រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា វិមានក្រឹមឡាំង បានចេញបញ្ជារួចជាសម្រេច ដើម្បីចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ហើយការមិនទាន់អនុវត្ដបទបញ្ជានេះ ក៏ដោយសារតែប្រធានាធិបតីរុស្ស៊ី ផ្ដាស់ប្ដូរគំនិតរបស់គាត់។

សារព័ត៌មានរុស្ស៊ី RT បានចេញផ្សាយ កាលពី ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា បណ្ដាញផ្សព្វផ្សាយល្បីៗរបស់អាមេរិក រួមមាន CNN និង The New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ថា ក្រុងវ៉ាស៊ីនតោនកំពុងតែបង្កើននូវព្យាករណ៍ជាថ្មី អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ សកម្មភាពយោធារបស់រុស្ស៊ី អាចនឹងចាប់ផ្ដើម នៅពេលណាមួយ ហើយសេចក្ដីរាយការណ៍នេះ បានផ្អែកលើរបាយការណ៍ «ស៊ើបការណ៍» ដោយបានបញ្ជាក់ថា ក្រុងម៉ូស្គូ បានផ្តល់បញ្ជាដល់មេបញ្ជាការកងទ័ពរុស្ស៊ី រួចស្រេចហើយ នៅក្នុងការវាយលុក ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ថា គាត់ជឿថា សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេចចិត្ត ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។ ចំណែក លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីរបស់លោក ចូ បៃដិន និង លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ក៏បានអះអាង អំពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ផងដែរ។

បណ្តាញផ្សព្វផ្សាយល្បីៗរបស់សហរដ្ឋអាមេរិក រួមមាន CNN និង New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ថា ការអះអាងរបស់លោក ចូ បៃដិន មានលក្ខណៈស្របគ្នាទៅនឹងរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិក ដោយបានលើកឡើងថា វិមានក្រឹមឡាំង បានផ្តល់បទបញ្ជា សម្រាប់ការលុកលុយ ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន រួចអស់ហើយ។
សារព័ត៌មាន CBS News បានអះអាងថា ក្តីព្រួយបារម្ភ បានកើនឡើង ខណៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានរកឃើញថា «មេបញ្ជាការកងទ័ពរបស់រុស្ស៊ី» បានទទួលបញ្ជា ហើយកំពុងបង្កើត «ផែនការជាក់លាក់» ដើម្បីវាយប្រហារ នៅតាមផ្នែកខ្លះ នៃសមរភូមិរបស់ពួកគេ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ មន្រ្ដីយោធាលោកខាងលិច នៅតែគិតថា ច្រកចេញនៅតែមាន ហើយការវាយលុកឈ្លានពានលើប្រទេសអ៊ុយក្រេន នឹងមិនកើតឡើង ដោយសារលោក ពូទីន ប្រធានាធិបតីរុស្ស៊ី អាចនឹងផ្លាស់ប្តូរគំនិតរបស់គាត់។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ បានប្រាប់ដល់ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ឱ្យរៀបចំ «ផែនការជម្លៀសខ្លួន» របស់ពួកគេ ចេញជាបន្ទាន់។ ជាមួយនឹងការព្រមាននេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្លាស់ប្តូរស្ថានទូត ចេញពីរដ្ឋធានីក្រុងគៀវ ទៅតាំងនៅក្នុងទីក្រុង Lvov នាភាគខាងលិច ប្រទេសអ៊ុយក្រែន ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រ ពីព្រំដែន នៃប្រទេសប៉ូឡូញ។ សហរដ្ឋអាមេរិក ក៏បានជំរុញឱ្យពលរដ្ឋអាមេរិក ទាំងនៅក្នុងប្រទេសអ៊ុយក្រែន និង បេឡារុស ដែលនៅជិតខាងគ្នា ត្រូវចាកចេញ ពីប្រទេសទាំង២នេះ។
ទោះជាយ៉ាងណា ក្រុងមូស្គូ នៅតែនិយាយដដែលៗថា ខ្លួនមិនមានគោលបំណងណាមួយ ក្នុងការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នោះទេ។ ប៉ុន្ដែ រុស្ស៊ី បានអះអាងថា មានតែសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូ នោះទេ កំពុងតែបង្កើននូវភាពតានតឹងផ្នែកសន្ដិសុខ នៅក្នុងតំបន់អឺរ៉ុបខាងកើតនេះ ហើយមិនអើពើលើសំណើសន្ដិសុខរបស់ក្រុងមូស្គូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








