រដ្ឋធានីមូស្គូ ៖ រហូតមកដល់ពេលនេះ វិមានក្រឹមឡាំង បានប្រកាសទទួលស្គាល់ អំពីឯករាជភាព នៅក្នុងតំបន់របស់ក្រុមចលនាប៉ះបោរ ហើយប្រធានាធិបតីរុស្ស៊ី ថែមទាំងបានបញ្ជាឲ្យកម្លាំងយោធារបស់ខ្លួន ចូលទៅគ្រប់គ្រង នៅក្នុងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក វ៉្លាឌីមៀរ ពូនទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ បានចុះហត្ថលេខា លើក្រឹត្យមួយ ទទួលស្គាល់ អំពីឯករាជភាពរបស់ក្រុមចលនាផ្ដាច់ខ្លួន នៅភាគខាងកើត ប្រទេសអ៊ុយក្រែ។ ការសម្រេចចិត្តរបស់លោក ពូទីន នឹងអាចជួយឲ្យក្រុងមូស្គូ បញ្ជាដល់កងទ័ពរបស់ខ្លួន ត្រូវចូលរក្សាសន្ដិភាព នៅក្នុងតំបន់របស់ចលនាផ្ដាច់ខ្លួន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។

សកម្មភាពរបស់វិមានក្រឹមឡាំង កំពុងតែបង្កើននូវភាពតានតឹង ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ជុំវិញការប្រកាសទទួលស្គាល់ អំពីឯករាជភាពរបស់ក្រុមចលនាបះបោរបំបែកខ្លួន នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី បានបង្កឲ្យមានការថ្កោលទោសសយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ។ ជាមួយគ្នានេះ មហាអំណាចលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងក្រុងមូស្គូ។

ក្រោយពេលប្រធានាធិបតីរុស្ស៊ី បានប្រកាសទទួលស្គាល់សាធារណរដ្ឋផ្តាច់ខ្លួន Luhansk និង Donestk របស់ក្រុមចលនាបះបោរ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន នោះភ្លាម មន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សេតវិមានកំពុងវាយតម្លៃ អំពីសកម្មភាពទាំងនោះ ហើយសហរដ្ឋអាមេរិក នឹងកំណត់ ថាតើសកម្មភាពបន្ថែមណា ទំនងជាស្ថិតក្នុងទម្រង់ នៃទណ្ឌកម្ម នឹងត្រូវធ្វើឡើង នៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលរបស់លោក ចូ បៃដិន បានបញ្ជាក់ នៅក្នុងអំឡុងការហៅទូរស័ព្ទ កាលពីល្ងាច ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ថា «យើងនឹងបន្តពិគ្រោះយោបល់ជាមួយសម្ពន្ធមិត្ត និងដៃគូរបស់យើង អំពីដំណោះស្រាយការទូត និងផលវិបាកដែលយើង នឹងដាក់លើប្រទេសរុស្ស៊ី ប្រសិនបើក្រុងមូស្គូឈ្លានពានអ៊ុយក្រែនបន្ថែមទៀត»៕ រក្សាសិទ្ធិដោយ ៖ សារាយSN






