រដ្ឋធានីមូស្គូ ៖ ក្រោយពេលបិទបញ្ចប់នូវការធ្វើសមយុទ្ធ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ នោះមក រុស្ស៊ី បានពង្រីកពេលវេលាធ្វើសមយុទ្ធ នៅក្នុងប្រទេសបេឡារុស បន្ដទៀត ធ្វើឲ្យសហរដ្ឋអាមេរិក អះអាងថា ក្រុងមូស្គូ ពិតជាកំពុងតែរៀបចំគម្រោង វាយលុយក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន យ៉ាងពិតប្រាកដ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្រសួងការបរទេសបេឡារុស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា កងទ័ពបេឡារុស និងរុស្ស៊ី នឹងពង្រីកពេលវេលា នៃការធ្វើសមយុទ្ធបន្ដទៀត។ នេះជាសកម្មភាពប្រឆាំងទៅនឹងកម្លាំងយោធាបរទេស កំពុងតែបង្ហាញវត្ដមាន នៅក្បែរព្រំដែនរបស់រុស្ស៊ី និងបេឡារុស ស្របស្ថានការណ៍ នៅតំបន់ដុនបាស (Donass) នាភាគខាងកើត អ៊ុយក្រែន កំពុងតែឡើងកម្ដៅ។
លោក វីកទ័រ ក្រេនីន (Viktor Khrenin) រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស បានបញ្ជាក់ ថា កងទ័ពបេឡារុស និង រុស្ស៊ី បានសម្រេចចិត្ត បន្តការធ្វើសមយុទ្ធយោធាបន្ថែមទៀតនេះ ក៏ជាការឆ្លើយតប ចំពោះសកម្មភាពយោធាបរបស់លោកខាងលិច កំពុងតែមានចេតនា បង្កហេតុ នៅតាមតំបន់ព្រំដែនរបស់យើង។

ដោយឡែក អង្គការ NATO បានបញ្ជាក់ថា ក្រុងមូស្គូ បានដាក់ពង្រាយកងទ័ពរុស្ស៊ី ចំនួន ៣០ ០០០នាក់ នៅក្នុងប្រទេសបេឡារុស ដែលធ្លាប់ជារដ្ឋ ចំណុះឲ្យអតីតសហភាពសូវៀត។
លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន បានមើលឃើញសញ្ញាជាច្រើន កំពុងចង្អុលបង្ហាញថា រុស្ស៊ី ពិតជាកំពុងតែត្រៀមខ្លួន វាយប្រហារ ចូលឈ្លានពានទៅលើអ៊ុយក្រែន។
ស្ថានការណ៍ នៅតំបន់អឺរ៉ុបខាងកើត បានធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលរុស្ស៊ីបានដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ នៅតាមព្រំដែនរបស់ខ្លួន ជាប់នឹងប្រទេសអ៊ុយក្រែន។ សកម្មភាពយោធារបស់ក្រុងមូស្គ ធ្វើឲ្យសហរដ្ឋអាមេរិក និង លោកខាងលិច ព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN














