រដ្ឋធានីញូវដេលី ៖ យុវជនឥណ្ឌា បានខឹងសម្បានឹងការប្រឡូងចូលវិស័យផ្លូវដែកដ៏ធំបំផុតមួយ នៅលើពិភពលោក របស់ប្រទេសមហាយក្ស នៅអាស៊ីខាងត្បូងមួយនេះ ដោយគ្មានតម្លាភាព រហូតឈានដល់ការផ្ទុះហិង្សា នាំគ្នាតវ៉ា បិទផ្លូវ និងដុតបំផ្លាញទូរថភ្លើង ហើយត្រូវប៉ូលិសចាប់ខ្លួនជាច្រើននាក់ នៅក្នុងរដ្ឋប៊ីហារ (Bihar) នៅភាគខាងកើត ប្រទេសឥណ្ឌា។
សារព័ត៌មាន India Today បានចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា សមាគមនិស្សិតឥណ្ឌាទាំងអស់ (AISA) បានអំពាវនាវឱ្យនិស្សិត នៅក្នុងរដ្ឋប៊ីហារ (Bihar) ប្រមូលផ្ដុំគ្នា នៅថ្ងៃទី២៨ ខែមករា ដើម្បីតវ៉ាប្រឆាំងនឹងភាពមិនប្រក្រតី ជុំវិញការប្រឡងជ្រើសរើសបុគ្គលិក ចូលបម្រើការងារ នៅក្នុងវិស័យផ្លូវដែករបស់ឥណ្ឌា។ ក្រុមនិស្សិតបានចោទប្រកាន់ ពីការមិនមានតម្លាភាព នៅក្នុងដំណើរការប្រឡងរបស់ក្រុមប្រឹក្សាជ្រើសរើសបុគ្គលិកផ្លូវដែក។

ដោយសារតែបញ្ហានេះ ធ្វើឲ្យយុវជន ដែលបានដាក់ពាក្យប្រឡងខឹងសម្បា នាំគ្នាដុតបំផ្លាញទូរថភ្លើង និង បិទចរាចរណ៍ផ្លូវដែក ដើម្បីតវ៉ា ជុំវិញភាពមិនប្រក្រតី នៅក្នុងការជ្រើសរើសបុគ្គលិក នៅក្នុងវិស័យផ្លូវដែក។ នៅក្នុងហេតុការណ៍នោះ ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង ដំបង ដើម្បីបំបែកហ្វូងមនុស្ស។
នៅដើមសប្ដាហ៍នេះ រដ្ឋ Bihar បានផ្ទុះឡើងនូវបាតុភាពអសកម្ម ជុំវិញការទាមទារពីបេក្ខជនក្មេងៗ ដែលដាក់ពាក្យសុំការងារ ដោយពួកគេអះអាងថា ការប្រឡងចូល ក្នុងវិស័យផ្លូវដែករបស់រដ្ឋ កំពុងតែធ្វើឡើង ដោយអយុត្តិធម៌។ ក្រុមអ្នកស្វែងរកការងារធ្វើ បានចោទប្រកាន់ ពីភាពមិនប្រក្រតី នៅក្នុងការជ្រើសរើសបុគ្គលិករបស់នាយកដ្ឋានផ្លូវដែកដ៏ធំ ដែលជានិយោជកដ៏ធំជាងគេបំផុតគេមួយរបស់ពិភពលោក ដោយមានបុគ្គលិក ជាង១,២លាននាក់ ធ្វើការងារ នៅក្នុងវិស័យនេះ។

ការតវ៉ានេះ មុនដំបូង ចាប់ផ្តើមជាទ្រង់ទ្រាយតូច ចាប់តាំងពីថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ប៉ុន្តែសកម្មភាពនេះ បានបន្ដរីករាលដាលជាបន្តបន្ទាប់ កាន់តែធំឡើង។ ហ្វូងបាតុករ បានគប់ដុំថ្មទៅលើរថភ្លើង និងបិទផ្លូវដែក ហើយថែមទាំងដុតរូបរបស់លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា ទៀតផង។
ហ្វូងបាតុករ បានបញ្ជាក់ថា លទ្ធផល នៃការប្រឡង សម្រាប់ប្រភេទការងារផ្សេងៗគ្នា បានបង្ហាញថា ឈ្មោះរបស់មនុស្សដដែលគ្នា បានលេចឡើងជាច្រើនដង។ ចំណែកបេក្ខជន ដែលមិនបានប្រឡងជាប់ មានអារម្មណ៍ថា ស្ថាប័ននេះ មិនបានដាក់បញ្ចូលឈ្មោះរបស់ពួកគេ។
ក្រុមបាតុករ បានបន្ដថា នៅក្នុងរដ្ឋ Bihar និង រដ្ឋជិតខាង ឧត្ដារ ប្រាដែស (Uttar Pradesh) មានបេក្ខជនរាប់លាននាក់ បានដាក់ពាក្យប្រឡងចូលធ្វើការ សម្រាប់ការងារ ចំនួន ១៥០ ០០០កន្លែង។ ប៉ុន្ដែការជ្រើសរើសការងារនេះ មិនមានតម្លាភាព ហើយបេក្ខជនមួយចំនួន ដែលត្រូវបានជ្រើសរើស មានឈ្មោះរបស់ពួកគេ នៅក្នុងប្រភេទផ្សេងៗគ្នា ដែលនេះជារឿងអយុត្តិធម៌បំផុត។
ក្រសួងផ្លូវដែកឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា គណៈកម្មាធិការមួយ ត្រូវបានបង្កើនឡើង ដើម្បីត្រួតពិនិត្យមើលបញ្ហាព្រួយបារម្ភរបស់បេក្ខជនទាំងអស់។ ក្រសួង បានអះអាងថា មុននេះ អ្នកដែលត្រូវបានរកឃើញ ជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញរថភ្លើង និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អាចត្រូវបានហាមឃាត់ សម្រាប់ការងារ នៅក្នុងវិស័យផ្លូវដែក។ ក្រៅពីនេះ ក្រសួងនឹងដាក់ចេញចំណាត់ការ តាមផ្លូវច្បាប់ផ្សេងទៀត។
អាជ្ញាធរផ្លូវដែកឥណ្ឌា បានបញ្ជាក់ថា មានមនុស្សរាប់សិបនាក់ ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ដែលបានបំផ្លាញស្ថានីយរថភ្លើង នៅទូទាំងរដ្ឋប៊ីហារ (Bihar) និង ឧត្ដារ ប្រាដែស (Uttar Pradesh) ដែលជារដ្ឋជិតខាង។
លោក ចាន់ដ្រាសេខា សិង្ហ (Chandrashekhar Singh) មន្រ្ដីជាន់ខ្ពស់មួយរូបរបស់ឥណ្ឌា បានបញ្ជាក់ថា អាជ្ញាធរ Patna ជាទីក្រុងធំ នៃរដ្ឋ Bihar បានដាក់ពាក្យបណ្តឹងជូនទៅប៉ូលិស ប្រឆាំងនឹងមនុស្ស ដោយមិនបញ្ចេញឈ្មោះ ប្រហែល៤00នាក់ និង វិទ្យាស្ថាន ចំនួន៦ ដែលបង្វឹកសិស្ស សម្រាប់វិស័យផ្លូវដែក និងការងារផ្សេងៗទៀត ក៏មានការពាក់ព័ន្ធ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN




