ភ្នំពេញ ៖ ប្រទេសបារាំង បានផ្តល់ជំនួយ ២០០ ០០០ អឺរ៉ូ ដល់កញ្ចប់ថវិកាឆ្នាំ២០២២ របស់ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ.វ.ត.ក)។ ទឹកប្រាក់ថ្មីនេះ បានធ្វើឱ្យថវិកាសរុបផ្តល់ដោយប្រទេសបារាំងទៅ អ.វ.ត.ក មានចំនួន៦,៩លានអឺរ៉ូ ចាប់តាំងពីតុលាការនេះត្រូវបានបង្កើតឡើងនាឆ្នាំ២០០៦។
ប្រទេសបារាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនិទណ្ឌភាព និងបានគាំទ្រការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចាប់តាំងពីការបង្កើតតុលាការនេះនៅឆ្នាំ២០០៦ ហើយនឹងបន្តគាំទ្រដល់បេសកកម្មរបស់តុលាការខ្មែរក្រហមនេះ ក្នុងការស្វែងរកយុត្តិធម៌ និងការពង្រឹងសន្តិភាព និងនីតិរដ្ឋនៅប្រទេសកម្ពុជា។

វិភាគទានថ្មីនេះត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានទូតបារាំងក្រោមសហអធិបតីភាពរបស់លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា។
ប្រទេសបារាំង និងជប៉ុន គឺជាសហប្រធានរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម។ នេះគឺជាកិច្ចប្រជុំលើកទី១របស់ក្រុមមិត្តសាលាក្តីខ្មែរក្រហម ដែលរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ចាប់តាំងពីការលេចឡើងនូវជំងឺកូវីដ១៩។កិច្ចប្រជុំនេះគឺជាឱកាសនៃការពិភាក្សាផ្លាស់ប្តូរយោបល់រវាងតំណាងការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម និងតំណាងស្ថានទូតចូលរួមជាច្រើនពាក់ព័ន្ធនឹងសេចក្តីសម្រេចថ្មីៗ និងកាលវិភាគរបស់ អ.វ.ត.ក ក៏ដូចជាផលប៉ះពាល់របស់ជំងឺកូវីដ១៩លើសកម្មភាពរបស់តុលាការ។

ក្នុងពេលដែលអាណត្តិរបស់ អ.វ.ត.ក នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំនេះ ជាមួយការចេញសេចក្តីសម្រេចចុងក្រោយ របស់អង្គជំនុំជម្រះតុលាការកំពូលលើសំណុំរឿង ០០២/០២ ស្តីពី ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អ្នកចូលរួមទាំងអស់បានពិចារណា អំពីការបំពេញការងារដែលនៅសេសសល់របស់ អ.វ.ត.ក ។ ការងារនៅសល់រួមមានការថែទាំ ការរក្សាទុក និងការគ្រប់គ្រងបណ្ណសារ ការការពារការចងចាំ អំពីភាពសាហាវយង់ឃ្នងដែលត្រូវបានប្រព្រឹត្ត ការពិនិត្យសាលក្រមឡើងវិញ ការ ការពារជនរងគ្រោះនិងសាក្សី និងការគ្រប់គ្រងការអនុវត្តទោសរបស់ទណ្ឌិត។
នៅក្នុងកិច្ចប្រជុំខាងលើ លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាន កាលពីពេលថ្មីៗនេះនៃកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

ម៉្យាងទៀត ការចងក្រងយុត្តិសាស្រ្តគឺពិតជាមានសារសំខាន់ សម្រាប់កម្ពុជាក៏ដូចជា សម្រាប់យុត្តាធិការអន្តរជាតិនានា។ ជាការសំខាន់ដែល អ.វ.ត.ក ដែលទទួលឥទ្ធិពលខ្លាំងពីប្រព័ន្ធច្បាប់ Civil Law អាចចែករំលែកសមិទ្ធិផលការងាររបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ដោយហេតុថា បទពិសោធន៍របស់ អ.វ.ត.ក អាចត្រូវប្រើប្រាស់សម្រាប់ តុលាការព្រហ្មទណ្ឌពិសេសក្រុងបង់ហ្គី (Bangui) ដែលក៏ជាតុលាការចម្រុះមួយមាន សមាសភាពចូលរួមពីចៅក្រមជាតិ និងចៅក្រមអន្តរជាតិ ហើយក៏ស្ថិតនៅក្នុងប្រទេសប្រើប្រាស់ភាសាបារាំង ដូចកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា