Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វីបានជារុស្ស៊ី រារាំងអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូ?

បរទេស ៖ ភាពតានតឹង កាន់តែខ្លាំងឡើង រវាងរុស្ស៊ី និង មហាអំណាចលោកខាងលិច ជុំវិញវិបត្ដិអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ បានកើតឡើង ក្រោយពេលក្រុងមូស្គូ បានបញ្ជូនកងទ័ព ជាង ១០០ ០០០នាក់ ទៅដាក់ពង្រាយ នៅជិតព្រំដែនរបស់ប្រទេសជិតខាង ប៉ុន្ដែអ្វីដែលជាចំណុចសំខាន់ នៃការចង់បានរបស់ក្រុងមូស្គូនោះ គឺការធានាដល់សន្ដិសុខរបស់ខ្លួនពីក្រុមបច្ចិមប្រទេស ហើយហាមឃាត់អ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូ និង មិនចង់ឲ្យអង្គការនេះ ពង្រីកខ្លួនកាន់ធំ ទៅកាន់តំបន់អឺរ៉ុបខាងកើត ជាពិសេស ទៅលើប្រទេស ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត។

បើរំឭកទៅអតីតកាល ដោយនិយាយាត្រួសៗ គឺសហភាពសូវៀត ធ្លាប់ជាបងធំ នៃប្លុកកុម្មុយនីស្ដ។ នៅក្នុងអំឡុងសង្គ្រាមត្រជាក់នោះ សហភាពសូវៀត ជាប្រទេសមានឥទ្ធិពលដ៏ខ្លាំងក្លាបំផុត នៅក្នុងប្លុកកុម្មុយនីស្ដ ហើយប្រឈមមុខយ៉ាងខ្លាំងក្លាជាមួយនឹងលោកសេរី ជាពិសេស សហរដ្ឋអាមេរិក។

សហភាពសូវៀត មានឈ្មោះជាផ្លូវការ គឺ«សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត» ហើយមហាអំណាចប្លុកកុម្មុយនីស្ដដ៏ខ្លាំងក្លាមួយនេះ បានបង្កើតឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ ហើយបានដួលរលំទៅវិញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១។ សហភាពសូវៀត ជាសហភាពសហព័ន្ធន៍ នៃសាធារណរដ្ឋពហុជាតិសាសន៍។

សហភាពសូវៀត មានផ្ទៃដីទំហំ ២២,៤លានគីឡូម៉ែត្រការ៉េ ដោយមានរដ្ឋ ចំនួន១៥ រួមមាន រដ្ឋអាមេនៀ (Armenia) រដ្ឋអាហ្សែបៃហ្សង់ (Azerbaijan) រដ្ឋបេឡារុស (Belarus) រដ្ឋអេស្ដូនី (Estonia) រដ្ឋហ្សកហ្ស៊ី (Georgia) រដ្ឋកាហ្សាក់ស្ថាន (Kazakhstan) រដ្ឋគីជីស្ថាន ( Kyrgyzstan) រដ្ឋឡាតវៀ (Latvia) រដ្ឋលីស៊ូអានៀ (Lithuania) រដ្ឋម៉ូលដូវ៉ា (Moldova) រដ្ឋរុស្ស៊ី (Russia) រដ្ឋតាជីគីស្ថាន (Tajikistan) រដ្ឋធើកមេនីស្ថាន (Turkmenistan) រដ្ឋអ៊ុយក្រែន (Ukraine) និង រដ្ឋអ៊ុយប៊េគីស្ថាន (Uzbekistan) ។

ក្រោយការដួលរំលំ នៃសហភាពសូវៀត នាអំឡុងឆ្នាំ១៩៩១នោះមក រដ្ឋទាំងនោះ បានផ្ដាច់ខ្លួន ក្លាយជាប្រទេសឯករាជ្យ។ លុះក្រោយមក ប្រទេសចំនួន៣ ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត ក៏ក្លាយជាសមាជិករបស់អង្គការណាតូ រួមមាន ឡាតវៀ (Latvia) លីស៊ូអានៀ (Lithuania) និង អេស្ដូនី (Estonia) ។

ដោយឡែក អ៊ុយក្រែនវិញ ក្រោយពេលសហព័ន្ធន៍រុស្ស៊ី បានរឹបអូសយកឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន នៅភាគខាងត្បូង ប្រទេស កាលពីអំឡុងឆ្នាំ២០១៤ ហើយគាំទ្រដល់ក្រុមប៉ះបោរ ភាគច្រើននិយាយភាសារុស្ស៊ី នៅភាគខាងកើត ប្រទេស រហូតផ្ទុះសង្រ្គាមដាក់ បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ជាង ១៤ ០០០នាក់នោះមក ទើបក្រុងគៀវ ចង់ចូលជាសមាជិករបស់អង្គការណាតូ។

តើអង្គការណាតូជាអ្វី?

អង្គការណាតូ (តាមភាសាអង់គ្លេស) ឬអូតង់ (តាមភាសាបារាំង) មានន័យពេញថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ អង្គការនេះ បានបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ១៩៤៩ ហើយបច្ចុប្បន្ន មានសមាជិក ចំនួន៣០ប្រទេស ដោយរួម ទាំងប្រទេសចំនួន៣ ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត រួមមាន ឡាតវៀ (Latvia) លីស៊ូអានៀ (Lithuania) និង អេស្ដូនី (Estonia)។

អង្គការណាតូ ជាសម្ពន្ធមិត្តយោធាអន្ដររដ្ឋាភិបាល ដោយមានប្រទេសចំនួន២៧ នៅអឺរ៉ុប ២ប្រទេស នៅអាមេរិកខាងជើង និង ប្រទេស១នៅអឺរ៉ុប-អាស៊ី។ អង្គការនេះ អនុវត្ដសន្ធិសញ្ញាអាត្លង់ទិកខាងជើង ត្រូវបានបង្កើតឡើង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយមានទីស្នាក់ការកណ្ដាល នៅទីក្រុងប៊្រុចសែន ប្រទេសប៊ែលហ្ស៊ីក។

ដោយឡែក គោលបំណងដ៏សំខាន់ នៃអង្គការណាតូ គឺធានាសេរីភាព និងសន្តិសុខរបស់សមាជិករបស់ខ្លួន តាមរយៈមធ្យោបាយនយោបាយ និងយោធា។ បើនិយាយពីផ្នែកនយោបាយ គឺអង្គការ NATO លើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យ ហើយអាចជួយដល់សមាជិករបស់ខ្លួន អាចពិគ្រោះ និងសហការលើបញ្ហាការពារជាតិ និងសន្តិសុខ ដើម្បីដោះស្រាយបញ្ហា កសាងទំនុកចិត្ត និងយូរអង្វែង ទប់ស្កាត់ជម្លោះ។ ចំណែកវិស័យយោធាវិញ អង្គការណាតូ ប្តេជ្ញាដោះស្រាយជម្លោះ ដោយសន្តិវិធី។

ប្រសិនបើមានកិច្ចខិតខំប្រឹងប្រែងការទូត បានបរាជ័យ គឺណាតូមានអំណាចយោធា នៅក្នុងប្រតិបត្តិការគ្រប់គ្រងវិបត្តិនេះ។ កត្ដាទាំងនេះ ត្រូវបានអនុវត្ត ក្រោមកិច្ចការពាររួម នៃសន្ធិសញ្ញាបង្កើតអង្គការណាតូ តាមមាត្រាទី៥ នៃសន្ធិសញ្ញាវ៉ាស៊ីនតោន ឬក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិតែម្នាក់ឯង ឬក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀត និងអង្គការអន្តរជាតិ។

សហរដ្ឋអាមេរិក ជាសមាជិកដ៏មានឥទ្ធិពលបំផុត នៅក្នុងអង្គការនេះ មានគោលដៅប្រឆាំងនឹងសហភាពសូវៀត នៅក្នុងសម័យសង្គ្រាមត្រជាក់។ ប៉ុន្ដែក្រោយពេលសហភាពសូវៀត បានដូលរំលំ នាអំឡុងឆ្នាំ១៩៩១នោះមក អង្គការណាតូ បានពង្រីកខ្លួនទៅលើប្រទេស ចំនួន៣ ដែលជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត រួមមាន ឡាតវៀ (Latvia) លីស៊ូអានៀ (Lithuania) និង អេស្ដូនី (Estonia) ។

ការពង្រីកខ្លួនរបស់អង្គការណាតូទៅកាន់តំបន់អឺរ៉ុបខាងកើត ជាពិសេស លើប្រទេស ធ្លាប់ជារដ្ឋ ចំណុះឲ្យអតីតសហភាពសូវៀត នាំឲ្យរុស្ស៊ីមានការព្រួយបារម្ភ អំពីបញ្ហាសន្ដិសុខរបស់ខ្លួន។ ជាមួយនឹងការព្រួយបារម្ភនេះ រុស្ស៊ី បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ព្រំដែន ជាប់ជាមួយនឹងអ៊ុយក្រែ រហូតធ្វើឲ្យមហាអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសជិតខាងមួយនេះ។

សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៊ី បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង ១០០ ០០០នាក់ នៅជិតព្រំដែនរបស់អ៊ុយក្រែន ក្នុងគោលបំណងឈ្លានពានទៅលើប្រទេសជិតខាង។ ប៉ុន្ដែរុស្ស៊ី នៅតែអះអាងថា ខ្លួនមិនមានគោលបំណងឈ្លានពានប្រទេសអ៊ុយក្រែនោះឡើយ។

ដោយឡែក សមាជិករបស់អង្គការណាតូ ឬ អូតង់ នាពេលបច្ចុប្បន្ននេះ មានចំនួន៣០ប្រទេស រួមមាន៖
១-ប៊ែលហ្ស៊ីក (Belgium ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1949)
២-កាណាដា (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1949)
៣-ដាណាម៉ាក (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1949)
៤-បារាំង (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1949)
៥-អ៊ីស្លង់ (Iceland ចូលនៅ1949)
៦-អ៊ីតាលី (ចូលនៅឆ្នាំ1949)
៧-លូហ្សែមប៊ឺក (Luxembourg ចូលនៅឆ្នាំ1949)
៨-ហូល្លង់ (Netherlands ចូលនៅឆ្នាំ1949)
៩-ន័រវ៉េស (Norway ចូលនៅឆ្នាំ1949)
១០-ព័រទុយហ្គាល់ (Portugal ចូលនៅឆ្នាំ1949)

១១-ចក្រភពអង់គ្លេស (ចូលនៅឆ្នាំ1949)
១២-សហរដ្ឋអាមេរិក (ចូលនៅឆ្នាំ1949)
១៣-ក្រិក (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1952)
១៤-តួកគី (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1952)
១៥-អាល្លឺម៉ង់ (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1955)
១៦-អេស្ប៉ាញ (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1982)
១៧-សាធារណរដ្ឋឆែក (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1999)
១៨-ហុងគ្រី (ចូលជាសមាជិកអង្គការណាតូ នៅឆ្នាំ1999)
១៩-ប៉ូឡូញ (1999)
២០-ប៊ូលហ្គារី (2004)
២១-អេស្ដូនី (2004)
២២-ឡាតវៀ (Latvia ចូលនៅឆ្នាំ2004)
២៣-Lithuania (2004)
២៤-រ៉ូម៉ានី (2004)
២៥-ស្លូវ៉ាគី (2004)
២៦-ស្លូវ៉ានៀ(2004)
២៧-អាល់បានី (2009)
២៨-ក្រូអាត (2009)
២៩-ម៉ុងតេណេក្រូ (2017)
៣០-ម៉ាសេដូណាខាងជើង (1995) ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×