Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក អង់គ្លេស និងកាណាដា ដាក់ទណ្ឌ.កម្មលើមន្រ្ដីជាន់ខ្ពស់មីយ៉ាន់ម៉ា

រដ្ឋធានីវ៉ាស៊ីនតោន ៖ នៅក្នុងខួបគម្រប់១ឆ្នាំ នៃការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះសហរដ្ឋអាមេរិក អង់គ្លេស និង កាណាដា បានសម្រេចដាក់ទណ្ឌ.កម្មបន្ថែមទៀតទៅលើ មន្រ្ដីកំពូលយុត្ដិធម៌របស់របបយោធា ចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដអំពើឃោរ.ឃៅទៅលើប្រជាពលរដ្ឋរបស់ខ្លួន និងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

សារព័ត៌មាន France 24 បានផ្សាយ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្ដីកំពូលយុត្ដិធម៌របបសឹកមីយ៉ាន់ម៉ា ចំនួន៣នាក់ មានដូចជា លោក Thida Oo រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លោក Tun Tun Oo ប្រធានតុលាការកំពូល និង លោក U Tin Oo ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ។ វិធានការរបស់សហរដ្ឋអាមេរិក បានកើតឡើង ដោយសារមន្រ្ដីជាន់ខ្ពស់របបសឹកមីយ៉ាន់ម៉ា ទាំងនោះជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការកាត់ក្ដី ក្រោម «ហេតុផលនយោបាយ» លើមេដឹកនាំជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ។

ក្រសួងរតនាគារ និង ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើមន្រ្ដីជាន់ខ្ពស់របបសឹកមីយ៉ាន់ម៉ា ស្របពេលនឹងខួបគម្រប់១ឆ្នាំ នៃអំពើរដ្ឋប្រហារយោធា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ឃុំខ្លួនលោកស្រី Aung San Suu Kyi និងមន្ត្រីជាប់ឆ្នោតផ្សេងទៀត។

លោក អែនតូនី ប្លីខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «យើងតែកំពុងសម្របសម្រួលសកម្មភាពទាំងនេះជាមួយចក្រភពអង់គ្លេស និងកាណាដា ដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហគមន៍អន្តរជាតិ សម្រាប់ប្រជាជនភូមា និងដើម្បីលើកកម្ពស់បន្ថែមទៀតនូវការទទួលខុសត្រូវ ចំពោះរដ្ឋប្រហារ និង អំពើហិង្សា ដែលប្រព្រឹត្ត ដោយរបបយោធា នៅក្នុងប្រទេសនេះ»។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ថែមថា «សហរដ្ឋអាមេរិក នឹងបន្ដធ្វើការជាមួយដៃគូអន្តរជាតិរបស់យើង ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និង ជំរុញឲ្យរបបយោធានេះ បញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំឃាំង ដោយអយុត្តិធម៌ទាំងអស់ ហើយអនុញ្ញាតឱ្យពួកគេមានសិទ្ធិ ដំណើរការមនុស្សធម៌ ដោយមិនមានការរារាំង និងស្តារមាគ៌ារបស់ភូមា ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ»។

ចក្រភពអង់គ្លេស ក៏បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើមន្រ្ដីជាន់ខ្ពស់របស់មីយ៉ាន់ម៉ា ដូចគ្នាដែរ រួមមាន លោក Thida Oo លោក Tin Oo និងលោក U Thein Soe ផងដែរ។ មន្រ្ដីជាខ្ពស់រូបនេះ ក៏ជាអតីតមន្រ្ដីជាន់ខ្ពស់យោធា នៃរបបសឹកមីយ៉ាន់ម៉ា ហើយត្រូវបានតែងតាំង ជាប្រធានគណៈកម្មការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា ក្រោយពេលរដ្ឋប្រហារ។

លោកស្រី Liz Truss រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់ថា របបសឹកមីយ៉ាន់ម៉ា ប៉ុនបង់ធ្វើភេរវកម្មទៅលើប្រជាពលរដ្ឋរបស់ខ្លួន ដោយបង្កើតឲ្យមានការបែងចែក និង ការប៉ះទង្គិចគ្នា តាមរយៈការភ័យខ្លាច និង អំពើហិង្សា។ អង់គ្លេស នឹងនៅតែការពារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជានិច្ច។ ជាមួយនឹងប្រទេសដែលមានគំនិតដូចគ្នា យើងនឹងនៅតែចាត់ទុករបបយោធានេះ ជាការគាបសង្កត់ និង ប្រព្រឹត្ដអំពើឃោរ.ឃៅ»។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកាណាដា បានបញ្ជាក់ថា របបយោធា មិនបានបង្ហាញផ្លាស់ប្តូរទិសដៅ លើស្ថានភាពមនុស្សធម៌ និង នយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីឆ្នាំកន្លងមក។ កាណាដា ក៏សម្រេចដាក់ទណ្ឌកម្មទៅលើមន្រ្ដីជាន់ខ្ពស់ របបសឹកមីយ៉ាន់ម៉ាទាំង៣នាក់ ដូចអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចរួចមកហើយដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×