បរទេស ៖ សហភាពអឺរ៉ុប បានព្រមានកាន់តែខ្លាំងក្លាដល់ក្រុងមូស្គូ ព្រោះប្លុកនេះ កំពុងតែរួបរួមគ្នា ដើម្បីដាក់ទណ្ឌ.កម្មជាកញ្ចប់ ប្រកបដោយគ្រប់ជ្រុងជ្រោយទៅលើប្រទេសរុស្ស៊ី ប្រសិនបើលើកកងទ័ព ចូលលុកលុយ ឈ្លានពានដល់ប្រទេសអ៊ុយក្រែន។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប (EU) បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ថា សហភាពអឺរ៉ុប បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ដាក់ទណ្ឌ.កម្មជាកញ្ចប់មានកម្រិតធ្ងន់ និងគ្រប់ជ្រុងជ្រោយ ទៅលើប្រទេសរុស្ស៉ី ប្រសិនបើក្រុងម៉ូស្គូ លើកទ័ពចូលលុកលុយឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

លោកស្រី ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា កញ្ចប់ទណ្ឌកម្មកម្រិតដែលសហភាពអឺរ៉ុប រួបរួមគ្នាតៀមលក្ខណៈដាក់លើប្រទេសរុស្ស៊ីនោះ រួមមាន ផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ការដាក់កំហិតលើការទទួលបានវិនិយោគទុនពីបរទេស ហើយការគ្រប់គ្រងនូវការនាំចេញផលិតផលនានា ជាពិសេស សម្ភារបច្ចេកទេស។ ជាមួយគ្នានេះ បណ្តាញបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី បង្ហូរទៅកាន់សហភាពអឺរ៉ុប សុទ្ធតែស្ថិតក្នុងកញ្ចប់ទណ្ឌកម្មនេះដែរ ហើយទណ្ឌកម្មគ្រប់ជ្រុងជោយនេះ ក៏អាស្រ័យទៅលើសកម្មភាពយោធារបស់ក្រុងមូស្គូ។

ភាពតានតឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែន រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន នេះ បានកើតឡើង ក្រោយពេលក្រុងមូស្គូ បានបញ្ជូនកងទ័ពជាង១០០ ០០០នាក់ ប្រដាប់ដោយគ្រឿងចម្បាំងទំនើបៗ ដាក់ពង្រាយ នៅតាមព្រំដែនជិតប្រទេសអ៊ុយក្រែន។ សកម្មភាពយោធារបស់រុស្ស៊ី បានធ្វើឲ្យមានសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូ ព្រួយបារម្ភពីការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN







