Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងទឹកសហរដ្ឋអាមេរិក រកឃើញមេបញ្ជាការរបស់ខ្លួន ទទួលសំណូករឿងស្រីញី

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានរកឃើញរឿងអាស្រូវដ៏អាក្រក់បំផុតមួយ ដោយសារមេបញ្ជាការកងទ័ពជើងទឹករបស់ខ្លួនម្នាក់ បានទម្លាយព័ត៌មានសម្ងាត់ ជាថ្នូរនឹងការដោះដូរជាមួយនឹងលុយកាក់រាប់សែនដុល្លារ និង ការផឹកស៊ីសប្បាយជាមួយស្រ្ដីពេស្យា។

សារព័ត៌មាន The Telegraph បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា មេបញ្ជាការកងទ័ពជើងទឹកម្នាក់ របស់សហរដ្ឋអាមេរិក បានសារភាព នៅក្នុងតុលាការសហព័ន្ធន៍ អំពីការបញ្ជូនព័ត៌មានសម្ងាត់ ទៅឲ្យក្រុមហ៊ុនម៉ៅការលើវិស័យការពារជាតិ របស់ជនជាតិម៉ាឡេស៊ី ដោយបញ្ជាក់ ពីគម្រោងរបស់នាវា សម្រាប់កងនាវាទី៧របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ធ្វើនាវាចរណ៍។ សកម្មភាពរបស់គាត់ ក៏ទទួលបានមកវិញ ជាថ្នូរនឹងរៀបចំអាហារដ៏អធិកអធម ការធ្វើដំណើរលំដាប់ខ្ពស់ ការទទួលបានសាច់ប្រាក់ និង ការបម្រើសេវាកម្មពេស្យាចារ។

ក្រសួងយុត្ដិធម៌របស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា លោកមេបញ្ជាការ Stephen Shedd ជាមន្រ្ដីកងទ័ពជើងទឹកទី៣ នៃកងនាវាទី៧ បានសារភាពពីទោសកំហុសរបស់ខ្លួន ចំពោះការចោទប្រកាន់ពីបទទទួលសំណូកមួយ នៅក្នុងរឿងអាស្រូវដ៏អាក្រក់បំផុតរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។ មន្រ្ដីកងទ័ពជើងទឹក៩នាក់ នៃកងនាវាទី៧ ត្រូវបានចោទប្រកាន់ ដោយគណៈវិនិច្ឆ័យដ៏ធំរបស់សហព័ន្ធន៍ ក្នុងខែមីនា ឆ្នាំ២០១៧ ពីបទសមគំនិត និងទទួលសំណូក ពីលោក Leonard Francis ។

លោក Stephen Shedd ជាមេបញ្ជាការទទួលបន្ទុកព័ត៌មានរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យក្រុមហ៊ុនមួយ ឲ្យជួយក្លែងបន្លំដល់កងទ័ពជើងទឹក នូវទឹកប្រាក់ចំនួន៣៥ពាន់លានដុល្លារ។ សកម្មភាពនេះ ជាករណីចុងក្រោយបំផុត នៅក្នុងរឿងអាស្រូវពុករលួយដ៏អាក្រក់បំផុតមួយ ត្រូវប្រឈមមុខនឹងកងទ័ពជើងទឹក។ រីឯមន្រ្ដីពាក់ព័ន្ធរាប់សិបនាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន។

លោកមេបញ្ជាការកងទ័ពជើងទឹក Stephen Shedd និង មន្រ្ដីកងទ័ពជើងទឹកផ្សេងទៀត បានទទួលការជប់លៀងអាហារពេលល្ងាច ជាមួយនឹងសេវាកម្មពេស្យាចារ ហើយការរៀបចំជូនដំណើរយ៉ាងអធិកអធម ជាថ្នូរនឹងការទម្លាយអាថ៌កំបាំងខាងវិស័យយោធា និង ឥទ្ធិពលដ៏ខ្លាំង ទៅឲ្យក្រុមហ៊ុន Glenn Defense Marine Asia (GDMA) មានមូលដ្ឋាន នៅសិង្ហបុរី ហើយត្រូវបានបង្កើតឡើង ដោយជនជាតិម៉ាឡេស៊ី ឈ្មោះ Leonard Glenn Francis ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×