ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះ
ករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា អាចមានការភាន់ច្រឡំឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ
ប្រទេសវិញ។
សម្តេចតេជោ បានបញ្ជាក់ថា ” ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយ បន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតាព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។ សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។
ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការ
ធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។
សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ! និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ”៕រក្សាសិទ្ធដោយ៖សុទ្ធលី


