Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលថៃ សម្រេចបើកព្រំដែន ជាមួយម៉ាឡេស៊ី នៅខែក្រោយ

រាជធានីបាងកក ៖ ក្រោយពេលបិទខ្ទប់ព្រំដែនជាមួយនឹងប្រទេសជិតខាង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នោះមក នៅទីបំផុត នាយករដ្ឋមន្រ្ដីថៃ បានសម្រេចបើកព្រំដែនឡើងវិញ នៅខែក្រោយ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ និង សេដ្ឋកិច្ច នៅក្នុងខេត្តភាគខាងត្បូង ងើបឡើងវិញ។

សារព័ត៌មាន Thaigar បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកស្រី Rachada Dhnadirek អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាដល់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ ហៅកាត់ CCSA ឲ្យធ្វើការជាមួយនឹងមជ្ឈមណ្ឌលប្រតិបត្ដិការបន្ទាន់វិស័យទេសចរណ៍ និង កីឡា ស្ដីពីវិធានការកាត់បន្ថយការឆ្លងកូវីដ-១៩។

លោកស្រី Rachada Dhnadirek បានបញ្ជាក់ថា បើតាមគម្រោងនេះ រដ្ឋាភិបាលថៃ នឹងបើកព្រំដែនជាមួយម៉ាឡេស៊ី នៅខែក្រោយនេះ ដើម្បីស្ដារវិស័យទេសចរណ៍ នៅក្នុងខេត្តភាគខាងត្បូងរបស់ថៃ រួមមាន ខេត្ត Songkhla ខេត្តYala ខេត្ត Narathiwat និងខេត្ត Satun ។ គម្រោងនេះ នឹងរៀបចំជាមួយម៉ាឡេស៊ី សម្រាប់អ្នកទេសចរ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការរួចរាល់ហើយ ដែលអាចមកដល់ ក្រោមគម្រោង Test & Go ដោយមិនចាំបាច់ ធ្វើចត្ដាឡីស័ក។

ទោះជាយ៉ាងណា អាជ្ញាធរថៃ នៅតែតម្រូវឲ្យអ្នកទេសចរទាំងនោះ ធ្វើតេស្ត PCR បន្ទាប់ពីពួកគេមកដល់។ ជាមួយគ្នានេះ អាជ្ញាធរថៃ នៅតែមានទំនុកចិត្តថា ថៃនឹងនៅតែជាគោលដៅទាក់ទាញអ្នកទេសចរខ្លាំង ថ្វីបើថៃប្រឈមនឹងការឆ្លងរីករាលដាល ពីជំងឺកូវីដ-១៩ក្ដី៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×