សៀមរាប ៖ នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង។ តែដើម្បីជម្រុញគោលដៅទស្សនាថ្ងៃរៀបលិចឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាពថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗបន្ថែមទៀតមួយចំនួន។ ជាក់ស្ដែង អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនាថ្ងៃរៀបលិចមួយបន្ថែមទៀត នៅរមណីយដ្ឋានប្រាសាទភ្នំក្រោមដែលនៅជាប់បឹងទន្លេសាប ព្រោះនៅទីនោះភ្ញៀវទេចរអាចមើលឃើញនូវទិដ្ឋភាពស្រស់ស្អាតអមដោយវាលស្រែ និងផ្ទៃដីព្រៃលិចទឹកដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប។
លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លើកឡើងថា ក្នុងការរៀបចំវង់ទស្សនាថ្ងៃលិច អាជ្ញាធរជាតិអប្សរាបានកែលម្អបរិស្ថាន លើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ រៀបចំផ្លូវដើរជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារសុវត្ថិភាព រៀបចំផ្ទាំងព័ត៌មានស្តីពីប្រាសាទ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី