Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របបសឹកមីយ៉ាន់ម៉ា ស្នើទៅតុលាការ ICJ ទម្លាក់ចោលការចោទប្រកាន់ អំពីបទប្រល័យពូជសាសន៍

ទីក្រុងឡាអេ៖ ក្រោយការបង្រ្កាប និង ស.ម្លាប់យ៉ាងរង្គាល នៅទៅលើជនជាតិភាគតិច ម៉ូស្លីម រ៉ូហ៊ីងយ៉ា នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីអំឡុងឆ្នាំ២០១៧ នោះមក ប្រទេសហ្គាមបៀ បានលើកយកសំណុំរឿងប្រល័យពូជសាសន៍នេះ ទៅកាន់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ មានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ប៉ុន្ដែកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តំណាង និង មេធាវី នៃរបបសឹក នៅក្នុងប្រទេសមីអាស៊ានមួយនេះ បានស្នើសុំដល់តុលាការ ICJ ទម្លាក់ចោលនូវការចោទប្រកាន់ទាំងនេះ។

សារព័ត៌មានភូមាអ៊ីរ៉ាវ៉ាដឌី (Irrawaddy) បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រឈមនឹងមុខតុលាការយុត្ដិធម៌អន្ដរជាតិ ហៅកាត់ ICJ នៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ជុំវិញសំណុំរឿងប្រល័យពូជសាសន៍ លើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅក្នុងការបង្រ្កាបដ៏ឃោរ.ឃៅ កាលពីអំឡុងឆ្នាំ២០១៧។

ហ្គាមបៀ (Gambia) ជាប្រទេសដ៏តូចមួយ នៅអាហ្វ្រិកខាងលិច ហើយក្នុងនាមជាតំណាង នៃអង្គការសហប្រតិបត្ដិការ អ៊ិស្លាម ហៅកាត់ OIC បានលើកយកសំណុំរឿងប្រល័យពូជសាសន៍នេះ ទៅកាន់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថា ជា «តុលាការយុត្ដិធម៌អន្ដរជាតិ ហៅកាត់ ICJ » មានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍។ ប្រទេសហ្គាមបៀ ដែលជាដើមបណ្ដឹង បានចោទប្រកាន់ពួកយោធាមីយ៉ាន់ម៉ា អំពីការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា ដោយរួមទាំង ការដុតបំផ្លាញភូមិឋាន ការរំ.លោភសេព.សន្ថវៈបូក និង ការធ្វើទារុណកម្មផ្សេងៗទៀត…ជាដើម។

អំពើឃោរ.ឃៅនេះ បានធ្វើឲ្យប្រទេសហ្គាមបៀ អូសប្រទេសមីយ៉ាន់ម៉ ឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ២០១៩។ ហ្គាមបៀ បានចោទប្រកាន់ប្រទេសកាន់សាសនាព្រះពុទ្ធដ៏ច្រើនលើសលប់មួយនេះ ពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា ក្រោមការបង្ក្រាបយ៉ាងឃោរ.ឃៅ ពីពួកយោធា កាលពីអំឡុង ឆ្នាំ២០១៧។

សំណុំរឿងនេះ បានបើកកកាយឡើង នាអំឡុងខែធ្នូ ឆ្នាំ២០១៩ ខណៈលោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ដែលកាលនោះ មានតួនាទី ជាប្រធានក្រុមប្រឹក្សារដ្ឋ ក៏បានធ្វើជាតំណាងដោយផ្ទាល់ នៃប្រទេសមីយ៉ាន់ម៉ា នៅចំពោះមុខតុលាការពិភពលោក ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡាអេ ។ នៅពេលនោះ ម្ចាស់ពានរង្វាន់សន្ដិភាពរួបនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីក្រុមអង្គការសិទ្ធិមនុស្ស ដោយសារលោកស្រី មានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងប្រល័យពូជសាសន៍នេះ។

លោកស្រី អ៊ោង សាន់ស៊ូជី ក៏ត្រូវបានពួកយោធាមីយ៉ាន់ម៉ា បណ្ដេញចេញពីអំណាច នៅក្នុងអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្ន លោកស្រី កំពុងតែស្ថិតក្នុងការឃុំខ្លួន នៅក្នុងផ្ទះ ហើយ ត្រូវបានពួកឧត្ដមសេនីយ៍យោធា ចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌ ជាច្រើនករណី។ បើតាមបទល្មើស ដែលតុលាការរបបសឹកមីយ៉ាន់ម៉ា ប្រឌិតឡើងនោះ គឺលោកស្រីអាចប្រឈមមុខនឹងការជាប់គុក រហូតដល់ទៅជាង១៥០ឆ្នាំ។

ដោយឡែក សហភាពអឺរ៉ុប បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «សហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញអំពើហិង្សា កំពុងតែងតែកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយការវិវត្តន៍ឆ្ពោះទៅរកជម្លោះ អូសបន្លាយជាមួយនឹងផលប៉ះពាល់ នៅក្នុងតំបន់។ ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នោះមក ស្ថានការណ៍ នៅក្នុងប្រទេសអាស៊ានមួយនេះ កាន់តែយ៉ាប់យ៉ឺនឡើង»។
ដោយឡែក លោក U Ko Ko Hlaing ប្រធានគណៈប្រតិភូ របបសឹកមីយ៉ាន់ម៉ា ក៏បានបង្ហាញខ្លួន នៅចំពោះមុខតុលាការពិភពលោក ដើម្បីការពារមីយ៉ាន់ម៉ា ប្រឆាំងនឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ នៅក្នុងសវនាការ នៃតុលាការ ICJ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ តំណាងរបបយោធារូបនេះ បានប្រាប់ដល់ចៅក្រម នៅក្នុងបន្ទប់សវនាការតុលាការ នៃវិមានសន្ដិភាព នៅទីក្រុងឡាអេ ថា «មីយ៉ាន់ម៉ា នឹងមិនរារាំងដល់ដំណើរការ តាមនីតិវិធីរបស់តុលាការនោះឡើយ។ ប៉ុន្ដែមីយ៉ាន់ម៉ា ចង់ឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះ។

លោក Christopher Staker មេធាវីការពារក្ដីរបស់ប្រទេសមីយ៉ាន់ម៉ា បានអះអាងថា ICJ មិនមានយុត្តាធិការទេ ព្រោះវាមិនមែនជាករណី ដែលនាំដោយរដ្ឋពីរ ដូចដែលតម្រូវ តាមលក្ខន្តិកៈរបស់ ICJ។

តុលាការយុត្ដិធម៌អន្ដរជាតិ ហៅកាត់ ICJ បានចេញដីកាបណ្តោះអាសន្ន កាលពីខែមករា ឆ្នាំ ២០២០ បញ្ជាឲ្យប្រទេសមីយ៉ាន់ម៉ា ត្រូវតែចាត់វិធានការគ្រប់យ៉ាង ដើម្បីទប់ស្កាត់ អំពើប្រល័យពូជសាសន៍ លើជនជាតិភាគតិច មូស្លីម រ៉ូហ៊ីងយ៉ា។

ករណី ជនជាតិរ៉ូហ៊ីងយ៉ា នៅតុលាការ ICJ មានភាពស្មុគស្មាញ ដោយសារតែអំពើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ោង សានស៊ូជី និង រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ហើយបានបង្កឱ្យមានការតវ៉ាជាទ្រង់ទ្រាយធំ និងការបង្ក្រាបយ៉ាងប.ង្ហូរឈា.ម ពីពួកយោធា។

បើតាមក្រុមឃ្លាំមើល ក្នុងស្រុក បានឲ្យដឹងថា ជនស៊ីវិល ជាង១ ៥០០នាក់ត្រូវបានស.ម្លាប់ នៅក្នុងការបង្រ្កាបនោះ។ ដោយឡែក ក្រុមបាតុករ ជាង១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំឃាំង។

ដោយឡែក ការបង្ក្រាបយ៉ាងឃោ.រឃៅ ពីសំណាក់ពួកយោធាមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧ នោះ បានជំរុញឲ្យជនជាតិភាគតិច មូស្លីម រ៉ូហ៊ីងយ៉ា ប្រហែល ៨៥០ ០០០នាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសអាស៊ានមួយនេះ ទៅរស់នៅក្នុងជំរំប្រមូលផ្ដុំដ៏ធំបំផុតមួយរបស់ពិភពលោក ស្ថិតក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង។ ចំណែកជនជាតិរ៉ូហ៊ីងយ៉ា ជាង ៦០០ ០០០នាក់ផ្សេងទៀត កំពុងតែបន្ដរស់នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នាភាគនិរតី ប្រទេសមីយ៉ាន់ម៉ា ក្រោមការធ្វើទុក្ខបុកម្នេញ និង រឹតបន្ដឹងសិទ្ធិសេរីភាពរបស់ពួកគេ ពីពួកយោធាមីយ៉ាន់ម៉ា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×