Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ចោទសហរដ្ឋអាមេរិក កំពុងអូសទាញរុស្ស៊ី ឲ្យចូលក្នុងសង្គ្រាម

រដ្ឋធានីមូស្គូ ៖ ស្របពេលវិបត្ដិអ៊ុយក្រែនកាន់តែតានតឹងខ្លាំងឡើងនោះ ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក កំពុងតែព្យាយាមអូសទាញរុស្ស៊ីឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក កំពុងតែព្យាយាមអូសទាញប្រទេសរបស់គាត់ ឱ្យចូលទៅក្នុងសង្រ្គាម នៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី បានធ្វើអត្ថាធិប្បាយជាលើកដំបូងរបស់គាត់ ចាប់តាំងពីការផ្ទុះឡើងនូវវិបត្ដិអ៊ុយក្រែន ដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ។ លោក ពូទីន បានបន្ថែមថា គោលដៅរបស់សហរដ្ឋអាមេរិក ចង់ប្រើប្រាស់ការប្រឈមមុខដាក់គ្នា ជាលេសដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត មកលើប្រទេសរុស្ស៊ី។ លើសពីនេះទៅទៀត ទាំងសហរដ្ឋអាមេរិក និង អង្គការណាតូ មិនបានអើពើ ចំពោះការព្រួយបារម្ភរបស់រុស្ស៊ី ជុំវិញកងកម្លាំងសម្ព័ន្ធមិត្តណាតូ កំពុងតែដាក់ពង្រាយ នៅតំបន់អឺរ៉ុបខាងកើតនោះឡើយ។

ភាពតានតឹង មានកម្រិតខ្ពស់ ជុំវិញការបង្កើនកម្លាំងយោធារបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។ ក្នុងប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ រុស្ស៊ីបានចល័តកងទ័ព ប្រហែល ១00 000 នាក់ ដែលបំពាក់គ្រឿងសឹកទំនើបៗ រួមមាន រថក្រោះ កាំភ្លើងធំ មីស៊ីល និង ប្រព័ន្ធការពារដែនអាកាស មកដាក់ពង្រាយ នៅជិតព្រំដែនរបស់អ៊ុយក្រែន។ សកម្មភាពយោធារបស់រុស្ស៊ី បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីលោកខាងលិច។ ប៉ុន្តែរុស្ស៊ីបដិសេធការចោទប្រកាន់របស់លោកខាងលិចដែលថា ខ្លួនកំពុងរៀបចំផែនការឈ្លានពាន។

ទោះជាយ៉ាងណា លោកប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា គាត់សង្ឃឹម ថា ក្រុងមូស្គូ និង លោកខាងលិច អាចនឹងស្វែងរកដំណោះស្រាយណាមួយ ដើម្បីបន្ថូរបន្ថយនូវវិបត្តិសន្តិសុខកំពុងតែក្តៅគគុក ជុំវិញបញ្ហាអ៊ុយក្រែន។ វិមានក្រឹមឡាំង ក៏នឹងសិក្សាទៅលើការឆ្លើយតបរបស់ក្រុងវ៉ាស៊ីនតោន និង អង្គការណាតូ ចំពោះការទាមទារលើផ្នែកសន្ដិសុខរបស់ក្រុងមូស្គូ។ ប៉ុន្ដែការឆ្លើយតបរបស់លោកខាងលិច ហាក់មិនទាន់សមល្មមនឹងទទួលយកបាននៅឡើយ។

លោកប្រធានាធិបតី ពូទីន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចពិភាក្សាជាមួយនឹងលោក Viktor Orban នាយករដ្ឋមន្រ្ដីហុងគ្រី នៅក្នុងទីក្រុងមូស្គូ ថា «វាច្បាស់ហើយថា ការព្រួយបារម្ភជាមូលដ្ឋានរបស់រុស្ស៊ី បានបញ្ចប់ ដោយការមិនអើពើ»។

ដោយឡែក ចំណុចដ៏សំខាន់បំផុតដែលរុស្ស៊ីចង់បាន រួមមាន មិនអនុញ្ញាតឲ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូ ហើយអង្គការនេះ ក៏មិនត្រូវពង្រីកខ្លួនទៅលើប្រទេស ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត៕រក្សាសិទ្ធិដោយ ៖ សារាយSN

×