Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្ដិអ៊ុយក្រែនកាន់តែតានតឹងឡើង បារាំងទៅក្រុងមូស្គូ អាល្លឺម៉ង់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន

បរទេស៖ ស្របពេលវិបត្ដិកាន់តែតានតឹងខ្លាំងឡើង រវាងរុស្ស៊ី និងអ៊ុយក្រែន នោះ ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ខណៈអធិការបតីអាល្លឺម៉ង់ ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីន ហើយសកម្មភាពរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងនោះ គឺមានគោលបំណងចង់ស្វែងរកដំណោះស្រាយភាពទាល់ច្រក ដើម្បីបញ្ចៀសនូវសង្គ្រាម រវាងលោកខាងលិច និង រុស្ស៊ី។

បើតាមសារព័ត៌មាន VOA ផ្សាយជាភាសាអង់គ្លេស ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែជួបចរចាជាមួយនឹងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ នៅក្នុងសេតវិមាន។ នេះជាការជួបចរចាទល់មុខគ្នា ចាប់តាំងងពីលោក Scholz បានឡើងកាន់តំណែង ជាអធិការបតី កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១។

ការចរចា រវាងមេដឹកនាំទាំង នឹងស្វែងរកចំណុចកណ្ដាល ដើម្បីបន្ធូរបន្ថយនូវភាពតានតឹង នៅក្នុងអឺរ៉ុបខាងកើត និងរារាំងដល់ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណា លោក ចូ បៃដិន បានច្រានចោល ចំពោះការចោទប្រកាន់ពីការបញ្ជូនយោធាអាមេរិកទៅប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែ បច្ចុប្បន្ន សហរដ្ឋអាមេរិក បានដាក់ពង្រាយទាហានរបស់ខ្លួន ចំនួន ៣ 000 នាក់ទៅកាន់ប្រទេសរូម៉ានី និងប៉ូឡូញ ហើយបានបញ្ជូនជំនួយយោធា មានទឹកប្រាក់ទំហំ ៥00លានដុល្លារដល់រដ្ឋាភិបាលទីក្រុងគៀវ។

លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបកំពុងតែឆ្លងកាត់ពេលវេលា ប្រកបដោយគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក។ ការព្រមាននេះ បានកើតឡើង ចំពេលមានការភ័យខ្លាច អំពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានកើតឡើង ចំពេលលោក អែមមេញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រាប់ដល់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ថា គាត់មានគោលបំណងបញ្ចៀសសង្គ្រាម និងបង្កើននូវទំនុកចិត្ត នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោក នៅក្នុងទីក្រុងមូស្គូ។

ប្រធានាធិបតីបារាំង ក្លាយជាមេដឹកនាំកំពូលលើកដំបូងរបស់លោកខាងលិច បានទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ី បានបង្កើនកម្លាំងទ័ព ជាង ១០០ ០០០នាក់ ដាក់ពង្រាយ នៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។

លោក Macron បានប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី ថា លោកកំពុងស្វែងរកការឆ្លើយតប «ដ៏មានប្រយោជន៍» ដែលអនុញ្ញាតឱ្យយើងបញ្ចៀសនូវសង្រ្គាម ហើយកសាងទំនុកចិត្ត និងស្ថិរភាព ដែលអាចមើលឃើញយ៉ាងច្បាស់លាស់»។

ដោយឡែក លោក ពូទីន បានបញ្ជាក់ថា «រុស្ស៊ី និងបារាំង បានចែករំលែកនូវការព្រួយបារម្ភរួមគ្នា អំពីអ្វីដែលកំពុងកើតឡើង នៅក្នុងវិស័យសន្តិសុខ នៅអឺរ៉ុប។ ខ្ញុំមើលឃើញ ថាតើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ប្រទេសបារាំង និងប្រធានាធិបតីផ្ទាល់ កំពុងផ្ដល់ដោះស្រាយវិបត្តិ ទាក់ទងនឹងការផ្តល់សន្តិសុខស្មើគ្នា នៅអឺរ៉ុប សម្រាប់ទស្សនវិស័យជាប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរមួយនេះ»។

រុស្ស៊ី បានដាក់ពង្រាយកងទ័ព ជាង ១០០ ០០០នាក់ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។ សកម្មភាពយោធារបស់ក្រុងមូស្គូ បាន និង កំពុងតែធ្វើឲ្យសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តអង្គការណាតូ ព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែ។ ប៉ុន្ដែរុស្ស៊ីបានច្រានចោលការលើកឡើងនេះ ហើយក្រុងមូស្គូ បានអះអាងថា ខ្លួនមិនមានគម្រោងឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះឡើយ។

រុស្ស៊ី បានមើលឃើញថា អង្គការណាតូ បានបន្ថែមប្រទេសចំនួន១៤ នៅអឺរ៉ុបខាងកើត ចូលជាសមាជិករបស់ខ្លួន ចាប់តាំងពីសង្គ្រាមត្រជាក់ ត្រូវបានបញ្ចប់ កាលពី៣ទសវត្សរ៍មុន។ នេះជាការបង្កើនឥទ្ធិពលរបស់អង្គការណាតូ ហើយក៏កំពុងតែគំរាមកំហែងដល់សន្ដិសុខរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×