ភ្នំពេញ : រថយន្តដឹកទំនិញធុនធំបើកបរខ្វះការប្រុងប្រយ័ត្ន កៀរ៉ីម៉កលក់គុយទាវនឹងរ៉ីម៉កដឹកទឹកកក ទៅខ្ទប់រថយន្តហ្វ័តចតស្ងៀមមួយគ្រឿង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F-4729 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ បានកៀរជាមួយរឺម៉ក២គ្រឿង ស្របគ្នាទៅខ្ទប់រថយន្តស៊េរីទំនើបម៉ាកហ្វ័ត កំពុងចតស្ងៀម នៅចិញ្ចើមបណ្ដាលឲ្យរងការខូចខាតរឺម៉ក២គ្រឿង និងរថយន្តមួយគ្រឿងយ៉ាងដំណំ សំណាងមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងយកមធ្យោបាយទាំងអស់ ទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


