Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំកម្ពុជានិងម៉ាឡេស៊ី បានឯកភាពគ្នាបន្ត ធ្វើការងារយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា

ភ្នំពេញ ៖ លទ្ធផលជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ។

នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនិងបានផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមក្នុងស្មារតីមិត្តភាពយូរអង្វែងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវក្តីរីករាយដែលប្រទេសទាំងពីរអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដ៏មានប្រសិទ្ធភាព។ ប្រទេសទាំងពីរបានកោតសរសើរគ្នា ទៅវិញទៅមកអំពីការប្ដេជ្ញាជំនះ បានលើជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ នឹងត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញបានឆាប់រហ័សលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយម៉ាឡេស៊ីទទួលបាន ៣,៥% និងកម្ពុជាទទួលបាន៣% នឹងត្រូវព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៅទៀតសម្រាប់ឆ្នាំ ២០២២។
រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ក្រុមហ៊ុន និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរសធម៌ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរាគក្បាលជំងឺកូវីដ-១៩នៅកម្ពុជា។ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្តែងនូវការអរគុណ ចំពោះជំនួយសប្បុរសធម៌ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសំដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល៦ទសវត្សរ៍កន្លះចុងក្រោយនេះ។ ប្រជាជាតិទាំងពីរ នឹងបង្កើនទំនាក់ទំនងគ្រប់កម្រិតព្រមទាំងពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជនឲ្យកាន់តែជិតស្និទ្ធ ដើម្បីឲ្យមានការយោគយល់គ្នា និងមិត្តភាពកាន់តែស៊ីជម្រៅបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានា នៅប្រទេសម៉ាឡេស៊ីផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានប្ដេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការងារសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍ នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ដោយប្រទេសទាំងពីមានកិច្ចព្រមព្រៀង ស្ដីអំពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធ លើប្រាក់ចំណូលរវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។

ប្រទេស ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកិច្ចសហការផ្នែកធុរកិច្ច លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការពង្រឹងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី និងរំលឹកឡើងវិញ អំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីលើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្ដាក់ទុនរកស៊ីរបស់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។ ម៉ាឡេស៊ីនឹងបន្តផ្ដល់ឱកាសដល់មន្ត្រីរាជការកម្ពុជា ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងកសាងសមត្ថភាពតាមរយៈ កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី(MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការ ការពារជាតិម៉ាឡេស៊ី(MDCP)។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់អំពីការគាំទ្រពេញលេញ ដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ: អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចិរភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈដោយត្រង់ទៅត្រង់មក លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ក្នុងចំណោមប្រទេសមហាអំណាច។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារសំខាន់ចាំបាច់ ក្នុងការធានានូវការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទទាំង៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ាន ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ម៉ាឡេស៊ីបានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការងាររបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូង របស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC) នឹងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ(COC) នៅសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងខ្លឹមសារស្របជាមួយ នឹងច្បាប់អន្តរជាតិ រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ តាមពេលវេលា ដែលមានការឯកភាពគ្នា។

ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងអាស៊ាន និងបណ្ដាប្រទេសដៃគូក្រៅតំបន់ ក្នុងក្របខ័ណ្ឌនៃទស្សនទានអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកឡើង អំពីបញ្ហាជនបាត់បង់ ទីលំនៅជនភៀសខ្លួន មកពីរដ្ឋរ៉ាក់ខាញ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មី នូវសារៈសំខាន់នៃការដោះស្រាយ មូលហេតុជាឫសគល់ នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ ដោយស្ម័គ្រចិត្តមានសុវត្ថិភាព និងភាពថ្លៃថ្នូរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ហើយសម្ដេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទទួលយកនូវការអញ្ជើញ ទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី ដោយក្តីរីករាយ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×