Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គី ឆេះស្រឡាងដឹករថយន្ដ នៅសមុទ្រក្រិក បាត់ខ្លួនរាប់សិបនាក់

បរទេស ៖ ស្រឡាងមួយគ្រឿងដឹករថយន្ដយ៉ាងច្រើន បានចាកចេញ ពីកំពង់ផែ Igoumenitsa នៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសក្រិក នាវេលាម៉ោង១ និង ៥០នាទីរំលងអធ្រាត្រ ថ្ងៃទី១៨ ខែកុម្ភៈ (វេលាក្នុងតំបន់) ហើយក្រោយមក ភ្លើងក៏បានឆាបឆេះស្រឡាងនោះឡើង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី១៨ ខែកុម្ភៈ ថា អាជ្ញាធរក្រិក បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានមនុស្ស ចំនួន១១នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីស្រឡាងមួយគ្រឿង បានផ្ទុះឆេះ នៅក្បែរកោះ Corfu ប្រទេសក្រិក កាលពីរំលងអធ្រាត្រ ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ។ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្សចំនួន២៩០នាក់ ចេញពីនៅលើស្រឡាង Euroferry Olympia រួមទាំងអ្នកបើកបររថយន្ដដឹកទំនិញពីរនាក់ ដែលជាប់នៅខាងក្នុងផងដែរ។

អាជ្ញាធរ បានបន្ថែមថា ស្រឡាងនោះ បានចាកចេញពីកំពង់ផែ Igoumenitsa នាភាគខាងលិច ប្រទេសក្រិក ក្នុងដំណើរ ឆ្ពោះទៅកាន់កំពង់ផែ Brindisi របស់អ៊ីតាលី ហើយភ្លើងក៏បានឆាបឆេះ នៅលើដំបូលរថយន្ត។ ចំណែកអ្នកគ្រប់គ្រងស្រឡាង ឬកាពីតែន បានប្រាប់អ្នកដំណើរ នៅលើនាវានោះ ឱ្យចាកចេញ ខណៈស្រឡាង កំពុងតែឆេះយ៉ាងសន្ធោសន្ធៅ។

ដោយឡែក ឆ្មាំការពារឆ្នេរសមុទ្ររបស់ប្រទេសក្រិក បានបញ្ជាក់ថា ស្រឡាងដែលរងគ្រោះអគ្គិភ័យនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអ៊ីតាលី Grimaldi Lines ហើយមានអ្នកដំណើរ ចំនួន២៣៩នាក់ និង នាវិក៥១នាក់ នៅលើនាវា កំពុងតែជួបនឹងហេតុការណ៍នោះ។

លោក Rodi Kratsa-Tsagaropoulou អភិបាលកោះ Ionian បានឱ្យដឹងថា អ្នកដំណើរជិត៣០០នាក់នោះ ភាគច្រើន ជាជនជាតិអ៊ីតាលី ហើយនាវិក មានទាំងជនជាតិក្រិក និងអ៊ីតាលី។

មន្ត្រីអ៊ីតាលី បានបញ្ជាក់ថា អ្នកដំណើរ ២៧៧នាក់ ក្នុងចំណោមអ្នកនៅលើស្រឡាងនោះ ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព ហើយ១០នាក់ ក្នុងចំណោមពួកគេកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដោយសារបញ្ហាផ្លូវដង្ហើម និងរបួសស្រាល។

ទោះជាយ៉ាងណា ទាំងអាជ្ញាធរក្រិក និងអ៊ីតាលី នៅមិនទាន់បានបញ្ជាក់ អំពីទំហំ នៃការខូចខាត ដោយសារភ្លើងឆេះនាវានេះនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×