រដ្ឋធានីណៃពិដោរ ៖ កម្លាំងការពារប្រជាជន ហៅកាត់ PDF ដែលក្រុមចលនាតស៊ូប្រដាប់អាវុធ កើតចេញពីជនស៊ីវិល ក្រោយអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានចាប់ផ្ដើមប្រើប្រាស់ដ្រូន ទម្លាក់គ្រាប់បែកទៅលើទាហានរបស់រដ្ឋាភិបាល បណ្ដាលឲ្យកងទ័ពរបបសឹក ជាច្រើននាក់ បាត់បង់ជីវិត។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា កងទ័ពរដ្ឋាភិបាលសឹក យ៉ាងតិច៣៨នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្រោយពេលកម្លាំងការពារប្រជាជន ហៅកាត់ PDF ដែលកើតចេញពីកម្លាំងជនស៊ីវិល ក្រោយអំពើរដ្ឋប្រហារយោធា បានប្រើប្រាស់ដ្រូន ទម្លាក់គ្រាប់បែក ចំពីលើមូលដ្ឋានកងទ័ពរបបសឹក។
កម្លាំងការពារប្រជាជន នៅទីក្រុងកាឡាយ (Kalay-PDF) បានអះអាងថា កាលពីល្ងាច ថ្ងៃទី៦ ខែកុម្ភៈ កម្លាំងចលនាតស៊ូ បានឆ្មក់វាយប្រហារ ដោយគ្រាប់មីន ទៅលើក្បួនរថយន្ដយោធារបស់កងទ័ពរដ្ឋាភិបាលសឹក ចំនួន៦០នាក់ ខណៈកំពុងតែធ្វើដំណើរ ចេញពីភូមិមួយ នៅក្នុងតំបន់សាហ្គេន (Sagain) ឆ្ពោះទៅកាន់ទីក្រុងខាល (Kale) ។ នៅក្នុងហេតុការណ៍នោះ កម្លាំងកម្លាំងការពារប្រជាជន នៅទីក្រុងកាឡាយ (Kalay-PDF) បានស.ម្លាប់កងទ័ពរដ្ឋាភិបាល យ៉ាងតិច២០នាក់។

ក្រុមចលនាតស៊ូ បានបន្ដថា កម្លាំងតស៊ូរបស់ខ្លួន បានឆ្លើយតប ចំពោះវាយប្រហារ ដោយកាំភ្លើងធំពីកងទ័ពរបស់រដ្ឋាភិបាល នៅភូមិទីនថា (Tinthar) នាភាគខាងត្បូង ទីក្រុងខាល ខណៈកងទ័ពរបបសឹក បានដាក់ពង្រាយកម្លាំង ចូលទៅក្នុងភូមិក្យាន់ថា (Kyantha) និង ភូមិហាន់ថាវ៉ាឌី។ សកម្មភាពវាយប្រយុទ្ធគ្នានេះ បានបណ្ដាលឲ្យអ្នកភូមិ ចំនួន១០នាក់ រងរបួស ហើយក្នុងនោះមានកុមារម្នាក់ផងដែរ។ ដោយឡែក ផ្ទះចំនួន៥ខ្នង ត្រូវបានភ្លើងឆេះអស់។ ចំណែកប្រជាពលរដ្ឋ រស់នៅក្នុងភូមិចំនួន៥ នៅជិតកន្លែងប្រយុទ្ធគ្នា បានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែកងទ័ពរបបសឹក បង្កើនការបាញ់ផ្លោងកាំភ្លើងធំដាក់។ ក្រៅពីនេះ កម្លាំងចលនាតស៊ូចម្រុះ ក៏បានប្រើប្រាស់ដ្រូន ទម្លាក់គ្រាប់បែកទៅលើកងទ័ពរដ្ឋាភិបាល ដែលកំពុងបោះទីតាំង នៅជិតភូមិម្យិនឈីន (Myinchin) បណ្ដាលឲ្យកងទ័ពរបបសឹក ចំនួន១៦នាក់បាត់បង់ជីវិតបន្ថែមទៀត៕រក្សាសិទ្ធិដោយ ៖ សារាយSN














