Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ និង អាមេរិក គំ.រាមកំ.ហែងដល់បំពង់បង្ហូរឧស្ម័ន តម្លៃ១១ពាន់លានដុល្លារ របស់ប្រធានាធិបតីរុស្ស៊ី

spot_img

វ៉ាស៊ីនតោន ៖ ស្របពេលវិបត្ដិអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរឡើងនោះ អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក ក៏គំ.រាមកំ.ហែង កាន់តែខ្លាំងឡើងដល់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ឆ្ពោះមកកាន់តំបន់អឺរ៉ុប មានតម្លៃ១១ពាន់លានដុល្លារអាមេរិក នឹងត្រូវរងទណ្ឌកម្ម ប្រសិនបើរុស្ស៊ី ហ៊ានលើកកម្លាំងទ័ព ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដោយមិនគិតលើទំហំ នៃមហន្ដរាយផ្សេងៗទៀត បង្កឡើង ដោយសង្រ្គាមរបស់ទីក្រុងមូស្គូ។

លោកស្រី Annalena Baerbock រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឹម៉ង់ បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី នឹងក្លាយជាគោលដៅដាក់ទណ្ឌកម្ម ប្រសិនបើមានការឈ្លានពាន បង្កឡើងដោយទីក្រុងមូស្គូ មកលើអ៊ុយក្រែន។

បំពង់បង្ហូរឧស្ម័ននេះ មានប្រវែង ជាង ១ ២០០គីឡូម៉ែត្រ និង មានតម្លៃ១១ពាន់លានដុល្លារ បញ្ជូនឧស្ម័ន រវាងរុស្ស៊ី និងអាល្លឺម៉ង់ ហើយក៏ជាដើមចម នៃជម្លោះ ទាំងនៅក្នុងសហរដ្ឋអាមេរិក និង ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ចំពេលមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ថាមពលរបស់ទ្វីបមួយនេះ នឹងមានជម្លោះកាន់តែធំឡើង អាស្រ័យទៅលើវិមានក្រឹមឡាំង។ ជាការពិតណាស់ ពាក់ព័ន្ធនឹងបំពង់បង្ហូរឧស័្មននេះដែរ ទាំងសមាជិកសភាអន្ដរជាតិ និង អ្នកធ្វើអត្ថាធិប្បាយមួយចំនួន បានបរិហារទៅលើការបណ្តាក់ទុកនេះថា ជាការប្រគល់អាវុធភូមិសាស្ត្រនយោបាយដល់លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។

ជាមួយនឹងការបញ្ជូនកងទ័ពរុស្ស៊ី ជាង ១០០ ០០០នាក់ ប្រដាប់ដោយគ្រឿងសឹកទំនើបៗ ទៅកាន់ព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន រហូតធ្វើឲ្យមហាអំណាចលោកខាងលិច មានការព្រួយបារម្ភ អំពីសកម្មភាពឈ្លានពាននោះ ជោគវាសនា នៃបំពង់បង្ហូរឧស្ម័ន ប្រវែងជាង ១ ២០០គីឡូម៉ែត្រ (ឬស្មើនឹង៧៥០ម៉ៃល៍ ដែលមិនទាន់ចាប់ផ្តើមប្រតិបត្តិការ) អាចដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការបន្ទុចបង្អាក់ដល់លោក ពូទីន ក្នុងការសម្រេចិត្ដ បញ្ជាឱ្យមានការលុកលុយ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា លោកស្រី Annalena Baerbock រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា ក្រុងប៊ែរឡាំង (Berlin) កំពុងធ្វើការលើ «កញ្ចប់ទណ្ឌកម្មដ៏រឹងមាំ» នេះ សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើមានការលុកលុយ ចូលទៅលើប្រទេសអ៊ុយក្រែន ដោយនឹងរួមបញ្ចូល ទាំងបំពង់បង្ហូរឧស្ម័ន «Nord Stream 2» ផងដែរ។

យោងតាមសារព័ត៌មានអាល្លឺម៉ង់ បានឲ្យដឹងថា លោកស្រីរដ្ឋមន្រ្ដីក្រសួងការបរទេស បានថ្លែងថា «យើងចង់បានការសន្ទនាគ្នា គ្រប់ពេលវេលា» ព្រោះ«មូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់សន្តិភាពអឺរ៉ុប មិនអាចចរចារបានឡើយ»។

រដ្ឋាភិបាលមុនរបស់អាល្លឺម៉ង់ ដឹកនាំដោយលោកស្រី Angela Merkel អតីតអធិការបតី បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាការបណ្តាក់ទុនពាណិជ្ជកម្ម ។ ប៉ុន្តែបណ្ដាញទូរទស្សន៍ DW បានរាយការណ៍ថា លោកស្រី Baerbock បានប្រឆាំងនឹងបំពង់បង្ហូរឧស្ម័ននេះ។

ការសន្យារបស់លោកស្រីរដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ ធ្វើឡើង ក្រោយការសន្យារបស់លោក Ned Price អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា ដោយអះអាងថា បំពង់បង្ហូរឧស្ម័ននេះ អាចជាចំណុចដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក ជំរុញឲ្យងាកទៅរកផ្លូវការទូត បញ្ចៀសពីការរំពឹងទុក លើងសង្គ្រាម។

បំពង់បង្ហូរ Nord Stream 2 កំពុងស្ថិតនៅចំកណ្តាល នៃការអនុម័ត ដោយគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ ជាមួយគ្នានឹងសភាខាងប្រជាធិបតេយ្យ នឹងបង្កើតទណ្ឌកម្មជាវិធានការប្រឆាំងនឹងការឈ្លានពាននេះ ចំពេលសមាជិកព្រឹទ្ធសភា លោក Ted Cruz កំពុងតែស្វែងរកការដាក់ទណ្ឌកម្មលើប្រតិបត្តិករបំពង់បង្ហូរបង្ហូរ ថាតើមានការឈ្លានពានដែរ ឬអត់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×