Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សភឿថៃ ឈ្នះលើបក្សកាន់អំណាចថៃ នៅក្នុងមណ្ឌលបោះឆ្នោតទីក្រុងបាងកក

រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ គណបក្សភឿថៃ (Pheu Thai) ដែលជាបក្សគូប្រជែងដ៏ធំបំផុត នៅក្នុងប្រទេសថៃ បានយកជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី លើគណបក្សកំពុងគ្រប់គ្រងអំណាចរបស់លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ នៅក្នុងមណ្ឌលបោះឆ្នោតទី៩ នៃទីក្រុងបាងកក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

លោក Cholnan Srikaew មេបក្ស Pheu Thai បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា ជ័យជម្នះនេះ បានបង្ហាញថា ពលរដ្ឋមានជំនឿលើបក្ស ភឿថៃ ហើយចង់បានបក្សនេះ មកដឹកនាំប្រទេស។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមករា ថា លោក ស៊ូរ៉ាឆាត ធៀនថុង ( Surachart Thienthon) ជាបេក្ខជនមកពីគណបក្សភឿថៃ បានឈ្នះការបោះឆ្នាតយ៉ាងភ្លូកទឹកភ្លូកដី លើបេក្ខជនរបស់បក្សកាន់អំណាច នៅក្នុងមណ្ឌលទី៩របស់ទីក្រុងបាងកក។ យោងលទ្ធផលមិនផ្លូវការ បន្ទាប់ពីការរាប់សន្លឹកឆ្នោត នៅគ្រប់ការិយាល័យបោះឆ្នោត ចំនួន២៨០ គិតត្រឹមវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា លោក Surachart បានឈ្នះ នៅក្នុងការបោះឆ្នោតនេះ ដោយទទួលបានសំឡេងគាំទ្រ ចំនួន ២៩ ៤១៦។ រីឯលោក Krunphol Tiansuwan ជាបេក្ខជនមកពីគណបក្សចលនាឆ្ពោះទៅមុខ ឈរនៅលំដាប់លេខ២ ដោយមានសំឡេងគាំទ្រ ២០ ៣៦១ ខណៈលោក Atavit Suwannapakdee ជាបេក្ខជនមកពីគណបក្ស Kla ឈ្នះលំដាប់លេខ៣ ដោយមានសំឡេងគាំទ្រ ២០ ០៤៧។

លោក ស៊ូរ៉ាឆាត ធៀនថុង ( Surachart Thienthon) បានប្រកាសពីជ័យជម្នះរបស់លោក កាលពីវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ហើយគាត់បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោត សម្រាប់ការជំរុញរូបគាត់ឲ្យធ្វើការ ដើម្បីបម្រើប្រជាពលរដ្ឋថៃទាំងអស់ នៅក្នុងរដ្ឋសភាជាតិថៃ។

លោក Surachart បន្ថែមថា «ខ្ញុំមានមោទនភាពខ្លាំងណាស់ បានជាប់ឆ្នោត ចូលទៅធ្វើការ នៅក្នុងរដ្ឋសភា។ បើទោះជាសម័យប្រជុំរដ្ឋសភា នាពេលនេះ មានរយៈពេលត្រឹមតែ ជាងមួយឆ្នាំ សម្រាប់ដំណើរការ មុនការបោះឆ្នោតសកលបន្ទាប់ក្ដី ក៏ខ្ញុំអាចយកពេលវេលានេះ ទៅបម្រើប្រជាជាតិថៃ ឱ្យអស់ពីសមត្ថភាព នៅក្នុងមណ្ឌលរបស់ខ្ញុំ ហើយខ្ញុំនឹងបំពេញការងារនេះ ទាំងក្នុង និងក្រៅរដ្ឋសភា»។

ដោយឡែក លោកបណ្ឌិត Yutthaporn Isarachai សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Sukhothai Thammathirat បានអះអាងថា គណបក្សភឿថៃ ទទួលបានជ័យជម្នះ នាពេលនេះ មានពីកត្តាជាច្រើន រួមទាំង ប្រជាពលរដ្ឋផងដែរ។ ចំណែកសមរភូមិនយោបាយ រវាងបក្សកាន់អំណាច Palang Pracharath និង បក្សភឿថៃ ជាបក្សប្រឆាំងដ៏ធំ នៅក្នុងប្រទេសថៃ នឹងបង្ហាញពីជ័យជម្នះនេះផងដែរ។ បក្សភឿថៃ បានបញ្ចុះបញ្ចូលឱ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជនរបស់ខ្លួន ដើម្បីប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ។

លោកសាស្រ្ដាចារ្យ បានព្យាករ ពីការបរាជ័យរបស់បក្សកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាន់អូចា ហើយនឹងជំរុញឱ្យបក្ស Palang Pracharath មានការផ្លាស់ប្តូរកាន់តែច្រើនឡើងបន្ថែមទៀត។ គណបក្សនេះ ទើបតែបណ្ដេញសមាជិកសភា ចំនួន២១រូប ក្រោមការចោទពីបទប្រឆាំងនឹងលោក ប្រាយុទ្ធ។ លោកសាស្រ្ដាចារ្យ ជឿថា ការដែលសមាជិកសភាដើរចេញច្រើនបែបនេះ នឹងធ្វើឲ្យបក្ស Palang Pracharath ប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើង។

លោក Ittiporn Boonpracong ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា គាត់ពេញចិត្តនឹងវិធីសាស្រ្ដ នៃការបោះឆ្នោតនេះ ដោយសារតែមិនមានការតវ៉ា អំពីភាពមិនប្រក្រតី ឬការក្លែងបន្លំសន្លឹក នៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់។

លោក Sarawut Karnphanit ជំនួយការនគរបាលជាតិ ក៏បានអះអាងថា ប៉ូលិសមិនបានទទួលរបាយការណ៍ណាមួយ ដែលសង្ស័យថា មានការលួចបន្លំសន្លឹកឆ្នោតនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×