កម្មករមានសេចក្តីរីករាយ និងចាប់ផ្តើមមានដង្ហើមដក បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ Helen Keller International Cambodia ដើម្បីចាប់ផ្តើមគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ស្រ្តី និងកម្មករនៅកន្លែងធ្វើការ និងរោងចក្រ។ គាំទ្រដោយកម្មវិធី GIZ-MUSEFO ការចុះអនុស្សរណៈនេះដើម្បីស្វែងរកការលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់កម្ពុជា។
តាមរយៈកម្មវិធីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានសម្តែងការរំពឹងទុកថា បន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ សុខភាពកម្មកររោងចក្រនឹងល្អប្រសើរឡើង ដែលនឹងជួយបង្កើនផលិតកម្មសម្រាប់អ្នកវិនិយោគបានច្រើនជាងមុន។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីសង្ខេតឃើញថាកម្មកររោងចក្របានជួបឧប្បត្តិហេតុដួលសន្លប់ដោយសារអាហារកង្វះសារធាតុចិញ្ចឹមដោយសារតែកម្មករញុំាតែអាហារដែលមានគុណភាពមិនសូវល្អ និងខ្វះជីវជាតិ ក្នុងគោលបំណងសន្សំប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ(CUMW) បានមានប្រសាសន៍ថា“ខ្ញុំបានតាមដានកិច្ចប្រជុំនេះ ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់មែនទែន ប្រសិនបើដំណើរការរបស់គម្រោងនេះទទួលបានជោគជ័យ ព្រោះអាចជួយដល់កម្មកររោងចក្ររបស់ប្រទេសកម្ពុជាយើងបានច្រើន ទៅលើការយកចិត្តទុកដាក់ការលើកម្ពស់សុខភាពរបស់កម្មករ និងជាពិសេសការយល់ដឹងពីអាហាររូបត្ថម្ភ មានសំខាន់ក្នុងការជួួយលើកកម្ពស់សុខភាពកម្មករ។”
លោក ប៉ាវ ស៊ីណា មានប្រសាសន៍បន្តថា “ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មកររោងចក្រ ព្រោះនាពេលបច្ចុប្បន្នចំណូលរបស់ពួកគាត់នៅមានកម្រិតនៅឡើយក្នុងការទិញរបបអាហារដែលមានជីវជាតិនិងអនាម័យត្រឹមត្រូវ ដូច្នេះហើយទើបពួកគាត់ត្រូវសន្សំរាល់ចំណូលរបស់ពួកគាត់។”
អ្នកស្រី សាន់ សុផា កម្មការនីរោងចក្រ បានឱ្យដឹងថា “ពួកខ្ញុំដឹងថាម្ហូបដែលវិចខ្ចប់លក់មុខរោងចក្រថាមិនមានជីវជាតិនិងខ្វះអនាម័យ បន្លែនិងសាច់ក៏មិនស្រស់ តែពួកខ្ញុំគ្មានជម្រើស ចឹងពួកខ្ញុំត្រូវតែញុំដើម្បីបំពេញក្រពះ។”
កញ្ញា ឈាង ស៊ីណៃ កម្មការនីរោងចក្រ បានលើកឡើងដែរថា “រាល់ថ្ងៃខ្ញុំទិញអាហារថ្ងៃត្រង់មុខរោងចក្រ វាមិនមានជីវជាតិគ្រប់គ្រាន់នោះទេ ដូច្នេះខ្ញុំត្រូទិញភេសជ្ជៈដើម្បីជំនួយកម្លាំង។ រាល់ថ្ងៃខ្ញុំចំណាយសម្រាប់អាហារថ្ងៃត្រង់អស់២៥០០៛ (០.63$)។ “
អ្នកស្រី ហ៊ាង សុណារី កម្មការនីរោងចក្រ បានឱ្យដឹងថា “កម្មកររោងចក្រខ្លះគាត់ត្រូវចិញ្ចឹមទាំងម្តាយឪពុកជម្រា និងកូនរបស់គាត់ ដែលពួកគេស្ថិតនៅក្នុងវ័យសិក្សាថែមទៀត។ ប្រសិនជាគាត់ចង់ញុំាអាហារដែលល្អសម្រាប់សុខភាព នោះគាត់ប្រាកដជាគ្មានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់។ សព្វថ្ងៃគាត់ញុំាត្រឹមតែ ២៥០០៛ (0.63$)ផង គាត់នៅតែជួបបញ្ហាក្នុងគ្រួសារ ទោះបីគាត់ចំណាយត្រឹមតែ៥០០០៛ (1.25$)សម្រាប់មួយពេល នោះគាត់ពិតជាគ្មានលុយសម្រាប់បង់ថ្ងៃសាលានោះទេ។”
កញ្ញា ឈាង ស៊ីណៃ កម្មការនីរោងចក្រ បាននិយាយថា “ភាគច្រើនខ្ញុំសង្ខេតឃើញថា អ្នកដែលញុំាអាហារថ្ងៃត្រង់ក្បែរៗខ្ញុំគឺមិនមានសុខភាពល្អនោះទេ អ្នកខ្លះស្លេកស្លាំង ហើយភាគច្រើនពួកគេមានជំងឺវិល។”
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ(CUMW) បានលើកឡើងទៀតថា “ដើម្បីធ្វើអោយការសាកល្បងមួយនេះទទួលបានជោគជ័យលុះត្រាតែមានការចូលរួមពីក្រុមអ្នកបញ្ជាទិញ ព្រោះក្រុមអ្នកបញ្ជាទិញមានការតាំងចិត្តសម្រាប់ក្រមសីលធម៌របសគាត់ជុំវិញការលើកកម្ពស់ទាំងជីវភាព និង សុខភាពកម្មករ ជាពិសេសបរិស្ថាននៅកន្លែងធ្វើការ ដូច្នេះនេះជារឿងសំខាន់បំផុតដែលក្រុមអ្នកបញ្ជាទិញត្រូវតែចូលរួម។”
លោក ប៉ាវ ស៊ីណា បានបន្តថា “ប្រសិនជាគម្រោងនេះទទួលបានជោគជ័យ ខ្ញុំជឿជាក់ថាសុខភាពរបស់កម្មករនឹងមានភាពល្អប្រសើរជាងមុន ហើយប្រសិនជាសុខភាពកម្មករមានភាពល្អប្រសើរនោះការផលិតនឹងមានការកើនឡើង។ ប្រសិនជារោងចក្រមួយមានកម្មករដួលសន្លប់ច្រើន ដូច្នេះបញ្ហាផលិតនឹងធ្លាក់ចុះ។ ដូច្នេះការយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព ពីបញ្ហាម្ហូបអាហារ និងការកែលម្អឱ្យមានភាពល្អប្រសើរសម្រាប់ថ្ងៃអនាគត់ គឺជារឿងសំខាន់ណាស់។ ខ្ញុំសង្ឃឹមថាគម្រោងមួយនេះនឹងទទួលបានជោគជ័យ”៕ ប្រភព៖ A24