Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជាតិនៅតំបន់ឈូងសមុទ្រ បង្ខំឲ្យកម្មករឥណ្ឌា ជិត១លាននាក់ វិលត្រឡប់ទៅប្រទេសកំណើតវិញ

បរទេស ៖ ដោយសារតែការប្រឈមនឹងបញ្ហាវិបត្ដិសុខភាព ជាសកលយ៉ាងធ្ងន់ធ្ងរ ទើបបណ្ដាប្រទេសចំនួន៦ នៅក្នុងតំបន់ឈូងសមុទ្រពែក្សរ៍ បានបង្ខំចិត្តឲ្យកម្មករជនជាតិឥណ្ឌា ជាង ៧០០ ០០០នាក់ វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

សារព័ត៌មាន ដែលមានមូលដ្ឋាន នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរេត Khalee Times បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា បើតាមរដ្ឋាភិបាលឥណ្ឌា បានអះអាងថា វិបត្ដិជំងឺកូវីដ-១៩នេះ បានជំរុញឲ្យកម្មករឥណ្ឌា ចំនួន៧១៦ ៦៦២នាក់ ត្រូវចាកចេញពីប្រទេស ចំនួន៦ នៅក្នុងតំបន់ឈូងសមុទ្រ ហើយវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ក្នុងចំណោមកម្មករឥណ្ឌា ទាំងនោះ មានជិតពាក់កណ្ដាល ឬស្មើនឹង ៣៣០ ០៥៨នាក់ បានវិលត្រឡប់មកពីប្រទេសអារ៉ាប់អេមីរេត (UAE), ចំនួន ១៣៧ ៩០០នាក់ ចាកចេញពីអារ៉ាប៊ីសាអូឌីត, ចំនួន៩៧ ៨០២នាក់ មកពីគុយវ៉ែត និង ចំនួន៧២ ២៥៩នាក់ មកពីប្រទេសអូម៉ង់។

លោក S. Jaishankar រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ នៅក្នុងសម័យប្រជុំរបស់សភាឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ថា កម្មករឥណ្ឌា បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោមការឧបត្ថម្ភ នៃបេសកកម្ម Vande Bharat (ឬ VBM ) ដែលជាបេសកកម្ម ធ្វើមាតុភូមិនិវត្តន៍របស់រដ្ឋាភិបាល សម្រាប់ប្រជាជនឥណ្ឌា ដែលជាប់គាំង នៅក្រៅប្រទេស ដោយសារកូវីដ-១៩។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ឥណ្ឌា រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១២៥ ៩៤១នាក់ និង មានករណីស្លាប់ថ្មី ១ ០៥៦នាក់។ ឥណ្ឌា ជាប្រទេសរងគ្រោះ ដោយជំងឺកូវីដ-១៩ លំដាប់លេខ២ នៅលើពិភពលោក មានអ្នកឆ្លងសរុប ជាង៤២,០៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥០១ ១៤៣នាក់ និង មានអ្នកជាសះស្បើយ ជាង៤០,២៣លាននាក់។ ចំណែកអ្នកជំងឺជាង១,៣លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×