រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ ការនាំចេញអង្កររបស់ថៃ ទៅកាន់ទីផ្សារពិភពលោក បានកើតឡើង៦,៧ភាគរយ ហើយទីផ្សារអង្ករដ៏ធំរបស់ប្រទេសអាស៊ានមួយនេះ រួមមាន ចិន ជប៉ុន…ជាដើម។
បើតាមសារព័ត៌មាន The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយដកស្រង់សម្ដីរបស់លោក Charoen Laothamatas ប្រធានសមាគមនាំចេញអង្កររបស់ថៃ ដែលបានថ្លែង កាលពីថ្ងៃទី៣១ ខែមករា ថា ថៃជាប្រទេសនាំចេញអង្ករដ៏ធំលំដាប់លេខ៣ នៅលើពិភពលោក។ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ ថៃបាន នាំអង្ករចេញ បានចំនួន ៦,១២តោន ទៅកាន់ទីផ្សារពិភពលោក ពោលគឺកើនឡើង៦,៧ភាគរយ។

លោក Charoen Laothamatas បានបញ្ជាក់ថា បើទោះជាទំហំ នៃការនាំចេញអង្ករ កើនឡើងខ្ពស់ក្ដី ប៉ុន្តែតម្លៃសរុប នៃការនាំចេញអង្ករ នៅក្នុងឆ្នាំ២០២១ បានធ្លាក់ចុះ ៧,១ភាគរយ បើធៀបនឹងឆ្នាំកន្លងមក ឬធ្លាក់ពី៣,៧ពាន់លានដុល្លារ (ឬស្មើនឹង១១៦,០៤ពាន់លានបាត មកនៅត្រឹម៣,៤ពាន់លានដុល្លារ (ឬស្មើនឹង១០៧,៧៥ពាន់លានបាត)។ ដោយឡែក ទីផ្សារអង្ករដ៏ធំរបស់ថៃ រួមមាន ចិន ជប៉ុន អារ៉ាប់អេមីរ៉េត ហ្វីលីពីន កុងហ្គោ ស៊ីរី បេនីន (Benin) និង អង់ហ្គោឡា (Angola) ។

ទោះជាយ៉ាងណា ឥណ្ឌានៅតែឈរលំដាប់កំពូល នៅលើពិភពលោក នៅក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ដោយនាំចេញអង្ករ ចំនួន១៩,៥លានតោន កាលពីឆ្នាំ២០២១ ពោលគឺកើនឡើង៣៣,៩3ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯវៀតណាម ជាប់ចំណាត់ថ្នាក់លេខពីរ ដោយនាំចេញអង្ករ ចំនួន៦,២៤លានតោន កាលពីឆ្នាំមុន ដោយធ្លាក់ចុះ៥,២ភាគរយ។ ចំណែកប៉ាគីស្ថាន ស្ថិតនៅលំដាប់ទី៤ ដោយនាំចេញអង្ករ ៣,៩៣លានតោន ខណៈសហរដ្ឋអាមេរិក ឈរនៅលំដាប់លេខ៥ ដោយនាំចេញអង្ករ ២,៨៥លានតោន កាលពីឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN














