រដ្ឋធានីគៀវ ៖ ក្រោយពេលរុស្ស៊ីបានបើកឆាកសង្គ្រាម បាញ់ផ្លោងមីស៊ីល ស្រោចដូចទឹកភ្លៀង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត រងរបួស និង រត់ចោលលំនៅឋាន យ៉ាងតិច ១០០ ០០០នាក់។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់ប្រជាជាតិអ៊ុយក្រែន និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូ កនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា «សត្រូវបានចាត់ទុកខ្ញុំ ជាគោលដៅទីមួយ… ហើយគ្រួសាររបស់ខ្ញុំ ជាគោលដៅទី ២។ ពួកគេចង់កម្ទេចប្រព័ន្ធនយោបាយរបស់ប្រទេសអ៊ុយក្រែន ដោយការកម្ទេចប្រមុខរដ្ឋជាមុន។ ទោះជាយ៉ាងណា ខ្ញុំនឹងនៅតែបន្ដស្នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសយើង។ ចំណែក គ្រួសាររបស់ខ្ញុំ ក៏បន្ដស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនដែរ»។

ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំនោះភ្លាម ទាហានរបស់រុស្ស៊ី បានចាប់ផ្ដើមវាយប្រហារ ពីទិសខាងជើង ខាងកើត និងខាងត្បូង ចេញពីប្រទេសរបស់ខ្លួន និង បេឡារុស បាញ់ផ្លោងមីស៊ីល ដូចទឹកភ្លៀង សំដៅទៅលើទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ ។ ការវា.យប្រ.ហាររបស់កងទ័ពរុស្ស៊ី ក៏មានការគាំទ្រ ទាំងផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ដោយមានគោលដៅកម្ទេចមូលដ្ឋានកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអ៊ុយក្រែន។
អាជ្ញាធរអ៊ុយក្រែន បានចេញរបាយការណ៍ថា នៅក្នុងសង្គ្រាមវា.យប្រ.ហារមកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះ បានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ចំនួន ១៣៧នាក់ និង ៣១៦នាក់ រងរបួស។ ដោយឡែក ពលរដ្ឋអ៊ុយក្រែន យ៉ាងតិច ១០០ ០០០នាក់បាត់ចោលផ្ទះសម្បែង ខណៈអ្នកខ្លះកំពុងតែសម្ងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី៕រក្សាសិទ្ធិដោយ ៖ សារាយSN








