រដ្ឋធានីប៊ែរឡាំង ៖ បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី បានទទួលស្គាល់ អំពីឯករាជភាព នៅក្នុងតំបន់លូហាន់ស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) នៅភាគខាងកើត ប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយក្រុមឧទ្ទាម ដែលគាំទ្រដោយក្រុងមូស្គ បានតែ រយៈពេល១ថ្ងៃប៉ុណ្ណោះ អធិការបតីអាល្លឺម៉ង់ បានឆ្លើយតបវិញភ្លាមៗ ដោយបានសម្រេចបញ្ឈប់នូវដំណើរការបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី មានតម្លៃ ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន The Wall Street Journal បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក អូឡាហ្វ ស្កូលហ៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេចបញ្ឈប់ដំណើរការនូវបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី ដែលមានប្រវែង ជាង ១ ២០០គីឡូម៉ែត្រ មានតម្លៃ ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក តភ្ជាប់ពីតំបនភាគខាងលិចស៊ីបេរី ប្រទេសរុស្ស៊ី ឆ្លងកាត់សមុទ្របាល់ទិក មកកាន់ប្រទេសអាល្លឺម៉ង់។ វិធានការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក៏ជាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ចំពោះសកម្មភាពឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
លោក អូឡាហ្វ ស្កូលហ៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក បានចាត់វិធានការ ដើម្បីបញ្ឈប់ដំណើរការនូវបំពង់បង្ហូរឧស្ម័ន Nord Stream 2 មកពីប្រទេសរុស្ស៊ី ដោយសារតែវិបត្តិអ៊ុយក្រែន។

ថ្លែងទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកអធិការបតីអាល្លឺម៉ង់ បានថ្លែងថា លោកបានស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច «ដករបាយការណ៍ ស្តីពីសន្ដិសុខ នៃការផ្គត់ផ្គង់ ជាមួយនឹងទីភ្នាក់ងារបណ្តាញសហព័ន្ធន៍របស់យើង» ដោយហៅសកម្មភាពនេះថា «ជាជំហានដំបូង ដើម្បីធ្វើឱ្យប្រាកដថា បំពង់បង្ហូរឧស្ម័ននេះ មិនអាចអនុញ្ញាតឲ្យដំណើរការ នៅត្រង់ចំណុចនេះបានទេ»។
លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា «បើគ្មានអាជ្ញាប័ណ្ណ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ក៏មិនអាចដំណើរការបាននោះដែរ។ ជាមួយគ្នានេះដែរ យើងនឹងវាយតម្លៃឡើងវិញ ចំពោះស្ថានភាពកំពុងតែវិវឌ្ឍទៅមុខ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ចំណាត់ការនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការដាក់ទណ្ឌកម្មថ្មី នាពេលឥឡូវនេះ ដើម្បីការការពារនូវការកើនឡើង និង គ្រោះមហន្តរាយ»។
ការប្រកាសរបស់អធិការបតីអាល្លឺម៉ង់ បានកើតឡើង ក្រោយពេល លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានទទួលស្គាល់តំបន់បំបែកខ្លួន ចំនួន២ គាំទ្រដោយក្រុងមូស្គូ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ ជាមួយនឹងការប្រកាសទទួលស្គាល់នោះ លោក ពូទីន ក៏បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅគ្រប់គ្រង នៅក្នុងតំបន់ទាំង២នោះ ក្រោមលេស ជាកងកម្លាំងរក្សាសន្ដិភាព។

ចំណាត់ការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ អាចនឹងបោះជំហានដំបូង នៅក្នុងចំណោមវិធានការផ្សេងទៀត ដែលបានកើតចេញពីសហភាពអឺរ៉ុប និង បណ្ដាប្រទេស ជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង ក៏ជាការប្រឆាំងទៅនឹងសកម្មភាពយោធារបស់មូស្គូ លើកទ័ពចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
ចំណាត់ការរបស់ក្រុងប៊ែរឡាំង ក៏បានបង្ហាញពីការដាក់ទណ្ឌកម្មទៅលើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ប្រវែងជាង ១ ២០០គីឡូម៉ែត្រ មានតម្លៃ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក ឆ្លងកាត់សមុទ្របាល់ទិក (Baltic Sea) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលយក្ស Gazprom គ្រប់គ្រង់ដោយរដ្ឋរុស្ស៊ី។ បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ បានដំណើរការ តភ្ជាប់ពីតំបន់ភាគខាងលិចស៊ីបេរី ប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយវាអាចបង្កើនសមត្ថភាពទ្វេដង លើបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលបានដាក់ដំណើរការរួចហើយ។
គម្រោងបំពង់បង្ហូរឧស្ម័ននេះ បានប្រឈមមុខនឹងការតស៊ូ ពីសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដោយមានការផ្អែកលើហេតុផល អំពីការបង្កើននូវការពឹងផ្អែកថាមពលរបស់អឺរ៉ុប ទៅលើប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណា អាល្លឺម៉ង់ នៅតែរក្សាគម្រោងនេះយ៉ាងយូរ ហើយបានចាត់ទុកថា វាជាគម្រោងពាណិជ្ជកម្មតែមួយគត់ ព្រោះគម្រោង Nord Stream 2 នេះ ក៏មានផលវិបាក លើភូមិសាស្ត្រ ដោយសារការឆ្លងកាត់ប្រទេសអ៊ុយក្រែន ហើយវាអាចកាត់បន្ថយថ្លៃដឹកជញ្ជូន ប្រហែល២ពាន់លានដុល្លារ ដែលរុស្ស៊ី បានចំណាយ សម្រាប់ការបញ្ជូនឧស្ម័ន ឆ្លងកាត់ទឹកដីរបស់ខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN























