ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ត្រូវបណ្តុះស្មារតី “ស្នេហាជាតិ មោទកភាព និងក្តីសង្ឃឹមខ្ពស់ចំពោះអនាគតរួមគ្នា” ក្នុងនាមប្រជាជាតិមួយ។
បើតាមសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សំណង់ប្រវត្តិសាស្រ្ត និងទីតាំងទាំងឡាយ ដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា មិនគ្រាន់តែជាសំណង់ ឬហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គ្រាន់តែឱ្យទស្សនា ដោយភ្នែកទទេប៉ុណ្ណោះនោះទេ តែក៏បានបង្កប់នូវពេលវេលា ដែលត្រូវចងចាំក្នុងអតីតកាល និងជោគជ័យ ដែលយើងសម្រេចបាន ក្នុងនាមជាប្រជាជាតិ ក៏ដូចជាស្នាដៃដែលម្នាក់ៗសម្រេចបានរួមគ្នា។

“គ្មានសង្គមជាតិណាមួយ ដែលល្អឥតខ្ចោះនោះឡើយ រាប់ទាំងសង្គមជាតិរបស់យើងផងដែរ។ ក៏ប៉ុន្តែ យើងត្រូវចេះឱ្យតម្លៃឱ្យបានស៊ីជម្រៅ មានមោទកភាព នូវអ្វីដែលយើងបានឆ្លងកាត់ និងឆ្លងផុតកន្លងមក ទន្ទឹមនឹងការស្វែងយល់ និងត្រៀមខ្លួនសម្រាប់អ្វី ដែលយើងត្រូវបន្តដំណើរទៅមុខទៀត” ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








