Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនផ្ទុះកំហឹងដាក់អាមេរិក រឿងលក់គ្រឿងសឹកឲ្យតៃវ៉ាន់ មានតម្លៃរយលានដុល្លារ

រដ្ឋធានីតៃប៉ិ ៖ ក្រោយពេលសហរដ្ឋអាមេរិក បានប្រកាស ពីការលក់គ្រឿងសឹកទំនើបៗ មានតម្លៃ១០០លានដុល្លារ ទៅឲ្យតៃវ៉ាន់ នោះមក រដ្ឋាភិបាលក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងប្រឆាំងយ៉ាងដាច់ខាត ចំពោះគម្រោងរបស់ក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ហ្សាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ចេញនូវប្រតិកម្មរបស់ខ្លួន កាលពីថ្ងៃទី៨ ខែកុម្ភៈ ថា ការលក់គ្រឿងសឹកទំនើបៗរបស់សហរដ្ឋអាមេរិក ទៅឲ្យតៃវ៉ាន់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិ នៃសេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិន និង សហរដ្ឋអាមេរិក ដែលស្គាល់ថា Sino-U.S ។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ជុំវិញការលក់គ្រឿងសឹកឲ្យកោះតៃវ៉ាន់នេះ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និង ផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ហើយវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដល់ទំនាក់ទំនងរវាងចិន-អាមេរិក សន្តិភាព និងស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា «ចិនប្រឆាំងយ៉ាងដាច់ខាត និង ថ្កោលទោសយ៉ាងខ្លាំង ចំពោះគម្រោងលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមរិក ទៅឲ្យតៃវ៉ាន់។ ជាមួយគ្នានេះ ចិនជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវតែគោរពតាម «គោលការណ៍ចិនតែមួយ» និងសេចក្តីថ្លែងការណ៍រួមទាំង៣ Sino-អាមេរិក ហើយលុបចោលរាល់ការលក់គ្រឿងសព្វាវុធរបស់ខ្លួនទៅឲ្យតៃវ៉ាន់ ជាបន្ទាន់ និង បញ្ឈប់រាល់កិច្ចព្រមព្រៀងគ្រឿងសព្វាវុធ ជាមួយតៃវ៉ាន់ ព្រមទំនាក់ទំនងយោធាទ្វេភាគីទាំងអស់ជាមួយតៃវ៉ាន់។

លោក វូ ឈាន (Wu Qian) អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានបញ្ជាក់ថា «ទង្វើរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ ព្រមទាំងលក្ខខណ្ឌ ដែលមានចែង នៅក្នុងសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិន និងសហរដ្ឋអាមេរិក។ ភាគីចិនសូមបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ហើយជំទាស់យ៉ាងដាច់ខាត ចំពោះការលក់គ្រឿងយុទ្ធោបករណ៍ទៅឲ្យតៃវ៉ាន់»។

ការចេញមុខប្រតិកម្មរបស់ក្រុងប៉េកាំង បានកើតមាន បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាស ពីការអនុម័តការលក់គ្រឿងបរិក្ខារប្រព័ន្ធមីស៊ីល និង កញ្ចប់សេវាកម្មថែទាំ មានតម្លៃសរុប ១០០លានដុល្លារអាមេរិក ទៅឲ្យដែនកោះតៃវ៉ាន់ ដើម្បីធ្វើយោធូបនីយកម្ម នៅលើដែនកោះមួយនេះ អាចមានលទ្ធភាពការពារខ្លួន ទប់ទល់នឹងការឈ្លានពាន ពីចិន។

ការលក់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) របស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ក៏កំពុងតែធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង ព្រោះក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន ហើយចង់លើកកងទ័ព វាយដណ្ដើមកាន់កាប់ដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ប្រកាសពីឯករាជភាព ផ្ដាច់ខ្លួនចេញពីចិន។ ជាញឹកញាប់ ក្រុងប៉េកាំងតែងតែបញ្ជូនយន្ដហោះចម្បាំង ហោះចូលរំលោភលើដែនអាកាសរបស់តៃវ៉ាន់ ដើម្បីគំរាមកំហែងដល់ក្រុងតៃប៉ិ ឲ្យទទួលស្គាល់អំណាចរបស់ខ្លួន និង យល់ព្រមរស់នៅក្នុងប្រទេសមួយប្រព័ន្ធច្បាប់២។

ទោះជាយ៉ាងណា លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ ធ្លាប់បញ្ជាក់ថា ទោះជាត្រូវបូជា ឬលះបង់ទំហំប៉ុនណាក៏ដោយ តៃវ៉ាន់ត្រូវតែការពារដែនកោះមួយនេះឲ្យខាងតែបាន។ ជាមួយនឹងការអះអាងរបស់ប្រធានាធិបតីតៃវ៉ាន់នោះ ក្រុងតៃប៉ិបានចំណាយថវិកាជាតិ រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗពីសហរដ្ឋអាមេរិក សម្រាប់យកមកត្រៀមទប់ទល់នឹងការឈ្លានពានរបស់ចិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×