រដ្ឋធានីណៃពិដោរ ៖ ដោយសារតែការចាញ់យ៉ាងអាម៉ាស់ នៅក្នុងការបោះឆ្នោតជាតិ កាលពីអំឡុងឆ្នាំ២០២០ ទើបលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង បានសម្រេចចិត្តធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី ហើយនៅពេលនេះទៀត មដឹកនាំរដ្ឋបហារយោធាមីយ៉ាន់ម៉ា ក៏បានតែងតាំងគណៈកម្មការរៀបចំបោះឆ្នោត និងប្ដូរប្រព័ន្ធបោះឆ្នោតថ្មី ដើម្បីជួយខ្លួនឲ្យទទួលបានជ័យជម្នះ។

បើតាមសារព័ត៌មាន Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២២ ថា ប្រមុខយោធា និង ជាមេដឹកនាំរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ Min Aung Hlaing បានថ្លែង កាលពីថ្ងៃទី៣១ ខែមករា ថា លោកបានគាំទ្រដល់ការអនុវត្តប្រព័ន្ធបោះឆ្នោតតំណាងសមាមាត្រ (PR) សម្រាប់ការបោះឆ្នោត ដែលត្រូវបានស្នើឡើង នៅឆ្នាំ ២០២៣ខាងមុខនេះ។
ការប្ដូរប្រព័ន្ធបោះឆ្នោតថ្មីរបស់ពួកយោធា ធ្វើឲ្យគេមើលឃើញថា ពួកយោធាមីយ៉ាន់ម៉ា កំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យជួបនឹងគ្រោះមហន្ដរាយកាន់តែខ្លាំងឡើង ខណៈគណបក្សតូចៗ ដែលនឹងទទួលបានអត្ថប្រយោជន៍ ពីប្រព័ន្ធបោះឆ្នោត PR ក្រោមច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ ដែលតាក់តែងឡើង ដោយពួកយោធា និងគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងតែជួយគាំទ្រដល់ប្រព័ន្ធបោះឆ្នោតថ្មីនេះ។
ប្រព័ន្ធបោះឆ្នោត FPTP បច្ចុប្បន្ន ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបេក្ខជនឈ្នះសំឡេងភាគច្រើន នឹងត្រូវជ្រើសតាំងជាតំណាងរាស្រ្ត។ ដោយឡែក ប្រព័ន្ធបោះឆ្នោត PR គណបក្សទទួលបានអាសនៈសភា សមាមាត្រទៅនឹងភាគរយ នៃសន្លឹកឆ្នោត ទើបពួកគេឈ្នះនៅក្នុងការបោះឆ្នោត។

ក្រុមអ្នកវិភាគនយោបាន បានយល់ឃើញថា បើទោះបីជាប្រព័ន្ធបោះឆ្នោត PR អាចការពារលទ្ធិផ្តាច់ការ ដែលមានបក្សតែមួយក្ដី ក៏ប៉ុន្តែប្រព័ន្ធបោះឆ្នោតនេះ នឹងនាំមកនូវគុណវិបត្តិយ៉ាងច្រើន ដូចជា ផលប៉ះពាល់អវិជ្ជមានដល់តំណាងគណបក្សនយោបាយ របស់ជនជាតិដើមភាគតិច នៅក្នុងរដ្ឋសភា ព្រោះអាសនៈនៅក្នុងរដ្ឋសភា ត្រូវបានបែងចែកទៅតាមភាគរយ នៃសំឡេងសន្លឹកឆ្នោត សរុប។ ពួកយោធាមីយ៉ាន់ម៉ា កាន់កាប់អាសនៈនៅក្នុងសភាជាតិ និងថ្នាក់ក្រោមជាតិ ចំនួន២៥ភាគរយ ក្រោមច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ ដែលតាក់តែងឡើង ដោយយោធា ជាមួយនឹងអាសនៈជាប់ឆ្នោត៧៥ភាគរយផ្សេងទៀត។
អ្នកវិភាគនយោបាយ បានបន្ដថា កម្លាំងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នឹងបាត់បង់កម្លាំង នៅក្នុងរដ្ឋសភាជាតិមីយ៉ាន់ម៉ា ក្រោមប្រព័ន្ធបោះឆ្នោត PR នេះ ព្រោះគណបក្សចំនួន៣០ ក្នុងចំណោមគណបក្ស ចំនួន៩០ នៅមីយ៉ាន់ម៉ា ជាសម្ពន្ធមិត្តរបស់ពួកយោធា។ រីឯពួកយោធាបានតស៊ូមតិជាបន្តបន្ទាប់ នៅក្នុងការប្តូរប្រព័ន្ធបោះឆ្នោត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីក្រោយរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ ពួកយោធា បានគាំទ្រដល់ប្រព័ន្ធបោះឆ្នោត PR នេះ ព្រោះពួកគេមើលឃើញ ពីផលចំណេញច្រើនទៅលើបក្ខពួករបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំមួយ នៅរដ្ឋធានីណៃពិដោ (Naypyitaw) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី៣១ ខែមករា លោកឧត្ដមសេនីយ៍ Min Aung Hlaing បានបញ្ជាក់ថា «ប្រព័ន្ធបោះឆ្នោត FPTP បច្ចុប្បន្ន មិនស្របតាមលទ្ធិប្រជាធិបតេយ្យ និង សហព័ន្ធន៍និយម នៃប្រទេសមីយ៉ាន់ម៉ា» នោះឡើយ។ មេដឹកនាំរដ្ឋប្រហារ បានប្រគល់ភារកិច្ចនេះទៅឱ្យគណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ដើម្បីរៀបចំកិច្ចប្រជុំជាមួយគណបក្សនយោបាយ ដើម្បីផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតឱ្យសមស្របទៅនឹងប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំរដ្ឋប្រហារ បានអួតអាងថា «ប្រព័ន្ធបោះឆ្នោត PR ត្រូវតែអនុវត្ដ សម្រាប់តំណាងជាតិសាសន៍យ៉ាងទូលំទូលាយ ហើយគាត់គាំទ្រឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតនេះ»។
របបយោធា បានតែងតាំងគណៈកម្មការរៀបចំការបោះឆ្នោត ហៅកាត់ UEC ហើយស្ថាប័ននេះ ត្រូវដឹកនាំ ដោយអតីតឧត្ដមសេនីយ៍ លោក Thein Soe ។ គាត់បានជួបជាមួយនឹងគណបក្សនយោបាយនានា ចំនួន៤លើក ដើម្បីពិភាក្សាគ្នា អំពីប្រព័ន្ធបោះឆ្នោត PR ហើយគណបក្សតូចៗ និងគណបក្សគាំទ្ររបបយោធា ដែលបានចាញ់យ៉ាងអាម៉ាស់ នៅក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០២០ ក៏មកធ្វើជាតំណាង នៃកិច្ចពិភាក្សាគ្នា លើប្រព័ន្ធបោះឆ្នោត PR ។
ការបោះឆ្នោតសកល នាឆ្នាំ២០២០ គណបក្សនយោបាយធំៗ រួមមាន គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ោង សាន់ស៊ូជី បានឈ្នះជាង៨០ភាគរយ និង គណបក្សនយោបាយជនជាតិភាគតិច ដែលឈ្នះកៅអី នៅក្នុងការបោះឆ្នោត នាពេលនោះដែរ បានធ្វើពហិការលើពិភាក្សា អំពីប្រព័ន្ធបោះឆ្នោត PR នេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN















