Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែនផ្ទុះសង្រ្គាម ធ្វើឲ្យមហាសេដ្ឋីម្ចាស់ក្លឹបបាល់ទាត់ Chelsea លែងបានរស់នៅអង់គ្លេស

ទីក្រុងឡុងដ៍ ៖ ស្របពេល ក្រុងមូស្គូ បានបើកប្រតិបត្ដិការយោធា ទ្រង់ទ្រាយធំ វាយចូលលុកលុយឈ្លានពាន ទៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក បណ្ដាប្រទេសមហាអំណាចបស្ចិមលោក បានសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយរួមទាំង ធនាគារធំៗ ឥស្សរជន ពលរដ្ឋ និង អ្នកពាក់ព័ន្ធ នៅក្នុងសកម្មភាពយោធារបស់ប្រធានាធិបតីរុស្ស៊ី។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក រ៉ូម៉ាន់ អាប្រាម៉ូវិច (Roman Abramovich) មហាសេដ្ឋីរុស្ស៊ី ជាម្ចាស់ក្លឹបបាល់ទាត់ Chelsea ត្រូវបានហាមឃាត់ សម្រាប់ការរស់នៅ លើទឹកដីចក្រភពអង់គ្លេស។ បម្រាមនេះ បានកើតឡើង ក្រោយពេលសមាជិកសភាអង់គ្លេស បានដាក់ឈ្មោះគាត់ ចូលទៅក្នុងចំណោមមហាសេដ្ឋី៣៥រូប ដែលជាមនុស្សដ៏សំខាន់បំផុត នៃរដ្ឋបាលរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។

សហរដ្ឋអាមរិក និង សម្ពន្ធមិត្ដអង្គការណាតូ បានសម្រេចដាក់ទណ្ឌកម្មជាកញ្ចប់ ប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំង ធនាគារធំៗ ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធនឹងសកម្មភាពយោធារបស់ក្រុងមូស្គូ។ កញ្ចប់ទណ្ឌកម្មរបស់មហាអំណាចបស្ចិមលោក (ឬលោកខាងលិច) បានកើតឡើង ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចទទួលស្គាល់ ពីឯករាជភាព នៅក្នុងតំបន់លូហាន់ស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) គ្រប់គ្រងដោយពួកឧទ្ទាមបំបែករដ្ឋ គាំទ្រដោយក្រុងមូស្គ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាពិសេស សកម្មភាពវាយលុក ចូលឈ្លានពាន ទៅលើប្រទេសធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត មួយនេះ។

មន្រ្ដីអង់គ្លេស បានណែនាំដល់លោក Roman Abramovich មហាសេដ្ឋីរុស្ស៊ី ម្ចាស់ក្លឹប Chelsea អំពីការមិនអាចរស់នៅមូលដ្ឋានរបស់គាត់ នៅក្នុងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះ ខានឃើញ រស់នៅក្នុងគេហដ្ឋានរបស់គាត់ នាភាគនិរតី នៃក្លឹបបាត់ទាត់ Premier League របស់គាត់ គឺកីឡដ្ឋាន Stamford Bridge អស់រយៈពេលជាច្រើនខែកន្លងមកហើយ។

មន្រ្ដីមអន្តោប្រវេសន៍ចក្រភពអង់គ្លេស បានរាយការណ៍ថា បើតាមការណែនាំពីរដ្ឋាភិបាល គឺលោក Abramovich ជាម្ចាស់វិមានតម្លៃ ១២៥លានផោន ឬស្មើនឹង ១៦៩,៩៣លានដុល្លារសហរដ្ឋអាមេរិក នៅជិតវិមាន Kensington និង ជាម្ចាស់ក្លឹប Chelsea នឹងមិនអាចរស់នៅលើទឹកដីអង់គ្លេស ជាថ្មី។ បម្រាមនេះ បានកើតឡើង ក្រោយពេលសមាជិកសភាអង់គ្លេស កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ បានដាក់ឈ្មោះ លោក Abramovich ស្ថិតក្នុងចំណោមកំពូលអ្នកមានរុស្ស៊ី ចំនួន៣៥នាក់ ពាក់ព័ន្ធនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ បច្ចុប្បន្ន មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្ដិ ៨,៤ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹងជាង ១១,៤១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសារព័ត៌មានអង់គ្លេស The Sun បានចេញផ្សាយថា បច្ចុប្បន្ននេះ បើតាមប្រភពព័ត៌មាន ពីមន្រ្ដីជាន់ខ្ពស់សន្ដិសុខអង់គ្លេស បានអះអាងថា មហាសេដ្ឋីរុស្ស៊ី វ័យ៥៥ឆ្នាំរូបនេះ នឹងមិនត្រូវអនុញ្ញាតឲ្យរស់នៅលើទឹកដីចក្រភពអង់គ្លេស ជាថ្មីទៀតឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×