រដ្ឋធានីមូស្គូ ៖ ក្រោយពេល រុស្ស៊ី បានសម្រេចចិត្ត ចូលឈ្លានពាន ទៅលើតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះមក ធ្វើឲ្យវិបត្ដិ នៅតំបន់អឺរ៉ុបខាងកើត កាន់តែធ្លាក់ធ្ងន់ធ្ងរទៅ ទើបសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តអឺរ៉ុប បានឆ្លើយតបភ្លាមៗ ដោយការដាក់ទណ្ឌកម្មជាកញ្ចប់ទៅលើប្រទេសរុស្ស៊ី រួមទាំងធនាគារនានា និង ប្រជាពលរដ្ឋ រហូតធ្វើឲ្យក្រុមអ្នកជំនាញ គិតថា ក្រុងមូស្គូ អាចនឹងចាប់ផ្ដើមសង្គ្រាមទ្រង់ទ្រាយធំ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសន្យា ចំពោះការវាយប្រហាររបស់អ៊ុយក្រែន ថា យើងនឹងការពារខ្លួនរបស់យើង ហើយក៏យើងនឹងមិនឱនក្បាលរណបរុស្ស៊ីនោះដែរ។ សកម្មភាពរបស់រុស្ស៊ី អាចនឹងចាប់ផ្ដើមសង្គ្រាមទ្រង់ទ្រាយធំ នៅលើទ្វីបអឺរ៉ុប។ អ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងស្ថានភាពគ្រាអាសន្ន កាលពីពាក់កណ្ដាលអធ្រាត្រ (វេលាក្នុងតំបន់)។
វិបត្ដិអ៊ុយក្រែន កាន់តែធ្លាក់ដុនដាបចុះជាលំដាប់ ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចុះហត្ថលេខាលើក្រឹត្យមួយ ទទួលស្គាល់ អំពីឯករាជភាព នៅក្នុងតំបន់លូហាន់ស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) គ្រប់គ្រងដោយក្រុមបំបែករដ្ឋ នៅភាគខាងកើតអ៊ុយក្រែន។ បន្ថែមពីលើនេះទៀត លោក ពូទីន បានបញ្ជូនកងទ័ពរុស្ស៊ី ទៅគ្រប់គ្រងតំបន់នោះ ក្រោមលេស រក្សាសន្ដិភាព។

វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាងថា សកម្មភាពរបស់ក្រុងមូស្គូ បានធ្វើឡើង តាមការស្នើពីតំបន់ផ្ដាច់ខ្លួនចំនួន២ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ក្រុមចលនាតស៊ូ បានស្នើសុំជំនួយពីប្រទេសរុស្ស៊ី ដើម្បីទប់ទល់នឹងអ្វីដែលពួកគេហៅថា ជាការឈ្លានពានរបស់កងកម្លាំងអ៊ុយក្រែន។
លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាអធិការ អង្គការសហប្រជាជាតិ បានច្រានចោលនូវផែនការរបស់រុស្ស៊ី ដើម្បីបញ្ជូនកងទ័ព ទៅកាន់តំបន់បំបែកខ្លួន នាភាគខាងកើត ប្រទេសអ៊ុយក្រែន ព្រោះគ្រប់សកម្មភាពកងទ័ពរុស្ស៊ី មិនមែនសុទ្ធតែជាកម្លាំងរក្សាសន្ដិភាពនោះឡើយ។ សកម្មភាពរបស់រុស្ស៊ី បានបង្ខំឲ្យលោកខាងលិច ដាក់ទណ្ឌកម្មជាកញ្ចប់ ប្រឆាំងនឹងក្រុងមូស្គូ ដោយរួមទាំងវិធានការនានាជាច្រើនទៀត ដែលមានគោលបំណង ធ្វើឲ្យប្រទេសរុស្ស៊ី ខ្សត់ខ្សោយហិរញ្ញវត្ថុ។
ក្រុមអ្នកវិភាគ បានលើកឡើងថា សំណើដែលបានរាយការណ៍ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី អំពីករណីឈ្លានពានរបស់កងទ័ពក្រុងគៀវ នោះ អាចគ្រាន់តែជាលេស សម្រាប់ការលុកលុយទ្រង់ទ្រាយធំមួយ ចូលទៅកាន់កាប់ប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា ឥឡូវនេះ រុស្ស៊ី កំពុងតែរៀបចំកម្លាំងយោធា សម្រាប់បើកការវាយប្រហារចូលឈ្លានពានទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន។
ស្របគ្នានេះ ចក្រភពអង់គ្លេស ក៏បានប្រកាសថា អង់គ្លេស នឹងផ្ដល់នូវការគាំទ្រយោធាទ្រង់ទ្រាយធំដល់ប្រទេសអ៊ុយក្រែន នៅក្នុងការទម្រង់អាវុធការពារ និង ជាជំនួយមិនរីងស្ងួត។ ជាមួយគ្នានេះដែរ បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានសម្រេចដាក់ទណ្ឌកម្មជាកញ្ចប់ទៅលើធនាគារជាច្រើនរបស់រុស្ស៊ី និង សមាជិកសភារបស់ប្រទេសនេះ ដោយសារវិបត្ដិកំពុងតែកើនឡើង៕ រក្សាសិទ្ធិដោយ ៖ សារាយSN







