ទីក្រុងឡុងដ៍ ៖ ស្របពេលស្ថានការណ៍ កំពុងតែឡើងកម្ដៅ រកកល់នឹងផ្ទះសង្គ្រាមនោះ នាយករដ្ឋមន្រ្ដីអង់គ្លេស មានគម្រោង នឹងបើកកិច្ចប្រជុំមួយ ស្វែងរកដំណោះស្រាយការទូត ដើម្បីបន្ធូរបន្ថយនូវភាពតានតឹង រវាងអ៊ុយក្រេន និង រុស្ស៊ី។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នឹងបើកកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយការទូត នៅក្នុងពេលឆាប់ៗនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក៏ជាផ្នែកមួយ នៃការបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។
នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានប្រកាសបែបនេះ បន្ទាប់ពីរដ្ឋមន្តី្រការពារជាតិអង់គ្លេសបានអះអាងថា បណ្ដាប្រទេសលោកខាងលិចមួយចំនួន មិនបានប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងនឹងរុស្ស៊ី ខណៈការភ័យខ្លាចកំពុងតែកើនឡើង អំពីលទ្ធភាពរបស់ក្រុងមូស្គូ វាយសង្គ្រប់ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ លោក ចនសុន នឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ជាពិសេស ការពិភាក្សាជាមួយបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង ប្រទេសក្នុងតំបន់បាល់ទិក។

សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៊ី បានដាក់ពង្រាយកងទ័ព ជាង១០០ ០០០នាក់ នៅជិតព្រំដែនជាប់នឹងអ៊ុយក្រែន ដើម្បីត្រៀមលក្ខណៈវាយលុយទៅលើប្រទេសអ៊ុយក្រែន។ ប៉ុន្ដែរុស្ស៊ី នៅតែអះអាងថា ក្រុងមូស្គូ មិនមានគម្រោង វាយលុកចូលឈ្លានពានទៅលើប្រទេសណាមួយនោះឡើយ។ ថ្វីបើរុស្ស៊ី អះអាងបែបនេះក្ដី ក៏ក្រុងមូស្គូ នៅតែមិនព្រមដក ឬកាត់បន្ថយចំនួនកងទ័ព នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនដែរ។ ក្រៅពីនេះ រុស្ស៊ីចង់បានការធានាសន្ដិសុខរបស់ខ្លួន ពីលោកខាងលិច ហើយហាមអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN













