រដ្ឋធានីមូស្គូ ៖ ក្រោយពេល ប្រធានាធិបតីរុស្ស៊ី បានប្រកាសទទួលស្គាល់ ពីឯករាជភាព នៅក្នុងតំបន់លូហាន់ស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) គ្រប់គ្រង ដោយក្រុមបំបែកខ្លួន និងបញ្ជូនកងទ័ព ចូលទៅកាន់តំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នាំឲ្យមានវិបត្ដិកាន់តែធ្ងន់ធ្ងរ និង មានការថ្កោលទោសពីអន្ដរជាតិកាន់តែច្រើន ទើបធ្វើឲ្យតម្លៃប្រេងឆៅរបស់រុស្ស៊ី កាន់តែចុះថោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រេងឆៅជ្រកក្រោមទង់រុស្ស៊ី បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅក្នុងឆ្នាំនេះ បើធៀបនឹងតម្លៃប្រេងដទៃទៀត។ ករណីនេះ ជាប់ពាក់ព័ន្ធទៅនឹងវិបត្ដិ នៅក្នុងប្រទេសអ៊ុយក្រែន។
បើតាមទិន្នន័យ ចងក្រងដោយ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Trafigura Group និង ក្រុមហ៊ុនដៃគូពាណិជ្ជកម្មរបស់ Lukoil PJSC ជាក្រុមហ៊ុននាំចេញដ៏ធំបំផុតរបស់រុស្ស៊ី បានបញ្ចុះតម្លៃប្រេងឆៅ រហូតដល់៦,៣០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយបារ៉ែល (ឬ១ធុង) ក្រោមតម្លៃស្តង់ដារ Brent Benchmark ដែលបានចុះកាលបរិច្ចេទ នៅក្នុងតំបន់។ នេះជាការបញ្ចុះតម្លៃដ៏ច្រើនបំផុត នៅក្នុងរយៈពេល១១ឆ្នាំមកនេះ។ ចំណែកក្រុមហ៊ុន Surgutneftgas PJSC ពីមុនបានលក់ប្រេងឆៅដូចគ្នា សម្រាប់ការចែកចាយទៅកាន់តំបន់អឺរ៉ុប ដោយបញ្ចុះតម្លៃ៦ដុល្លារ ក្នុងមួយបារ៉ែល។

ការបញ្ចុះតម្លៃប្រេងឆៅដ៏ច្រើនបែបនេះ ជាឧទាហរណ៍ចុងក្រោយបង្អស់ នៃតម្លៃប្រេង ព្រោះវាទាក់ទងគ្នាយ៉ាងខ្លាំងទៅនឹងប្រេងរបស់រុស្ស៊ី ដែលបានបញ្ជូនទៅកាន់តំបន់អឺរ៉ុប នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះ ពាណិជ្ជករកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យដឹងថា តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងចាត់វិធានការអ្វីខ្លះ នៅក្នុងការបង្អាក់លំហូរ នៃការនាំចេញប្រេងរបស់រុស្ស៊ី ចូលទៅកាន់ទឹកដីរបស់ពួកគេ៕រក្សាសិទ្ធិដោយ ៖ សារាយSN







