រាជធានីតូក្យូ ៖ ក្រោយពេលមេដឹកនាំសហរដ្ឋអាមេរិក និង លោកខាងលិច ព្រមានអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសរុស្ស៊ី ប្រសិនបើឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះមក ស្រាប់តែជប៉ុនចេញមុខមកព្រមាន ពីលទ្ធភាព នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុងមូស្គូ បន្ថែមទៀត។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបញ្ជាក់ នៅក្នុងសន្និសីទមួយ កាលពីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈថា ជប៉ុន នឹងស្វែងរកលទ្ធភាព ដាក់ទណ្ឌកម្មកម្រិតធ្ងន់ទៅលើរុស្ស៊ី ប្រសិនបើសម្រេចចិត្តលើកកងទ័ព វា.យលុ.កលុយ ចូលឈ្លានពានទៅលើអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបន្ថែមថា «បច្ចុប្បន្ននេះ អាទិភាពដ៏ចម្បងបំផុត សម្រាប់ជប៉ុននឹងជំរុញឲ្យរុស្ស៊ី ងាកមករកដំណោះស្រាយ តាមរយៈការទូត។ ប៉ុន្ដែបើក្រុងមូស្គូ លើកកងទ័ពវា.យប្រ.ហារ ទៅលើប្រទេសអ៊ុយក្រែន នោះ ជប៉ុននឹងបោះជំហានទៅមុខ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី»។

វិបត្ដិអ៊ុយក្រែន កាន់តែឡើងកម្ដៅនេះ បានកើតឡើង ក្រោយពេលរុស្ស៊ី បានដាក់ពង្រាយកងទ័ព ជាង ១០០ ០០០នាក់ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន ធ្វើឲ្យសហរដ្ឋអាមេរិក ព្រមាន អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុងមូស្គូ អំពីការត្រៀមខ្លួន វា.យស.ង្គ្រប់ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ទើបបង្កឲ្យមានភាពតានតឹងជាមួយនឹងលោកខាងលិច។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូ បានយល់ស្របគ្នាថា ច្រកដោះស្រាយវិបត្ដិ តាមផ្លូវការទូត នៅតែបើកចំហជានិច្ច សម្រាប់រុស្សី ជ្រើសរើស។ ក្រៅពីព្រមាននេះ មហាអំណាចលោកខាងលិច បានត្រៀមកញ្ចប់ទណ្ឌកម្មដ៏ធំមហិមារួចជាស្រេច សម្រាប់ដាក់ទៅលើក្រុងមូស្គូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN











