រដ្ឋធានីណៃពិដោរ ៖ ក្រោយពេលមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក ពួកយោធាបានបង្កើន សកម្មភាពយ៉ាងព្រៃ.ផ្សៃ ទៅលើក្រុមអ្នកតវ៉ា រហូតជំរុញឲ្យមានចលនាបះបោរ ពីជនស៊ីវិល ហើយរហូតមកដល់នេះ ការវា.យប្រ.យុទ្ធគ្នាជាញឹកញាប់ នឹងធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។
សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ថា បច្ចុប្បន្ន មីយ៉ាន់ម៉ា ត្រូវគេមើលឃើញ ពីការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង រវាងកងទ័ពរបបសឹក និង ក្រុមជនស៊ីវិលប្រដាប់អាវុធ ដែលរៀបចំជាអង្គការចាត់តាំង ប្រឆាំងនឹងរដ្ឋាភិបាល។ ក្រុមអ្នកប្រយុទ្ធនឹងកងទ័ពរបបសឹក ភាគច្រើនបំផុតជាយុវជន បានចូលរួមចលនាតស៊ូ ចាប់តាំងពីពួកយោធា បានដណ្តើមអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី។

បើតាមទិន្នន័យពីក្រុមឃ្លាំមើលជម្លោះ Acled បានឲ្យដឹងថា រហូតមកដល់ពេលនេះ អំពើហិង្សា កំពុងតែរីករាលដាលពាសពេញប្រទេស។ របាយការណ៍នេះ ក៏បានបង្ហាញថា ការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ហើយបន្ដរាលដាលទៅដល់កណ្តាលទីក្រុង ដែលពីមុន មិនធ្លាប់ឃើញមានចលនាតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងពួកយោធាបែបនេះឡើយ។
ថ្វីបើចំនួនអ្នកស្លាប់ពិតប្រាកដ ពិបាកនឹងផ្ទៀងផ្ទាត់ក៏ដោយ តែ Acled បានផ្អែកលើទិន្នន័យរបស់ខ្លួន នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និង របាយការណ៍ផ្សេងៗទៀត ដែលប្រមូលតួលេខនេះ បានបង្ហាញថា មនុស្សប្រហែល ១២ ០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សានយោបាយ ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានដណ្តើមអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១។ ការវាយប្រយុទ្ធគ្នាបានកើនឡើង កាន់តែធ្ងន់ធ្ងរ ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








