រាជធានីបាងកក ៖ គណបក្សភឿថៃ ដែលជាបក្សប្រឆាំងដ៏ធំបំផុត នៅក្នុងប្រទេសថៃ កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវឲ្យរំលាយសភា និង ទាមទារឲ្យនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដោយសារតែរដ្ឋាភិបាលរបស់គាត់ គ្រប់គ្រងមិនបានល្អ ធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយនាំឲ្យការចំណាយទៅលើជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋថៃ កាន់តែកើនឡើង ខណៈប្រាក់ចំណូលរបស់ពួកគេ កាន់តែថយ។

បើតាមសារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្ស Pheu Thai បានវាយប្រហារចំៗ ទៅលើលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) នាយករដ្ឋមន្ត្រីថៃ ជុំវិញការដឹកនាំរដ្ឋាភិបាល មិនបានល្អ ធ្វើឲ្យប្រទេសថៃ ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច។
មេបក្សប្រឆាំងដ៏ល្បីល្បាញ នៅក្នុងប្រទេសថៃ បានបញ្ជាក់ថា ការគ្រប់គ្រងរដ្ឋាភិបាល មិនបានត្រឹមត្រូវរបស់លោក ប្រាយុទ្ធ កំពុងតែជំរុញឱ្យមានវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសថៃ ហើយអ្វីដែលកាន់តែអាក្រក់ឡើងនោះ ការចំណាយលើជីវភាពរស់នៅរបស់ប្រជាជន នៅទូទាំងប្រទេស កាន់តែកើនឡើងខ្ពស់។

មេបក្ស Pheu Thai បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ បានបរាជ័យ នៅក្នុងការដោះស្រាយជំងឺរាតត្បាតទៅលើមនុស្ស និង ជំងឺឆ្លងទៅលើសត្វ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ជាពិសេស ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)។ ក្រៅពីនេះទៀត រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ មិនបានធ្វើឲ្យមានប្រសិទ្ធភាព លើកំណែទម្រង់នយោបាយ តាមអ្វីដែលបានសន្យា និង ខ្វះប្រសិទ្ធភាព នៅក្នុងការគ្រប់គ្រងប្រទេស ដោយធ្វើឲ្យកាន់តែអាក្រក់ឡើង សម្រាប់បញ្ហាជាច្រើនទៀត រួមមាន ការជួញដូរថ្នាំញៀន អំពើពុករលួយ និង ការបំពុលខ្យល់អាកាស រហូតដល់កម្រិត PM2.5 ក៏ដូចជា បញ្ហាបរិស្ថាន…ជាដើម។
មេបក្សប្រឆាំងរូបនេះ បានចោទប្រកាន់នាយករដ្ឋមន្រ្ដីថៃ ថា ភាពមិនប្រក្រតី នៃការគ្រប់គ្រងរបស់គាត់ បានធ្វើឱ្យប្រទេសថៃ បាត់បង់ឱកាស នៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ចំណែក ពលរដ្ឋថៃ នៅទូទាំងប្រទេស កំពុងតែរងគ្រោះ ពីការកើនឡើង នៃតម្លៃ សម្រាប់ការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ខណៈប្រាក់ខែរបស់ពួកគេ កាន់តែថយចុះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










