Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ព មីន អោងឡាំង ខឹងមិនឲ្យខ្លួនធ្វើប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់លោកស្រី អ៊ោង សានស៊ូជី កាត់ទោសជាង ១៦០ឆ្នាំ

រដ្ឋធានីណៃពិដោរ ៖ ការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺផ្ដើមចេញ ពីលោកឧត្ដមសេនីយ៍ មីន អោងឡាំង (Min Aun Hlaing) មានមហិច្ឆតា ចង់ក្លាយជាប្រធានាធិបតី នៃប្រទេសអាស៊ានមួយនេះ ក្រោយពេលពួកយោធាតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ ជួយឲ្យបក្ខពួករបស់ខ្លួនឈ្នះឆ្នោត ប៉ុន្ដែនៅតែចាញ់គណបក្សសម័្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី យ៉ាងអាម៉ាស់ ទើបពួកគេបានចាប់ខ្លួនប្រធានបក្សនេះ ហើយចោទប្រកាន់បទល្មើស ចំនួន១៧ ដែលអាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់ទៅ១៦៤ឆ្នាំ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ថា លោកស្រី អ៊ោង សាន់ ស៊ូជី (Daw Aung San Suu Kyi) វ័យ៧៦ឆ្នាំ ជាក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ត្រូវបានពួកយោធាចាប់ខ្លួន នៅក្នុងអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រី បានហ៊ុមព័ទ្ធទៅដោយបទល្មើសធ្ងន់ធ្ងរ ចំនួន១៧ករណី។ ប៉ុន្ដែ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី បានចូលសវនាការរបស់តុលាការរបបសឹកមីយ៉ាន់ម៉ា ទាំងមានអាការឈឺធ្ងន់ ទាក់ទិននឹងការចោទប្រកាន់ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការ ដែលនឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល១៤ឆ្នាំ។ ចំណែកជំងឺរបស់លោកស្រី គឺមានអាការវិល និង ក្អួតចង្អោរ។

លោកស្រី Daw Aung San Suu Kyi ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល នាឆ្នាំ២០២០។ ប៉ុន្ដែការឈ្នះឆ្នោតនេះ មិនបានឲ្យគណបក្សរបស់លោកស្រី បានកាន់តំណែងបន្ដទៀតនោះឡើយ ហើយក៏ត្រូវបានពួកយោធាធ្វើរដ្ឋប្រហារតែម្ដង។ ក្រោយការចាប់ខ្លួន តុលាការរបស់រដ្ឋាភិបាលសឹក បានចោទប្រកាន់លោកស្រី ចំនួន១៧បទល្មើស រួមមាន ការចោទប្រកាន់ចំនួន១០ករណី ពីបទពុករលួយ ហើយអាចត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល ១៦៤ឆ្នាំ។ដោយឡែក សវនាការ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺទាក់ទិននឹងការចោទប្រកាន់ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការ ដែលនឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល១៤ឆ្នាំ។

ក្រៅពីនេះ តុលាការរបបសឹកមីយ៉ាន់ម៉ាន បានចោទប្រកាន់ទៅលើមន្រ្ដីជាន់ខ្ពស់របស់លោកស្រី អ៊ោង សាន់ស៊ូជី ជាច្រើនរូបផ្សេងទៀត រួមមាន លោក Sean Turnell ទីប្រឹក្សាសេដ្ឋកិច្ច ជនជាតិអូស្រ្ដាលី ដែលត្រូវបានពួកយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួន, លោក U Soe Win រដ្ឋមន្រ្ដីផែនការ និង ហិរញ្ញវត្ថុ ដែលត្រូវបណ្ដេញចេញពីតំណែង លោក U Kyaw អតីតរដ្ឋមន្រ្ដីផែនការ និង ហិរញ្ញវត្ថុ កាន់តំណែងមុនលោក U Soe Win និងលោក U Sett Aung អនុរដ្ឋមន្រ្ដីផែនការ និង ហិរញ្ញវត្ថុ ក៏ជាសហចុងចោទ ផងដែរ។ លោក Soe Win និង U Kyaw Win ត្រូវបានពួកយោធា ចាប់ឃុំខ្លួន តាំងពីរដ្ឋប្រហារ នាថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២១ ប៉ុន្ដែបច្ចុប្បន្ន មន្រ្ដីទាំង២នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

បើតាមប្រភពព័ត៌មាន ពីតុលាការរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថា តុលាការបានអនុញ្ញាតឲ្យលោកស្រី Daw Aung San Suu Kyi ចាកចេញពីសវនាការ នៅថ្ងៃដដែលនោះ ដោយសារតែលោកស្រី មានជំងឺ។ ប៉ុន្ដែតុលាការ មិនបានដឹងអ្វីផ្សេងទៀតនោះដែរ។ ចំណែកសវនាការលើកក្រោយ អាចនឹងគ្រោងធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខ។

នេះជាលើកទី២ហើយ ដែលលោកស្រី អ៊ោងសាន់ ស៊ូជី ខកខាន នៅក្នុងសវនាការរបស់តុលាការរបបសឹក។ កាលពីឆ្នាំមុន លោកស្រីបានឈប់សម្រាកមួយថ្ងៃ ដោយសារជំងឺរើឡើង។ ករណីនេះបង្កឱ្យមានការរំពឹងទុកថា លោកស្រីនឹងត្រូវបានពួកយោធា នាំទៅឃុំឃាំង នៅតំបន់ដាច់ស្រយាល មានផ្លូវពិបាកធ្វើដំណើរចូលទៅដល់។

ដោយឡែក កន្លែងដែលលោកស្រី អ៊ោង សាន់ស៊ូជី ស្នាក់នៅ ក៏មិនត្រូវបានពួកយោធាប្រាប់ឲ្យដឹង ចាប់តាំងពីមានអំពើរដ្ឋប្រហារ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក។ កាលពីខែតុលា ឆ្នាំ២០២១ របបយោធាបានរារាំងដល់មេធាវីរបស់លោកស្រី ទាំងប្រាំនាក់ មិនឱ្យនិយាយទៅកាន់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។ ចំណែកសេចក្តីរាយការណ៍លម្អិត នៃសវនាការរបស់តុលាការ ក៏ត្រូវបានពួកយោធាកំណត់ ចាប់តាំងពីពេលនោះមកដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×