Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប កាត់បន្ថយតម្រូវការចាំបាច់ សម្រាប់មហិច្ឆតាយុទ្ធសាស្រ្ដរបស់រុស្ស៊ី

បរទេស៖ ក្រោយពេលក្រុងមូស្គូបញ្ជូនទ័ពជាង១០០ ០០០នាក់ទៅកាន់ព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនោះ សហភាពអឺរ៉ុប នឹងត្រៀមលក្ខណៈរៀបចំការដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងនឹងរុស្ស៊ី។

បើតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថា លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានថ្លែង កាលពីថ្ងៃអាទិត្យ ទី៣០ ខែមករា ថា សហភាពអឺរ៉ុប កំពុងតែធ្វើការងារលើការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ដើម្បីដកហូតផលិតផលនានា ដែលជាតម្រូវការ សម្រាប់សម្រេចបាននូវមហិច្ឆតា ជាយុទ្ធសាស្រ្តរបស់ក្រុងមូស្គូ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា «យើងបានឈានទៅមុខជាមួយនឹងការត្រៀមលក្ខណៈ ដើម្បីឆ្លើយតប ចំពោះផលប៉ះពាល់ខ្ពស់ ដែលនឹងធ្វើឱ្យមានការចំណាយធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី។ នៅទីនេះ យើងកំពុងតែពិចារណាលើវិធានការ ត្រួតពិនិត្យការនាំចេញ។ ករណីនេះនឹងមានឥទ្ធិពល រយៈពេលវែង ដោយបដិសេធផលិតផលរបស់រុស្ស៊ី ដែលជាតម្រូវការចាំបាច់ សម្រាប់ការបំពេញនូវមហិច្ឆតាយុទ្ធសាស្ត្ររបស់ក្រុងមូស្គូ។

ដោយឡែក ក្រុងមូស្គូវិញ ក៏បានពង្រីកបញ្ជីខ្មៅរបស់ខ្លួនទៅលើតំណាងរបស់សហភាពអឺរ៉ុប មិនឲ្យចូលទៅជាន់ទឹកដីរុស្ស៊ី។ ជាមួយនឹងការសម្រេចចិត្តរបស់ក្រុងមូស្គូនោះ លោក លោក Josep Borrell បានអះអាងថា សហភាពអឺរ៉ុប មានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ។

ភាពតានតឹង រវាងមហាអំណាចលោកខាងលិច និង រុស្ស៊ី បានកើតឡើង ក្រោយពេលក្រុងមូស្គូ បានបញ្ជូនកម្លាំងយោធា ជាង១០០ ០០០នាក់ ប្រដាប់ដោយគ្រឿងសព្វាវុធទំនើបៗ ទៅបោះមូលដ្ឋានទ័ព នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់រុស្ស៊ី កំពុងតែបង្កឲ្យលោកខាងលិច មានការព្រួយបារម្ភ អំពីការឈ្លានពានរបស់រុស្ស៊ី ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូ បានព្រមានដល់រុស្ស៊ី អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ អាល្លឺម៉ង់ ក៏បានព្រមានទណ្ឌកម្មលើបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ប្រវែងជាង ១ ២០០គីឡម៉ែត្រ ដែលមានតម្លៃ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក តភ្ជាប់ពីរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសរបស់ខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×