Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជាបច្ចុប្បន្ន មានប្រមាណ១០ម៉ឺននាក់ ហើយនៅក្នុងផ្នត់គំនិតប្រជាជនកម្ពុជា គ្មានការរើសអើងការស្រឡាញ់ភេទដូចគ្នាទេ

spot_img

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា , ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍ថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជាបច្ចុប្បន្ន មានប្រមាណ១០ម៉ឺននាក់ ហើយនៅក្នុងផ្នត់គំនិតប្រជាជនកម្ពុជា គ្មានការរើសអើងការស្រឡាញ់ភេទដូចគ្នាទេ។ ក្នុងសង្គមយើងមានអធ្យាស្រ័យល្អ ជាមួយអ្នកស្រឡាញ់ភេទដូចគ្នា។ ពួកគាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។

នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម Jean-Marc BERTHON ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនអំពីការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឱ្យសម្រេចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អាជ្ញាធរស្ថិតនៅក្រោមអំណាចផ្ទាល់របស់គណៈរដ្ឋមន្រ្តី ដែលត្រូវរាយការណ៍ផ្ទាល់ទៅនាយករដ្ឋមន្រ្តី។ នេះជាចំណុចពិសេសរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានអនុម័តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលត្រូវដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ។ ចំពោះគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៨៦-៩៩-៩៨ គឺបានលើសគោលដៅទី២និងទី៣។ ប៉ុន្តែយើងត្រូវការខិតខំធ្វើឱ្យសម្រេចគោលដៅទី១។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថ្លែងអំណរគុណកម្ពុជា ដែលមានការសណ្តោសប្រណីចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលយកអនុសាសន៍ របស់អង្គការសហប្រជាជាតិ អំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តម បានជម្រាបសួរបញ្ជាក់អំពីអាពាហ៍ពិពាហ៍ ការរើសអើង និងច្បាប់ការពារអ្នកប្តូរភេទ។ បារាំង ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ហើយបារាំងមានកិត្តិយសជាប្រទេសទី២ ដែលផ្តល់ជំនួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប នឹងមេរោគអេដស៍និងជំងឺអេដស៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសួរបន្ថែមថា តើអ្នកស្រឡាញ់ភេទដូចគ្នា ឆ្លងមេរោគអេដស៍ដោយរបៀបណា? តើការប្រយុទ្ធនឹងការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាមានលក្ខណៈបែបណានៅកម្ពុជា?

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងផ្នត់គំនិតប្រជាជនកម្ពុជា គ្មានការរើសអើងការស្រឡាញ់ភេទដូចគ្នាទេ។ ក្នុងសង្គមយើងមានអធ្យាស្រ័យល្អ ជាមួយអ្នកស្រឡាញ់ភេទដូចគ្នា។ ពួកគាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ ប៉ុន្តែ យើងមិនអាចចេញលិខិតអាពាហ៍ពិពាហ៍ ជូនពួកគាត់បានទេ ដោយសារក្នុងច្បាប់រដ្ឋប្បវេណីកម្ពុជា អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងរវាងបុរសនិងស្រ្តី។ ផ្ទុយមកវិញ យើងអាចជួយរៀបចំគាត់តាមរបៀបរស់នៅជាមួយគ្នាបាន តាមរយៈការរៀបចំកិច្ចសន្យាស៊ីវិល។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជាបច្ចុប្បន្នមានប្រមាណ១០ម៉ឺននាក់។

ចំពោះករណីឆ្លងថ្មី កាលពីឆ្នាំ២០១៩ មានអ្នកឆ្លងថ្មីចំនួន៧៨០ករណី។ ប៉ុន្តែ នៅក្នុងឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១ ៤០០ករណី។ ក្នុងនោះ ៦០០ករណីជាអ្នកស្រឡាញ់ភេទដូចគ្នាអាយុក្រោម៣០ឆ្នាំ ដែលមិនបានទទួលសារពីហានិភ័យនៃការរួមភេទ។ នេះជាកង្វល់ដែលយើងកំពុងសម្រួចទិសដៅទៅធ្វើការជាមួយយុវវ័យ។ នៅកម្ពុជា យើងបានធ្វើការឈានមុខក្នុងការគាំពារសង្គមដល់ប្រជាជនគន្លឹះ។ ក្នុងនោះ នារីបម្រើសេវាកម្សាន្តទទួលបានបណ្ណប.ស.ស. ដែលពេលមានជំងឺទៅព្យាបាលដោយមិនបង់ប្រាក់។ ទន្ទឹមនឹងនេះ អ្នកផ្ទុកមេរោគអេដស៍ក៏ត្រូវបានទទួលស្គាល់ថាជាប្រជាជនក្រីក្រ និងបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម និងប្រាក់ឧបត្ថម្ភផងដែរ។ ហើយចំណុចដែលខុសពីប្រទេសផ្សេងគឺ កម្ពុជាបានអនុញ្ញាតឱ្យមានតំណាងប្រជាជនគន្លឹះនៅគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឱ្យពួកគាត់លើកបញ្ហាមកជាមួយយើងដើម្បីដោះស្រាយ។ ចំពោះរឿងការរំលោភបំពាន ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាទេ យើងមិនមានឃើញទេ ហើយអាជ្ញាធរយើងជួយការពារថែមទៀត។ នៅក្នុងច្បាប់ស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ អ្នករើសអើងត្រូវជាប់ទោសព្រហ្មទណ្ឌ។

ជាការចូលរួមមតិ លោកស្រីលេខាទី១ស្ថានទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា មានវិស័យមួយចំនួនដែលកម្ពុជាធ្វើជាគំរូ។ ក្នុងនោះ ការព្យាបាលបង្ការដល់ប្រជាពលរដ្ឋងាយរងគ្រោះ គឺជាគំរូសម្រាប់ប្រទេសនានានៅលើពិភពលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាបំពេញការងារយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។ ទន្ទឹមនឹងនោះ កម្ពុជាត្រូវការពាររបាយការណ៍នៅហ្សឺណែវ នៅក្នុងកិច្ចប្រជុំនាខែឧសភាខាងមុខ ដែលនឹងធ្វើការបូកសរុបលទ្ធផលនៅពេលនោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×