Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្ដាលី ចោទប្រកាន់ចិន បា.ញ់ឡាស៊ែរដាក់លើយន្ដហោះ ឈ្លបយកការណ៍របស់ខ្លួន

រាជធានីកង់បេរ៉ា ៖ ស្របពេលស្ថានការណ៍តានតឹង កាន់តែខ្លាំងឡើង រវាងរុស្ស៊ី និង មហាអំណាចលោកខាងលិច ជុំវិញក្រុងមូស្គូបានបញ្ជូនកងទ័ព ជាង១៥០ ០០០នាក់ ទៅកៀកនឹងព្រំដែនរបស់ប្រទេសអ៊ុយក្រែន នោះ អូស្រ្ដាលី ក៏កំពុងតែចោទប្រកាន់ទៅលើចិន អំពីការបង្កសកម្មភាពឈ្លានពាន អាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ស្កុត ម័ររីសុន (Scott Morrison) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានចោទប្រកាន់ចិន អំពីការបាញ់ឡាស៊ែរ (Laser) ទៅលើយន្តហោះស៊ើបការណ៍សម្ងាត់មួយគ្រឿងរបស់ខ្លួន ដោយចាត់ទុកឧបទ្ទវហេតុនេះថា «នេះជាទង្វើ នៃការបំភិតបំភ័យ»។

លោក ម័ររីសុន នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ថា រដ្ឋាភិបាលរបស់លោក នៅមិនទាន់ទទួលបានការពន្យល់ណាមួយ ពីប្រទេសចិន ជុំវិញឧបទ្ទវហេតុ ដែលបានកើតឡើង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះនៅឡើយ។ អូស្ត្រាលី បានចាត់ទុកថា នេះជាសកម្មភាព «ប្រកបដោយគ្រោះថ្នាក់ និង ខ្វះការប្រុងប្រយ័ត្ន ហើយលោកនាយករដ្ឋមន្រ្ដី បានទាមទារឲ្យមានការស៊ើបអង្កេត ឲ្យបានល្អិតល្អន់ពីចិន»។

ក្រសួងការពារជាតិអូស្ត្រាលី បានបញ្ជាក់ថា ឡាស៊ែរនោះ មានប្រភព ចេញមកពីកងនាវារបស់កងទ័ពជើងទឹកចិន ហើយឡាស៊ែរនោះមានសក្តានុពលយ៉ាងខ្លាំង «អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន»។

លោក ផេធើរ ឌូតតុន (Peter Dutton) រដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី បានបញ្ជាក់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ថា «ខ្ញុំគិតថា រដ្ឋាភិបាលចិន សង្ឃឹមថា គ្មានអ្នកណាម្នាក់និយាយ អំពីការគំរាមកំហែងដ៏ខ្លាំងក្លាទាំងនេះទេ»។

ទោះជាយ៉ាងណា ក្រុងប៉េកាំង បានច្រានចោលនូវការចោទប្រកាន់នោះថា «វាជារឿងមិនពិត» ហើយចិនបានការពារនូវសកម្មភាពយោធា របស់កងទ័ពជើងទឹករបស់ខ្លួនថា ចិនបានធ្វើនាវាចរណ៍ តាមធម្មតា … ស្របតាមច្បាប់អន្តរជាតិ»។

អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានអះអាងថា យន្តហោះល្បាត ប្រភេទ P-8 របស់អូស្ត្រាលី បានហោះចូលមក នៅក្នុងចម្ងាយ៤គីឡូម៉ែត្រ ពីនាវារបស់ចិន ហើយបានចូលរួម នៅក្នុង «ការបង្កឧបទ្ទវហេតុដ៏អាក្រក់» ដែល «អាចនាំដល់ការគំរាមកំហែង»ដល់សុវត្ថិភាព។

ជាមួយគ្នានេះ លោក វ៉ាង វេនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែង នៅក្នុងសន្និសីទខ្លីមួយ កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ថា «យើងជំរុញឱ្យអូស្ត្រាលី គោរពសិទ្ធិស្របច្បាប់របស់នាវាចិន នៅក្នុងតំបន់សមុទ្រពាក់ព័ន្ធ ស្របតាមច្បាប់អន្តរជាតិ និងបញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងប្រទេសចិន»។

ចិនបានរងនូវការចោទប្រកាន់ កាលពីអំឡុងឆ្នាំ២០១៩ ថា បានកំណត់គោលដៅលើយន្តហោះរបស់អូស្ត្រាលី ដោយបានប្រើប្រាស់ឡាស៊ែរកម្រិតយោធា នៅសមុទ្រចិនខាងត្បូង។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទំនាក់ទំនង រវាង ក្រុងប៉េកាំង និង កង់បេរ៉ា (Canberra) បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ លើប្រភពដើម នៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ជាលើកដំបូង នៅក្នុងទីក្រុងវូហាន (Wuhan) ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន។

ដោយឡែក ប្រទេសចិនវិញ បានឆ្លើយតបភ្លាមៗ ដោយបានដំឡើងពន្ធលើទំនិញរបស់អូស្ត្រាលី មានតម្លៃរាប់ពាន់លានដុល្លារអូស្រ្ដាលី។ សកម្មភាពរបស់ក្រុងប៉េកាំង បានធ្វើឲ្យប្រទេសទាំងពីរ ស្ថិតក្នុងការប្រឈមមុខដាក់គ្នាខាងពាណិជ្ជកម្ម រហូតមក។

ជាមួយគ្នានេះ ក្រុងប៉េកាំង កាលពីឆ្នាំ២០២១ បានប្រតិកម្មជាមួយនឹងការខឹងសម្បាយ៉ាងខ្លាំង ស្របពេលក្រុងកង់បេរ៉ា បានចូលរួម នៅក្នុងកិច្ចព្រមព្រៀងការពារត្រីភាគីជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលនឹងអនុញ្ញាតឱ្យអូស្រ្ដាលី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់ប្រឆាំងនឹងកម្លាំងយោធាចិន កំពុងកើនឡើង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×