពង្រីកខ្លួន ឆ្ពោះទៅកាន់ទិសខាងកើត ចូលទៅក្នុងប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត។

រដ្ឋមន្រ្ដីក្រសួងការបរទេស បានបន្ថែម ថា លិខិតឆ្លើយតប ត្រូវបានផ្ដល់ទៅឲ្យរុស្ស៊ី នោះ គឺ «ជាមាគ៌ាការទូតដ៏ធ្ងន់ធ្ងរមួយ» ដើម្បីបញ្ចប់នូវវិបត្ដិ ដែលកំពុងតែជាប់គាំងនោះ។ ចំណែកឯកសារ ដែលយើងបានផ្តល់ជូនដល់ក្រុងមូស្គូ នោះ រួមមាន ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ហើយដៃគូរបស់យើង អំពីសកម្មភាពរបស់រុស្ស៊ី ដែលធ្វើឱ្យខូចដល់សន្តិសុខ ការវាយតម្លៃជាគោលការណ៍ និង ភាពជាក់ស្តែង នៃការព្រួយបារម្ភ ដែលរុស្ស៊ីបានលើកឡើង និងសំណើផ្ទាល់ខ្លួនរបស់យើង សម្រាប់តំបន់ ដែលយើងអាចមានលទ្ធភាពធ្វើ។

រុស្ស៊ី បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ នៅតាមតំបន់ព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន។ សកម្មភាពរបស់ក្រុងមូស្គូ បាននិង កំពុងតែបង្កឲ្យមានវិបត្ដិការទូត ហើយធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែព្រួយបារម្ភខ្លាំងឡើង ថា រុស្ស៊ីកំពុងតែរៀបចំផែនការ ចូលឈ្លានពានប្រទេសជិតខាង។ ប៉ុន្ដែ រុស្ស៊ី នៅតែអះអាងថា ទីក្រុងមូស្គូ មិនមានផែនការណាមួយ ចូលឈ្លានពានប្រទេសអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែរុស្ស៊ី ទាមទារឲ្យអង្គការណាតូ មិនដាក់ប្រទេសអ៊ុយក្រែន បញ្ចូលទៅជាសមាជិក និង បញ្ឈប់នូវការដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបខាងកើត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×